ក្រុមហ៊ុនម៉ាឡេស៊ីគ្រោងចុះបញ្ជីលក់មូលបត្រ​ នៅផ្សារមូលបត្រកម្ពុជា

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ភ្នំពេញប៉ិស្ត៍

Link:

បានបង្ហោះនៅថ្ងៃទី 22-Feb-2018

ភ្នំពេញៈ តំណាង​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) បាន​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​សំណើ​ត្រួត​ពិនិត្យ​ពី​លទ្ធភាព​បោះផ្សាយ​លក់​ភាគហ៊ុន​ (LER) របស់​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្នែក​ថាមពល Pestech Cambodia រួចហើយ និង​បញ្ជាក់​ថា កំពុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​ឯកសារ​ផ្សេងៗ​ហើយ​គ្រោង​ផ្តល់​ការឆ្លើយតប​វិញ​ក្នុង​ពេល​ឆាប់ៗ​។

ការ​ដាក់​សំណើ​ទៅ​ឲ្យ CSX របស់​ក្រុមហ៊ុន Pestech Cambodia ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Pestech International មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​នេះ បាន​ធ្វើឡើង​ដំណាល​គ្នា​ទៅ​នឹង​សំណើ​ដែល​ក្រុមហ៊ុន​បាន​ដាក់​ទៅ​ឲ្យ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​ទាក់ទង​នឹង​សំណើសុំ​ការ​អនុញ្ញាត​ដើម្បី​ធ្វើ​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Pestech International ដែល​ផ្សាយ​នៅ​ផ្សារ​ភាគ​ហ៊ុន​ម៉ាឡេស៊ី​។

លោក ល្មុន សូឡី នាយក​ផ្នែក​ប្រតិបត្តិការ​ទីផ្សារ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មន្ត្រី CSX នឹង​ត្រួត​ពិនិត្យ​ឯកសារ​ដែល​បាន​ភ្ជាប់​មក​ទាក់ទង​នឹង​សំណើ​សុំ​ត្រួត​ពិនិត្យ​លទ្ធភាព​បោះផ្សាយ​លក់​ភាគហ៊ុន (LER) នេះ ដែល​លោក​បញ្ជាក់ថា CSX នឹង​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​រយៈពេល​មិន​លើសពី​មួយ​ខែ​នោះ​ទេ គិត​ចាប់ពី​ពេល​ដែល​បាន​ទទួល​ឯកសារ​គ្រប់គ្រាន់ និង​សំណើ​ពេញ​លេញ​។

យោង​តាម​លោក សូឡី ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Pestech Cambodia ដែល​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​គឺជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ និង​គោរព​តាម​ច្បាប់​ត្រឹម​ត្រូវ​ព្រម​ទាំង​បាន​បោះផ្សាយ​លក់​មូល​បត្រ​រួច​ហើយ​នៅ​ផ្សារ​ភាគហ៊ុន​ម៉ាឡេស៊ី​។

លោក​បញ្ជាក់​ថា​កត្តា​នេះ​គឺជា​ជំនួយ​ដល់​ក្រុមហ៊ុន​អាច​បោះផ្សាយ​លក់​ភាគហ៊ុន​បាន​ដូច​ដែល​បាន​គ្រោង​ទុក​គឺ​នៅក្នុង​អំឡុង​ឆមាស​ទី​ ២ ឆ្នាំ ២០១៨​។

លោក​ថ្លែង​ថា​៖ «​វា​ជាស​ញ្ញា​ល្អ ដែល​បង្ហាញថា​ក្រុមហ៊ុន​ធំ​មាន​ទំនុក​ចិត្ត​មក​លើ​ផ្សារ​យើង​»​។

លោក​បន្ត​ថា​៖«​នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​បោះផ្សាយ​លក់​ភាគ​ហ៊ុន វា​បាន​បង្កើត​ផលិតផល​ច្រើន​ជាង​មុន​ដល់​វិនិយោគិន​ក្នុង​ការ​ជួញ​ដូរ ដែល​យើង​រំពឹង​ថា នឹង​ជួយ​ឲ្យ​ទីផ្សារ​កាន់​តែ​មាន​សកម្ម​ភាព​ខ្លាំង​ក្លា​ឡើង​»​។

