នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំសិក្ខាសាលាសម្រាប់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក្រោមប្រធានបទ “ការពង្រីកសក្ដានុពលអាជីវកម្មតាមរយៈទីផ្សារមូលបត្រ” នៅអគារផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឈុន សម្បត្តិ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក HA Jong Weon អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីវិស័យមូលបត្រទៅដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាស្របទៅនឹងគោលដៅក្នុងការទាក់ទាញស្ថាប័នហិរញ្ញវត្ថុឱ្យមានសកម្មភាពនៅលើវិស័យមូលបត្រ សិក្ខាសាលានេះបានផ្ដោតលម្អិតទៅលើបច្ចុប្បន្នភាពនៃប្រភេទអាជីវកម្មផ្សេងៗ ដែលគ្រឹះស្ថានហិរញ្ញវត្ថុអាចមានក្នុងវិស័យមូលបត្រដោយបានណែនាំអំពីលក្ខខណ្ឌនិងនីតិវិធីនៃការបោះផ្សាយភាគហ៊ុននិងសញ្ញាបណ្ណ អមទៅដោយកិច្ចពិភាក្សាស្ដីពីប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងវិស័យមូលបត្រផងដែរ។
សិក្ខាសាលានេះត្រូវបានរៀបចំរយៈពេលមួយព្រឹកពេញ ដោយមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សាដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីតំណាងរបស់ភាគីពាក់ព័ន្ធនៅក្នុងទីផ្សារមូលបត្រជាច្រើនរូប រួមមានគណៈកម្មការមូលបត្រកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីត ក្រុមហ៊ុនអេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ព្រមទាំងធនាគារកាណាឌីយ៉ា ក.អ.ដែលជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។ វាគ្មិននីមួយៗបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាព័ត៌មាននានាទៅលើយន្តការរបស់ទីផ្សារមូលបត្រ ដែលរួមមានដូចជាអាជីវកម្មនៃតួអង្គផ្សេងៗក្នុងវិស័យមូលបត្រ ដំណើរការបោះផ្សាយ និងចុះបញ្ជីនៅទីផ្សារដំបូង ក៏ដូចជាការពិភាក្សាទៅលើការបង្កើនសក្ដានុពលអាជីវកម្មតាមរយៈការចុះបញ្ជីលក់មូលបត្រក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ។
សិក្ខាសាលានេះបានបញ្ចប់ប្រកបទៅដោយផ្លែផ្កា និងភាពស្និទ្ធស្នាលដោយមានការចូលរួមពីសំណាក់អ្នកតំណាងមកពីស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុប្រមាណចំនួន៥០រូប។ អ្នកចូលរួមទាំងអស់បានសម្ដែងនូវចំណាប់អារម្មណ៍ជាខ្លាំងមកលើទីផ្សារមូលបត្រ ទាំងផ្នែកអាជីវកម្ម និងការបង្កើនដើមទុនតាមរយៈការបោះផ្សាយ។ បន្ទាប់ពីសិក្ខាសាលានេះ ផ្សារមូលបត្រកម្ពុជា រំពឹងថាស្ថាប័នទាំងនេះនឹងមានវត្តមាននៅក្នុងវិស័យមូលបត្រកម្ពុជានាពេលអនាគតខាងមុខនេះ៕