នៅពេលដែលវិនិយោគិនម្នាក់ទិញភាគហ៊ុនពីក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនណាមួយ គាត់នឹងទទួលបានភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែកនៅក្នុងក្រុមហ៊ុននោះ។ គាត់មានសិទ្ធិក្នុងការបោះឆ្នោតលើគោលនយោបាយនៃក្រុមហ៊ុននោះ ឬចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុនជាដើម។
មិនមានពន្ធកាត់ទុកសម្រាប់ វិនិយោគិនជនជាតិខ្មែរ ឬជនបរទេសដែលជានិវាសនជន ចំណែកឯជនបរទេសដែលជាអនិវាសនជនត្រូវកាត់បន្ថយអត្រាពន្ធកាត់ទុកចំនួន 50%។
ការវិនិយោគលើភាគហ៊ុនជារឿយៗផ្ដល់ឲ្យវិនិយោគិននូវចំណូលខ្ពស់បើប្រៀបទៅនឹងការវិនិយោគលើវិស័យផ្សេងៗទៀត។
រាល់ភាគហ៊ុននីមួយៗ ផ្ដល់ឲ្យវិនិយោគិននូវប្រាក់ចំណូលជាទម្រង់ភាគលាភដែលត្រូវផ្ដល់ដោយក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនមួយ។
ការវិនិយោគលើភាគហ៊ុន គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់វិនិយោគិនក្នុងបែងចែកការវិនិយោគរបស់គាត់។
ភាគហ៊ុនអាចត្រូវបានជួញដូរក្នុងបរិមាណតូចហើយដែលមានតម្លៃសមរម្យសម្រាប់វិនិយោគិនគ្រប់រូប។ វិនិយោគិនក៏អាចលក់ភាគហ៊ុនរបស់ពួកគេនៅក្នុងទីផ្សារមូលបត្រ ហើយទទួលបានប្រាក់វិញយ៉ាងឆាប់រហ័ស។