លោក សូឡី មាន​សុទិដ្ឋិ​និយម​ថា សកម្មភាព​ជួញ​ដូរ​នៅ CSX នឹង​មាន​សកម្មភាព​ច្រើន​ជាង​ឆ្នាំ​មុន ទោះបីជា​នឹង​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ក៏ដោយ ក៏​លោក​ពន្យល់​ថា Pestech នឹង​ចុះ​បញ្ជី​នៅ​ទីផ្សារ​គោល​ត្រឹម​ត្រីមាស​ទី ​២​ ឆ្នាំ​ ២០១៨​។

លោក​បន្ត​ថា SME មួយ​ចំនួន​នឹង​ចុះ​បញ្ជី​នៅ​ទីផ្សារ​កំណើន ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​នឹង​ចេញលក់​មូល​ប​ត្រ​បំណុល​ក្រុមហ៊ុន​។

ក្រុមហ៊ុន Pestech Cambodia បាន​បញ្ចប់​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​លើក​ដំបូង​របស់ខ្លួន ​កាលពី​ខែ​មិថុនា ​ឆ្នាំ ​២០១៣​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​បន្ត​ការងារ​លើ​កិច្ច​ព្រម​ព្រៀង​តម្លៃ​ ៩២ ​លាន​ដុល្លារ ក្នុង​ការ​អភិវឌ្ឍ​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី ២៣០ គីឡូវ៉ុល​រវាង​ខេត្ត​ក្រចេះ​និង​ខេត្ត​កំពង់ចាម ព្រមទាំង​កិច្ច​ព្រម​ព្រៀង​តម្លៃ​ ១០០ លាន​ដុល្លារ​ក្នុងការ​សាងសង់​ខ្សែ​បញ្ជូន​ថាមពល ​២៣០ ​គីឡូវ៉ុល​ដែល​ត​ភ្ជាប់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ​របស់​ខេត្ត កោះកុង មក​ទីក្រុង​ភ្នំពេញ​ផងដែរ​។

កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន​នេះ​បាន​ប្រកាស​នៅក្នុង​ឯកសារ​ផ្សារ​ហ៊ុន​ម៉ាឡេស៊ី​ថា ខ្លួន​បានទទួល​គម្រោង​តម្លៃ​ ២៦ ​លាន​ដុល្លារ លើ​គម្រោង​អគ្គិសនី​ថ្មី​ចំនួន​ ៣​ នៅ​កម្ពុជា រួមមាន​ស្ថានីយ​ចែកចាយ​បន្ត​ថ្មី​មួយ​នៅ​ទីក្រុង​ភ្នំពេញ ព្រមទាំង​ស្ថានីយ​ចែកចាយ​បន្ត​ថ្មី​ពីរ​ទៀត និង​ខ្សែ​បញ្ជូន​អគ្គិសនី ១១៥​ គីឡូវ៉ុល​ពី​សៀមរាប​ទៅ ខេត្ត​ឧត្តរ​មានជ័យ​ផងដែរ​។

តំណាង​ក្រុមហ៊ុន Pestech Cambodia បាន​ស្នើ​សុំ​មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​លម្អិត​ណាមួយ​ស្ដីពី​ផែនការ​នេះ​ទេ​ កាលពី​ថ្ងៃ​ម្សិលមិញ​។ ប៉ុន្តែ យោង​តាម​ឯកសា​ដែល​បានដាក់​ទៅ​ផ្សារ​ហ៊ុន​ម៉ាឡេស៊ី ការបោះ​ផ្សាយ​មូល​បត្រ​សាធារណៈ​លើកដំបូង ​(IPO) ​របស់ Pestech នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹងមាន​រហូត​ដល់​ ៣៩​ លាន​ភាគហ៊ុន​។

ផ្អែកលើ​តម្លៃ IPO ដែល​បានបង្ហាញ​ ០,៧០​ ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន អាច​ឲ្យ​ក្រុមហ៊ុន រកប្រាក់​បាន ​២០,៣ ​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ ​កម្ពុជា​៕