“សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នឹងត្រូវបានបោះផ្សាយជាសាធារណៈ ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: HKL

Link:

បានបង្ហោះនៅថ្ងៃទី 24-Aug-2018

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានទទួលលិខិតអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា រួចហើយសម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមប្រសាសន៍របស់ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត។ 

លោក ឧកញ៉ា ហួត អៀងតុង បានលើកឡើងថា៖ “ខ្ញុំពិតជាមានមោទភាពណាស់ដែលធនាគារជាតិ នៃកម្ពុជាបានចេញលិខិតមិនជំទាស់ចំពោះការបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត នាពេលនេះ។ យើងនឹងក្លាយជាក្រុមហ៊ុនទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបោះផ្សាយមូលបត្របំណុល។”

“សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នឹងត្រូវបោះផ្សាយដោយហត្ថាកសិករ លីមីតធីត និងត្រូវធ្វើសំណើលក់ ក្នុងចំនួនប្រាក់ដើមសរុប ៨០ ពាន់លានរៀល ជាមួយនឹងលទ្ធភាពដែលអាចលក់បន្ថែមរហូតដល់ ៤០ ពាន់លានរៀល ក្នុងករណីមានតម្រូវការលើសពីវិនិយោគិនគោលដៅ ។ សញ្ញាប័ណ្ណសាជីវកម្មមានរយៈពេល បីឆ្នាំ និងអត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណគឺពី ៧,៥០% ទៅ ៨,៥០%។ ដោយមានជំនួយ និងបទពិសោធន៍ពីទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រ SBI ROYAL SECURITIES ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន សង្ឃឹមយ៉ាងមុតមាំថា ការបោះផ្សាយសញ្ញាប័ណ្ណនេះ នឹងទទួលបានជោគជ័យ ដើម្បីបង្កើតស្តង់ដារសម្រាប់ការបោះផ្សាយមូលបត្របំណុល និងផ្សារមូលបត្របំណុលនៅព្រះរាជាណាចក្រកម្ពុជា។

លោក ឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមទៀតថា៖ “ហត្ថាកសិករ លីមីតធីត មានបំណងប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន        រួមទាំងជាទុនបង្វិល និងសម្រាប់គោលបំណងទូទៅផ្សេងទៀតរបស់ក្រុមហ៊ុន។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលនេះ ក៏នឹងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

បន្ទាប់ពីទទួលលិខិតមិនជំទាស់ពី ធនាគារជាតិនៃកម្ពុជា ហត្ថាកសិករ លីមីតធីត បានដាក់ជូនទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន នៅ គណៈកម្មការមូលបត្រកម្ពុជា ដើម្បីទទួលបានការអនុញ្ញាត និងយល់ព្រមលើការ បោះផ្សាយនិងចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់ ហត្ថាកសិករ លីមីតធីត ក្នុងក្របខ័ណ្ឌ AMBIF (ASEAN+3 MULTI-CURRENCY BOND ISSUANCE FRAMEWORK) និងបានដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីសម្រាប់ មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជាផងដែរ ។ 

គម្រោងពេលរំពឹងទុកនៃការធ្វើបរិវិសកម្មសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត គឺចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ដោយរង់ចាំការអនុញ្ញាតលើការបោះផ្សាយពី គណៈកម្មការមូលបត្រកម្ពុជា។ ចូលទៅកាន់អត្ថបទដើម hkl.com.kh