សំណួរចម្លើយ

ការវិនិយោគលើភាគហ៊ុនត្រូវបានអនុញ្ញាតិចំពោះសាធារណជនគ្រប់គ្នាទាំងរូបវន្តបុគ្គល និង និតិបុគ្គលដែលជាក្រុមហ៊ុនឬស្ថាប័ននានា ដោយអ្នកវិនិយោគលើភាគហ៊ុនយើងហៅថាវិនិយោគិន។

ជាដំបូងយើងត្រូវធ្វើការជ្រើសរើសក្រុមហ៊ុនមូលបត្រ (Broker) ណាមួយក្នុងចំណោមសមាជិកទាំងអស់របស់ផ្សារមូលបត្រកម្ពុជា។ បន្ទាប់មក ក្រុមហ៊ុនមូលបត្រនោះនឹងជួយស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) រួចហើយបើកគណនីជួញដូរមូលបត្រ(Trading Account)មួយឱ្យយើង។  បន្ទាប់ពីយើងមានគណនីជួញដូរ និងដាក់ប្រាក់ក្នុងគណនីជួញដូរហើយ  វិនិយោគិនត្រូវរងចាំដល់ថ្ងៃស្អែក(ថ្ងៃធ្វើការ)​ ទើបអាចធ្វើការជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាបាន។

ចំណាំ៖ វិនិយោគិនម្នាក់ទទួលបានលេខអត្តសញ្ញាណវិនិយោគិនតែមួយប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធិបើកគណនីជួញដូរនៅគ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់។

  1. វិនិយោគិនដាក់បញ្ជាទិញ ឬលក់ភាគហ៊ុនទៅកាន់ក្រុមហ៊ុនមូលបត្រ
  2. ក្រុមហ៊ុនមូលបត្រនឹងបញ្ជូនបញ្ជានោះបន្តមកកាន់ផ្សារមូលបត្រកម្ពុជា
  3. ផ្សារមូលបត្រកម្ពុជាផ្គូរផ្គងបញ្ជានោះជាមួយនឹងបញ្ជារបស់វិនិយោគិនផ្សេងទៀត
  4. ផ្សារមូលបត្រកម្ពុជានឹងផ្ដល់លទ្ធផលនៃការជួញដូរទៅក្រុមហ៊ុនមូលបត្រ
  5. ហើយក្រុមហ៊ុនមូលបត្រនឹងផ្ដល់ដំណឹងបន្តទៅកាន់វិនិយោគិនវិញ។

វិនិយោគិនអាចបង្គាប់ទៅក្រុមហ៊ុនមូលបត្រឲ្យដាក់បញ្ជា ដោយប្រើប្រាស់មធ្យោបាយទំនាក់ទំនងណាមួយខាងក្រោម៖

  • ១.ឯកសារជាលាយលក្ខណ៍អក្សរ
  • ២.ពាក្យសំដី
  • ៣.សារអេឡិចត្រូនិក
  • ៤.មធ្យោបាយអេឡិចត្រូនិចដទៃទៀត

វិនិយោគិនបង្គាប់ឲ្យក្រុមហ៊ុនមូលបត្ររបស់ខ្លួនដាក់បញ្ជាមកកាន់ ផ.ម.ក. ដោយបញ្ជាក់ប្រាប់យ៉ាងហោចនូវព័ត៌មានសំខាន់ៗដូចខាងក្រោម៖

  • ១. ឈ្មោះមូលបត្រ
  • ២.បរិមាណ
  • ៣.ថ្លៃ
  • ៤.ប្រភេទនៃបញ្ជាទិញ ឬបញ្ជាលក់។

ការជួញដូរភាគហ៊ុននៅកម្ពុជាត្រូវគារពតាមលក្ខខណ្ឌដូចខាងក្រោម៖

  1. ត្រូវមានទុនស្មើនឹងតម្លៃភាគហ៊ុនដែលវិនិយោគិនចង់ទិញរួមជាមួយនិងកំរៃជើងសារ។
  2. ថ្លៃភាគហ៊ុនប្រចាំថ្ងៃត្រូវប្រែប្រួលក្នុងចន្លោះ10%នៃថ្លៃបិទផ្សារកាលពីថ្ងៃជួញដូរចុងក្រោយ
  3. ការជួញដូរត្រូវប្រើប្រាស់រូបិយប័ណ្ណរៀល
  4. ការជួញដូរត្រូវបានអនុញ្ញាតិដូចគ្នាចំពោះជនបរទេស
  5. ការជួញដូរអាចត្រូវបានធ្វើបន្តទៀតទោះបីជាមិនទាន់មានការទូទាត់សាច់ប្រាក់ក៏ដោយ
  6. ធ្វើការជួញដូរពីម៉ោង8:00ព្រឹកដល់ម៉ោង11:30ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃបុណ្យជាតិ
  1. បញ្ជាលក់ដែលមានថ្លៃទាបជាង  (បញ្ជាទិញដែលមានថ្លៃខ្ពស់ជាង) មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង  (បញ្ជាទិញដែលមានថ្លៃទាបជាង)។
  2. ក្នុងករណីដែលបញ្ជាមានថ្លៃស្មើគ្នា នោះអាទិភាពបានទៅលើបញ្ជាដែលទទួលបានមុន។

