មុនពេលធ្វើការវិនិយោគ ឬទិញលក់ភាគហ៊ុន វិនិយោគិនគប្បីពិចារណាទៅលើកត្តាសំខាន់មួយ គឺការចំណាយទៅលើប្រតិបត្តិការជួញដូរ។ ជាការពិតណាស់ វិនិយោគិនទាំងអស់នឹងត្រូវចំណាយទៅលើកម្រៃជើងសារ ទៅឱ្យក្រុមហ៊ុនមូលបត្រ (Broker)របស់ខ្លួន នៅពេលបញ្ជាត្រូវបានផ្គូផ្គងជោគជ័យ ដែលជាទូទៅកម្រៃជើងសារប្រែប្រួលពីប្រមាណ០,៥% ទៅ០,៧% តាមក្រុមហ៊ុនមូលបត្រនីមួយៗ។
យ៉ាងណាមិញ ផ្សារមូលបត្រកម្ពុជា កំពុងរៀបចំ “កម្មវិធីប្រកួតជួញដូរភាគហ៊ុន”ជាលើកទីបី ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្នុងអំឡុងពេលប្រកួត អ្នកចុះឈ្មោះចូលរួមជោគជ័យទាំងអស់នឹងអាចធ្វើការជួញដូរជាមួយនឹងកម្រៃជើងសារក្នុងអត្រាទាបជាងធម្មតា (ត្រឹមតែ ០,២៥ភាគរយ) និងមិនមានកម្រៃជើងសារអប្បបរមានោះទេ។ កម្មវិធីគឺជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនទាំងឡាយ ដែលមានបំណងធ្វើការជួញដូរភាគហ៊ុននៅក្នុងកំឡុងពេលនេះ ដោយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាពិសេសទៅលើកម្រៃជើងសារសម្រាប់រាល់ប្រតិបត្តិការទិញលក់។ កាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសក្លាយជាជ័យលាភី ដែលនឹងទទួលបានរង្វាន់ ៨លានរៀល, ៥លានរៀល, និង ៣លានរៀល សម្រាប់ជ័យលាភី ៣នាក់ដំបូង និង៥០ម៉ឺនរៀលក្នុងមួយរូប សម្រាប់ជ័យលាភី៥រូបបន្ទាប់។
ដើម្បីអាចទទួលបានកម្រៃជើងសារពិសេសនេះបាន វិនិយោគិនគ្រាន់តែចុះឈ្មោះចូលរួមកម្មវិធីនេះមុនថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ តាមរយៈ៖ https://goo.gl/forms/koZxDbYzvCOJ9AFb2 និងតម្រូវឱ្យមានទុនដើមគ្រាយ៉ាងតិច ៤០ម៉ឺនរៀល (អាចជាសាច់ប្រាក់ ឬតម្លៃភាគហ៊ុនជាក់ស្តែង) នៅមុនថ្ងៃទី ៣០ ខែតុលា ដែលជាថ្ងៃចាប់ផ្តើមកម្មវិធី។
ជាក់ស្តែង វិនិយោគិន ដែលមានបំណងជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ភាគហ៊ុនិកធនាគារអេស៊ីលីដា) លោកអ្នកអាចធ្វើការចុះឈ្មោះចូលរួមកម្មវិធីនេះ ដើម្បីទទួលបានកម្រៃជើងសារពិសេសនេះ។ សូមបញ្ជាក់ថា ក្រុមហ៊ុនអេ អេស អេ ភីអិលស៊ី គ្រោងនឹងធ្វើការចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការប្រកួតប្រជែងនេះ លោកអ្នកអាចចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារមូលបត្រកម្ពុជា កម្មវិធីទូរសព្ទផ្សារហ៊ុន (PhsarHun) ឬអាចទំំនាក់ទំនងទៅកាន់ក្រុមហ៊ុនមូលបត្ររបស់លោកអ្នកផ្ទាល់ ឬក្រុមការងារផ្សារមូលបត្រកម្ពុជា៕