សន្ទស្សន៍ថ្លៃទីផ្សារកើនឡើងខ្លាំងខណៈពេលខិតជិតដំណាច់ឆ្នាំ

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក

Link:

បានបង្ហោះនៅថ្ងៃទី 14-Dec-2018

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) សន្ទស្សន៍ថ្លៃរបស់ ផ.ម.ក. បានកើនឡើងដល់ ៤១៦,៣០ពិន្ទុ នៅពេលបិទការជួញដូរក្នុងថ្ងៃនេះ  ដោយមានការកើនឡើង ២២,៣៦% បើប្រៀបធៀបនឹងកាលពីដើមឆ្នាំ២០១៨នេះ។

នៅក្នុងកំឡុងពេល ៨ខែដំបូង តួលេខដែលបង្ហាញពីបម្រែបម្រួលថ្លៃភាគហ៊ុនទាំងអស់ដែលចុះបញ្ជីនៅ ផ.ម.ក. ឬហៅថាសន្ទស្សន៍ ផ.ម.ក. ប្រែប្រួលតែនៅក្រោមកម្រិត ៣៥០ពិន្ទុប៉ុណ្ណោះ ដោយគិតជាមធ្យមគឺប្រមាណ ៣៣៤ ពិន្ទុ។ បើមើលតាមក្រាបខាងក្រោម សន្ទស្សន៍ ផ.ម.ក. ចាប់ផ្តើមមានទំនោរកើនឡើងនៅចុងត្រីមាសទី៣ ហើយបន្តកើនឡើងរហូតដល់ថ្ងៃនេះ ដែលជាថ្លៃខ្ពស់ជាងគេសម្រាប់ឆ្នាំ២០១៨។ ចំនុចដែលគួរឲ្យកត់សម្គាល់នៅថ្ងៃនេះផងដែរ គឺសន្ទស្សន៍ថ្លៃបានហក់ឡើងខ្ពស់បំផុតដល់ ៤២១,៤២ ពិន្ទុ មុននឹងធ្លាក់ចុះមក៤១៦,៣០ពិន្ទុ នៅពេលបិទផ្សារ។

ទំនោរកើនឡើងខ្លាំងនៃសន្ទស្សន៍ដែលចាប់ផ្តើមពីចុងត្រីមាសទី៣នេះ អាចបណ្តាលមកពីមូលហេតុចម្បងបីដូចខាងក្រោម៖

១. ការកើនឡើងនៃចំនួនគណនីជួញដូរ៖ ចំនួនគណនីជួញដូរសរុបបានកើនឡើងទ្វេដង ពីប្រមាណ ៩.៨៩១ នាក់ទៅជាង ២០.០០០ នាក់ កំឡុងពេលពីខែកក្កដាដល់​ខែ​វិច្ឆិកា។ វត្តមានវិនិយោគិនថ្មីប្រាកដណាស់​​បង្កើតឲ្យមាន​តម្រូវការទិញភាគហ៊ុន ជាពិសេសភាគហ៊ុនដែលមានទិន្នផលខ្ពស់ និងប្រាក់ចំណេញច្រើនគួរឲ្យទាក់ទាញ ក៏ព្រោះតែវិនិយោគិនថ្មីត្រូវការទិញចូលភាគហ៊ុនបន្ទាប់ពីបើកគណនីជួញដូរ។

២. លទ្ធផលល្អនៃអាជីវកម្ម​របស់​ក្រុមហ៊ុនចុះបញ្ជី៖  ​ក្រុមហ៊ុន​ចុះបញ្ជី​ភាគច្រើនបាន​បង្ហាញ​លទ្ធផល​​ប្រាក់ចំណេញ​ និង​ទិន្នផលភាគលាភ​ខ្ពស់គួរឲ្យទាក់​ទាញ ជាពិសេស​ភាគហ៊ុន​របស់​កំពង់ផែទាំងពីរ គឺ​កំពង់ផែ​ស្វ័យតក្រុងព្រះស៊ីហនុ (PAS) និង​កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែល​រួមចំណែកចម្បង​ក្នុងការ​ធ្វើឲ្យសន្ទស្សន៍កើនឡើងខ្លាំងក្នុងកំឡុងពេលចុងក្រោយ​នេះ។ ជាក់ស្តែង នៅខែកក្កដាកន្លងទៅនេះ​ ភាគហ៊ុន​ PAS បានប្រកាស​ផ្តល់ភាគលាភសម្រាប់ឆ្នាំ២០១៧ រហូតដល់ ៧,៩០% ដែលជា​អត្រាមួយខ្ពស់ បើធៀបនឹងទិន្នផល​ភាគលាភជាមធ្យមរបស់ផ្សារទាំងមូលដែល​ស្ថិតនៅ​​ចន្លោះពី ៤% - ៥%។ ជាមួយគ្នានេះផងដែរ ភាគហ៊ុន PPAP ក៏បានបង្ហាញពីការកើនឡើងនៃប្រាក់ចំណេញនៅត្រីមាសទី៣ឆ្នាំ២០១៨​​ រហូតដល់ ៥៩,៩៨% បើធៀបនឹង​រយៈពេលដូច​គ្នា​នៃឆ្នាំមុន។ ការប្រកាស​ពីលទ្ធផលល្អនៃ​អាជីវកម្ម​ទាំងនេះ អាចជាហេតុផល​ទាក់ទាញ​វិនិយោគិន​ឲ្យទិញ​ភាគហ៊ុនរបស់​ពួកគេ​ចូល​ និង​ធ្វើ​ឲ្យ​ថ្លៃ​កើនឡើង​។

៣. ការធ្វើទំនាក់ទំនង​​ និង​ផ្តល់ព័ត៌មាន​ដល់​វិនិយោគិន៖ ផ.ម.ក សហការ​ជាមួយនឹងស្ថាប័នពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក​តាមរយៈ​ការធ្វើសិក្ខាសាលា​និង​ជួបជជែកពិភាក្សាផ្ទាល់​ជាមួយវិនិយោគិន​ទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរយោបល់​និង​ផ្តល់​ព៍ត៌មាន​ពីសក្តានុពលនៃទីផ្សារដែលកំពុងរីកចម្រើន​មួយនេះ។

ជារួម សញ្ញាណដ៏ល្អទាំងអស់នេះអាចជាចំនុចចាប់ផ្តើមនៃសករាជថ្មីមួយនៃទីផ្សារ ដែលនឹងអាចបន្តទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនថែមទៀតពីសំណាក់សាធារណជនក្នុងការចូលមកវិនិយោគលើភាគហ៊ុនដែលចុះបញ្ជីនៅផ.ម.ក.។