ចំនួនវិនិយោគិនក្នុងទីផ្សារ​មូលបត្របានកើនឡើងទ្វេរដងនៅឆមាសទី២នៃឆ្នាំ២០១៨

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 11-Dec-2018

ចំនួនវិនិយោគិនក្នុងទីផ្សារមូលបត្របានកើនឡើងគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០១៨នេះ ហើយចំនួននេះបានកើនឡើងដល់ទៅទ្វេរដង បើធៀបនឹងចំនួនក្នុងឆមាសទីមួយឆ្នាំ២០១៨ និងកើនដល់ជាង២ម៉ឺននាក់ត្រឹមចុងខែវិច្ឆិកា។ កត្តាចំបង ដែលធ្វើឱ្យមានការកើនឡើងនេះ គឺដោយសារតែវិនិយោគិនបានចាប់ផ្តើមមានសុទិដ្ឋិនិយមមកកាន់ទីផ្សារ ដោយសង្កេតឃើញអំពីការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១៨នេះ។ បន្ទាប់ពីបានដំណើរការ និងអភិវឌ្ឍទីផ្សារអស់រយៈពេលជាង៦ឆ្នាំមក ទីផ្សារមូលបត្រកម្ពុជាបានមកដល់សម័យកាលថ្មីមួយទៀត ជាមួយនឹងការរីកចំរើនជាលំដាប់ ហើយទីផ្សារនឹងកាន់តែទទួលការចាប់អារម្មណ៏ ដោយសារតែនឹងមានផលិតផលថ្មីៗជាច្រើន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ថកាន់តែពេញលេញ។ ជាមួយនឹងផលិត​ផលថ្មីៗនៅលើទីផ្សារ វិនិយោគិននឹងកាន់តែមានជម្រើសក្នុងការវិនិយោគ និងងាយស្រួលធ្វើពិពិធកម្មនៃកញ្ចប់វិនិយោគ។  

កត្តាមួយចំនួនបានបញ្ចាក់ពីភាពវិជ្ជមាននៃទីផ្សារ និងជំរុញឲ្យមានកំណើន៖

  1. កត្តាម៉ាក្រូសេដ្ឋកិច្ច៖  ស្របពេលជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងរយៈពេលជាង ២ទស្សវត្សកន្លងទៅ និងការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% នាប៉ុន្មានឆ្នាំខាងមុខទៀត វិនិយោគិននឹងបន្តវិនិយោគបន្ថែមលើគ្រប់វិស័យ។ ការវិនិយោគលើសេដ្ឋកិច្ចតាមរយៈទីផ្សារភាគហ៊ុន គឺជាជម្រើសដ៏ល្អមួយសម្រាប់វិនិយោគិន ក្នុងការធ្វើពិពិធកម្មវិនិយោគ។
  2. ការរីកចំរើននៃអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី៖ វិនិយោគិនកាន់តែច្រើនក៏បានចាប់អារម្មណ៍មកលើការ វិនិយោគក្នុងទីផ្សារភាគហ៊ុន ដោយក្រុមហ៊ុនចុះបញ្ជីភាគច្រើនទទួលបានប្រាក់ចំណេញខ្ពស់ និងបែងចែកភាគលាភក្នុង​​បរិមាណច្រើនក្នុងទិន្នផលភាគលាភជាមធ្យម៤%-៥% សម្រាប់ឆ្នាំ២០១៧។
  3. ការបញ្ជ្រៀបចំណេះដឹង និងព័ត៌មានជួញដូរដល់វិនិយោគិន​ និងសាធារណជន៖ ផ្សារមូលបត្រកម្ពុជាបានយកចិត្តទុកដាក់បង្កើនការបញ្ជ្រៀបចំណេះដឹងលើវិស័យមូលបត្រតាមរយៈ៖ សិក្ខាសាលាប្រចាំខែ វេទិកាក្រុមហ៊ុនចុះបញ្ជី សិក្ខាសាលាសម្រាប់សាស្ត្រាចារ្យ សិក្ខាសាលាសម្រាប់អ្នកកាសែត  ព្រមទាំងសិក្ខាសាលានៅក្រៅប្រទេសជាដើម។  ក្រៅពីនេះ ក៏នៅមាននូវគេហទំព័រ និងកម្មវិធីទូរសព្ទផ្សារហ៊ុន ដើម្បីឱ្យសាធារណជន និងវិនិយោគិនមានភាពងាយស្រួលក្នុងការស្វែងយល់ និងទទួលបាននូវព័ត៌មានថ្មីៗអំពីទីផ្សារ។

កំណើននៃចំនួនវិនិយោគិននេះបានជំរុញការជួញដូរនៅលើទីផ្សារកាន់តែមានភាពសកម្ម មានសន្ទនីយភាព និងកាន់តែមានភាពទាក់ទាញផងដែរ។ ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនភាគច្រើនកំពុងតែមានការកើនឡើងគួរអោយកត់សំគាល់។ ការកើនឡើងនៃចំនួនក្រុមហ៊ុនបញ្ជី និងចំនួនវិនិយោគិន នឹងផ្តល់ភាពវិជ្ជមានអោយគ្នាទៅវិញទៅមក ដែលនាំឱ្យទីផ្សារកាន់តែរីកចម្រើន ។

ជាមួយភាពវិជ្ជមានទាំងនេះ ផ្សារមូលបត្រកម្ពុជានឹងព្យាយាមបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ទីផ្សារអោយកាន់តែមានសន្ទុះរីកចំរើនទៅមុខបន្តទៀត ៕