នាថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំសិក្ខាសាលាពិសេសសម្រាប់សាស្ត្រាចារ្យស្តីពី “ទីផ្សារមូលបត្រកម្ពុជា” នៅអគារផ.ម.ក. ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក HA Jong Weon អគ្គនាយករងនៃផ.ម.ក.។ សិក្ខាសាលានេះ ត្រូវបានចូលរូមដោយសាស្ត្រាចារ្យចំនួន៤៤រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងក្នុងវិស័យមូលបត្រនិងបញ្ជ្រាបការយល់ដឹងនេះដល់គ្រឹះស្ថានអប់រំនានា ជាពិសេសតាមសាកលវិទ្យាល័យ។
សិក្ខាសាលានេះត្រូវបានរៀបចំរយៈពេលមួយថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនចំនួនបីរូប រួមមាន លោកហោ ស៊ីម៉េត អគ្គនាយករងនៃក្រុមហ៊ុនមូលបត្រអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី លោក ទៀង ស៊ីវណ្ណសក្តិ សមាការីហិរញ្ញវត្ថុសាជីវកម្ម (Associate in Corporate Finance) នៃក្រុមហ៊ុនមូលបត្រយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី និងលោក ទ្រី តៃហ៊ី មន្ត្រីគ្រប់គ្រងនៃផ.ម.ក. ផងដែរ។ វាគ្មិនទាំងបីរូបបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាព័ត៌មាននានាទៅលើយន្តការទាំងអស់របស់ផ្សារមូលបត្រ ដែលរួមមានដំណើរការបោះផ្សាយ និងចុះបញ្ជីនៅទីផ្សារដំបូង ការជួញដូរនៅទីផ្សារបន្ទាប់ ការស្វែងយល់ពីព័ត៌មានទីផ្សារ ព័ត៌មានក្រុមហ៊ុនចុះបញ្ជី ព្រមទាំងការវិភាគផ្សេងៗ ដែលជាជំនួយក្នុងការវិនិយោគ។
ថ្លែងក្នុងពិធីនេះផងដែរ លោកអគ្គនាយករងនៃផ.ម.ក. បានមានប្រសាសន៍ថា ផ្សារមូលបត្រកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញក្រុមហ៊ុនបោះផ្សាយមូលបត្រ និងអ្នកវិនិយោគដែលមានសក្តានុពល ក្នុងគោលបំណងអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឱ្យកាន់តែមានសកម្មភាពជួញដូរកាន់តែច្រើន។ លោកក៏បានបន្ថែមទៀតថា កម្មវិធីនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ការយល់ដឹងពីវិស័យមូលបត្រទៅដល់សាស្រ្តាចារ្យទាំងអស់ ដែលមានវត្តមាននៅទីនេះ និងសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹងទាក់ទងនឹងវិស័យថ្មីមួយនេះ នឹងត្រូវបានផ្សព្វផ្សាយបន្ដទៅដល់សាធារណជន និងជាពិសេសនិស្សិតតាមសាកលវិទ្យាល័យនានាផងដែរ។
ក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យជាច្រើនរូប មានចំណាប់អារម្មណ៍ចង់សាកល្បងក្នុងការជួញដូរក្នុងទីផ្សារមូលបត្រ និងបានធ្វើការបើកគណនីជួញដូរមូលបត្រភ្លាមៗ។ សិក្ខាសាលានេះត្រូវបានចូលរួមយ៉ាងសកម្មពីសំណាក់សាស្ត្រាចារ្យ ដែលជាសិក្ខាកាម និងបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។ មុនកម្មវិធីនេះត្រូវបានបញ្ចប់ លោកអគ្គនាយករងក៏បានចែកវិញ្ញាបនបត្រទៅដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួមផងដែរ៕