ទីតាំងចំណតកំពង់ផែភ្នំពេញ ចាប់ពីគល់ស្ពានជ្រោយចង្វារដល់មុខផ្សាររាត្រី ត្រូវបានជួលឲ្យក្រុមហ៊ុនឯកជន តម្លៃជាង១៦លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Fresh News

Link:

បានបង្ហោះនៅថ្ងៃទី 24-Jul-2018

ភ្នំពេញ)៖ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងចូលរួមអភិវឌ្ឍទីក្រុងតាមដងទន្លេ, កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពី ការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង១៦លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន​ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដែលមានកំណត់ក្នុង អនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ដីពី ការធ្វើអនុបយោគទីតាំងដីបណ្ដោយទន្លេសាប ពីស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី។

កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate»នេះ រួមមាន៖

* អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម, 
* មជ្ឈមណ្ឌលសិល្បៈ
* ទីធ្លាសម្ដែងវប្បធម៌សិល្បៈ
* ទីធ្លាសនបាញ់ទឹក
* របាំទឹក និងផ្សារអណ្ដែតទឹក
* សួនកំពង់ផែ
* ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ
* មជ្ឈមណ្ឌលទេសចរណ៍
* រាជធានីភ្នំពេញដ៏ឆ្លាតវៃ
* ការិយាល័យបច្ចេកវិទ្យា 
* អគារស្នាក់នៅរួមបែបវប្បធម៌ 
* អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ 
* សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាល បែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា កិច្ចសន្យាជួលនេះ មានរយៈពេល៥០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០៦៨។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដង ចំនួន១៦,៥០០,០០០ (ដប់ប្រាំមួយលាន ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់រយៈពេល៥០ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន១០%។

កំពង់ផែស្វយ័តភ្នំពេញ បានសង្កត់ធ្ងន់ថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្ដរជាតិ៕

សម្រាប់ព័ត៌មានលម្អិតសូមអាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖

ចូលទៅអត្ថបទដើម Fresh News