សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៤៣,៥០ ប៊ីលានរៀល និង ចំណូលសរុបចំនួន ៧០៩,៧០ ប៊ីលានរៀល កើនឡើងចំនួន ៧៥,៥២ ប៊ីលានរៀល ស្មើនឹង ១១,៩១% ធៀបទៅនឹងចំណូលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២១។ គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៣,០៣ ទ្រីលានរៀល ដែលកើនឡើងចំនួន ១,០៣ទ្រីលានរៀល ស្មើនឹង ៣,២២% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៤,៩៩ ទ្រីលានរៀល កើនឡើងចំនួន ១០៩,០៣ ប៊ីលានរៀល ស្មើនឹង ២,២៣% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២១។ សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖ ចំណេញធៀបនឹងមូលធនមធ្យម(*): ២,៩១% ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៤៤% ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៧២% ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,១៣% ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៧១,០២% ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៨,១៨% ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៣២% អនុបាតសាធនភាព: ២១,២១% អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៤៦,៤៧% (*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ . ចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនសរុបមធ្យមរបស់ភាគហ៊ុនិករបស់ធនាគារ (**) ឥណទានមិនដំណើរការ = ឥណទាននៅដំណាក់កាលទី៣ ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៨៤ នាក់ |