•ជាវិធីសាស្ត្រកំណត់តម្លៃភាគហ៊ុនមួយ ដោយផ្អែកលើកត្តាមូលដ្ឋានជាច្រើនដែលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន នាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។

•ការវិភាគផ្អែកលើកត្តាមូលដ្ឋាន គឺឆ្លើយនឹងសំនួរដូចខាងក្រោម៖ 

  • –តើប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងឬទេ? 
  • –តើការ​ប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនមានប្រសិទ្ធភាពដែរឬទេ?
  • –តើក្រុមហ៊ុនមានជំហររឹងមាំឬទេក្នុងការយកឈ្នះគូប្រកួតប្រជែងរបស់ខ្លួននាពេលអនាគត?
  • –តើក្រុមហ៊ុនមានលទ្ធភាពសងបំណុលឬទេ?
  • –តើថ្នាក់ដឹកនាំក្រុមហ៊ុនកំពុងព្យាយាមបន្លំរបាយការណ៍ហិរញ្ញវត្ថុដែរឬទេ? ។ល។

ក្នុងការវិភាគផ្អែកលើមូលដ្ឋានគ្រឹះ គេមើលលើេ:

  1. ការវិភាគលើសេដ្ឋកិច្ច
  2. ការវិភាគលើវិស័យ
  3. ការវិភាគលើក្រុមហ៊ុន
  4. ការវិភាគលើប្រសិទ្ធភាពក្រុមហ៊ុន  

ការវិភាគដោយផ្អែកលើកត្តាបច្ចេកទេស(Technical Analysis) គឺជាការវិភាគដោយមើលទៅលើលំនាំនៃបំរែបំរួលថ្លៃរបស់ភាគហ៊ុននៅលើទីផ្សារដោយប្រើប្រាស់ក្រាហ្វិក ឬខ្សែកោង សំរាប់ធ្វើការព្យាករណ៍ពីតំលៃរបស់ភាគហ៊ុននៅពេលខាងមុខ។ តាមលំនាំនៃ​​​ក្រាហ្វិក ឬខ្សែកោងអាចឲ្យយើងដឹងថាពេលណាត្រូវទិញ និងពេលណាត្រូវលក់។

 

ផ្សារមូលបត្រ​ គឺជាកន្លែងដែលមូលបត្រ ដូចជាភាគហ៊ុននិងសញ្ញាបណ្ណ ត្រូវបានទិញនិងលក់។

 

ផ្សារមូលបត្រដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយវាអនុញ្ញាតឱ្យក្រុមហ៊ុនសាជីវកម្ម សហគ្រាសសាធារណៈ និងរដ្ឋាភិបាលអាចប្រមូលទុនដោយផ្ទាល់ពីសាធារណជន មកប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម ឬអភិវឌ្ឈន៏ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ម៉្យាងវិញទៀត អ្នកដែលមានប្រាក់សល់ពីការចំណាយ មានជម្រើសក្នុងការធ្វើពិពិធកម្មសំណុំវិនិយោគរបស់ខ្លួន ឬធ្វើការសន្សំ(ជាមួយមូលបត្រដែលមានហានិភ័យទាប) នៅក្នុងទីផ្សារមូលបត្រ។ នៅពេលដែលសាច់ប្រាក់់‘ហូរ’ពីអ្នកមានវាទៅអ្នកដែលត្រូវការវាប្រកបដោយប្រសិទ្ធភាព ពេលនោះសកម្មភាពសេដ្ឋកិច្ចដូចជាផលិតកម្មនិងពាណិជ្ជកម្ម នឹងរីកលូតលាស់ទៅតាមនោះដែរ ព្រមទាំងបង្កើតឱ្យមានការងារ និងទ្រព្យសម្បត្តិសម្រាប់ប្រជាជនទូទៅ។

ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។

ឧទាហរណ៍៖ លោកចាន់មានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១.០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ២៥០រៀលក្នុងមួយភាគហ៊ុន។  ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោកចាន់នឹងទទួលបាន មានចំនួន ​២៥០​.០០០​រៀល។

ការជួញដូរភាគហ៊ុនផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដូចជា៖

 

 (ក) ឱកាសវិនិយោគ និងប្រាក់ចំណេញ

 

ជំនួសឱ្យ ឬ បន្ថែមលើការបើកអាជីវកម្មដោយខ្លួនឯង ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិន នូវឱកាសក្នុងការចូលរួមចំណែកក្នុងអាជីវកម្មមួយដែលមិនតម្រូវឱ្យមានជំនាញនិងបទពិសោធន៍ពាក់ព័ន្ធ ឬការតាមដានត្រួតពិនិត្យជាប់ជាប្រចាំឡើយ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញពីការជួញដូរ និងភាគលាភទទួលបានពីការកាន់កាប់ភាគហ៊ុនអាចមានចំនួនច្រើនលើសផលវិនិយោគដទៃទៀត។

 

(ខ) លទ្ធភាពក្នុងការវិនិយោគដោយវិនិយោគិនតូចៗ

 

ផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់តិចតួច អាចក្លាយជាម្ចាស់(មួយផ្នែក)នៃក្រុមហ៊ុនធំៗ​ និងទទួលបានផលចំណេញដូចវិនិយោគិនជាអ្នកមាននិងជាស្ថាប័នផងដែរ ទៅតាមសមមាត្រភាគហ៊ុនដែលពួកគេកាន់កាប់។   

 

(គ) ការលើកទឹកចិត្តផ្នែកពន្ធ

 

  • មិនមានពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិពេលជួញដូរភាគហ៊ុន
  • មិនមានពន្ធលើចំណេញមូលធន(capital gain)
  • មិនមានពន្ធលើភាគលាភសម្រាប់និវេសនជនកម្ពុជា ចំណែកអនិវេសនជន ពន្ធលើភាគលាភត្រូវបន្ថយមកត្រឹម៧% ​(ពីអត្រាដើម ១៤%)

 

(ឃ) ពិពិធកម្មនៃសំណុំវិនិយោគ និងចំណូលបន្ថែម

ក្រៅពីប្រភពចំណូលចម្បងដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀតក្នុងទម្រង់ជាការប្រាក់ដែលបានពីការដាក់ប្រាក់សន្សំមានកាលកំណត់ ចំណួលពីការជួល ឬចំណេញពីអចលនទ្រព្យ លោកអ្នកអាចវិនិយោគក្នុងផ្សារភាគហ៊ុនដើម្បីធ្វើពិពិធកម្មសំណុំវិនិយោគ និងដើម្បីទទួលបានចំណូលបន្ថែម។ បន្ថែមពីលើនេះ ថ្លៃសេវាសម្រាប់ការជួញដូរមូលបត្រមានកម្រិតទាប ដោយស្ថិតក្នុងរង្វង់ ០,៥% នៃតម្លៃជួញដូរតែប៉ុណ្ណោះ។

ការជួញដូរភាគហ៊ុនអាចជួបនូវហានិភ័យមួយចំនួនដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ​ ឬមានការប្រែប្រួលខ្លាំង។

យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះ ជាបីប្រភេទចម្បងៗ ដូចតទៅ៖

  • ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថេរភាពនយោបាយ  ហានិភ័យនៃការកើនឡើងអត្រាការប្រាក់ ជាដើម។
  • ហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុនឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ សកម្មភាពជួញដូរផ្ទៃក្នុង ជាដើម។
  • ហានិភ័យសន្ទនីយភាព​ សំដៅដល់ហានិភ័យដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ។

សញ្ញាបណ្ណ គឺជាប្រភេទនៃមូលបត្របំណុលដែលតំណាងឱ្យចំនួនទឹកប្រាក់ដែលវិនិយោគិនឱ្យខ្ចីដល់អ្នកបោះផ្សាយ ដែលអាចជាក្រុមហ៊ុនសារជីវកម្ម សហគ្រាសសាធារណៈ ឬរាជរដ្ឋាភិបាល។ វិនិយោគិននឹងទទួលបានពីអ្នកបោះផ្សាយ នូវការប្រាក់នៅពេលជាក់លាក់ណាមួយជាប្រចាំ ព្រមទាំងប្រាក់ដើមត្រឡប់មកវិញនៅចុងគ្រា។

សញ្ញាបណ្ណ ភាគហ៊ុន
  • ក្លាយជាម្ចាស់បំណុល
  • ក្លាយជាម្ចាស់កម្មសិទ្ធិ
  • សិទ្ធិទាមទារទ្រព្យសម្បត្តិខ្ពស់ជាង
  • សិទ្ធិទាមទារទ្រព្យសម្បត្តិទាបជាង
  • ការវិនិយោគមានរយៈពេលកំណត់ (maturity)
  • ការវិនិយោគគ្មានកាលកំណត់ លើកលែងក្រុមហ៊ុនត្រូវបិទទ្វាជម្រះបញ្ជី
  • ចំណូលការប្រាក់ថេរនិងទៀងទាត់ បង់ដោយអ្នកបោះផ្សាយ
  • ការទូទាត់ភាគលាភផ្អែកលើគោលនយោបាយនិងទិន្នផលអាជីវកម្មរបស់ក្រុមហ៊ុន
  • ថ្លៃមានបម្រែបម្រួលតិចតួច
  • ថ្លៃមានបម្រែបម្រួលខ្ពស់ជាង
  • មិនសូវមានសន្ទនីយភាព
  • មានសន្ទនីយភាពខ្ពស់ជាង
  • ឯកតាបញ្ជាអប្បបរមាគឺ ១​ឯកតានៃសញ្ញាបណ្ណ

(មានតម្លៃចារឹកស្តង់ដា១០០.០០០រៀល)

  • ឯកតាបញ្ជាអប្បបរមាគឺ ១ភាគហ៊ុន

Record Date គឺជាកាលបរិច្ឆេទដែលក្រុមហ៊ុនចុះបញ្ជី(Listed Company) ប្រកាសឈ្មោះភាគហ៊ុនិកដែលមានសិទ្ធទទួលបានភាគលាភ។