តើវិនិយោគិនគប្បីធ្វើការស្រាវជ្រាវអ្វីខ្លះមុននឹងសម្រេចចិត្តវិនិយោគ?

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Ms. Chuon Monymakthukrath

Link:

បានបង្ហោះនៅថ្ងៃទី 04-Jun-2020

ទីផ្សារ​មូលបត្រ​នៅ​ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍យ៉ាងគួរឱ្យកត់សំគាល់នៅមួយរយៈចុងក្រោយនេះ។ វិនិយោគិនបាន​​វិនិយោគលើទីផ្សារមូលបត្រតាមរយៈការទិញ ឬការលក់មូលបត្រកម្មសិទ្ធិ​  ដោយ​​​​​រពឹងថានឹងទទួលបានប្រាក់ចំណេញនាពេលអនាគត​។ មុននឹងវិនិយោគ  វិនិយោគិនគួរតែធ្វើការស្រាវ​ជ្រាវពីក្រុមហ៊ុន និងទីផ្សារឲ្យបានល្អិតល្អន់ជាមុន ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាព​ចំណេញ​ ដោយសិក្សាទៅលើ៖

១.ការសិក្សា​ស្វែង​យល់​ពីអាជីវកម្ម​ក្រុមហ៊ុន៖

  • ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន
  • ប្រវត្តិ​នៃការវិវត្ត​របស់​ក្រុមហ៊ុន
  • ចក្ខុវិស័យ​​ និងបេសកម្មរបស់ក្រុ​មហ៊ុន
  • ផែនការ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន
  • សមត្ថភាពរបស់ស្ថាបនិក និងថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន
  • គោលនយោបាយបែងចែកភាគលាភដល់ភាគហ៊ុននិក ។ល។

២.ការវិភាគលើស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន

​​​ក្នុងចំនុចនេះ  វិនិយោគិនត្រូវ​ធ្វើការវិភាគ និងវាយតម្លៃលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មយ៉ាងត្រឹមត្រូវ។​ វិនិយោគិនគប្បីប្រើប្រាស់​​​​​ អនុបាត​​ហិរញ្ញវត្ថុសំខាន់ៗសំរាប់គណនា ​​និងវាយតម្លៃ​​ សុខភាពហិរញ្ញវត្ថុ​ និងប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានរបស់ក្រុមហ៊ុន​ ដែលក្នុងនោះ មានដូចជា៖

  • ការគណនាពីភាពចំណេញរបស់ក្រុមហ៊ុន  (Profitability)
  • Price-to-Earnings Ratio
  • Price-to-Book Ratio
  • Debt to Equity Ratio
  • Return on Equity
  • Return on Asset​

៣.ការព្យាករណ៏​ពីហានិភ័យ​នៃផ្សារហ៊ុន​​ដែល​អាច​ជួបប្រទះ​នាពេល​អនាគត។ ហានិភ័យ​ទាំងនោះ​មាន​ដូចជា៖

  • ហានិភ័យទីផ្សារ​ (Market Risk) គឺជាហានិភ័យដែលវិនិយោគិនជួបប្រទះនូវការខាតបង់ដោយសារកត្តាប៉ះពាល់ផ្សេងៗ​ដូចជា៖​ វិបត្តិសេដ្ឋកិច្ច​​​ កត្តានយោបាយ​ ​គោលយោបាយ​​​របស់រដ្ឋាភិបាល​ បម្រែបម្រួលអត្រាការប្រាក់​​ តម្រូវការទីផ្សារ ការធ្លាក់ចុះប្រាក់ចំណូលជា​​​​​ដើម​​​។
  • ហានិភ័យសន្ទនីយភាព (Liquidity Risk)​ ជាភាពងាយស្រួលក្នុងការទិញ លក់ ក្នុងតម្លៃទីផ្សារជាក់ស្តែង។ ភាគហ៊ុន ដែលមិនមានការទិញលក់ច្រើន អាចនឹងធ្វើឱ្យយើងខាតបង់ ពេលមានតម្រូវការសាច់ប្រាក់ជាប្រញ៉ាប់។

៤.ការស្វែងយល់ពីការបង់​ពន្ធនានាលើ​ការវិនិយោគ​មូលបត្រ

៥.ការជ្រើសរើសរើស​ក្រុមហ៊ុន​មូលបត្រឱ្យបាន​ត្រឹមត្រូវ

វិនិយោគិនគប្បីប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនមូលបត្រ (Broker) ណាមួយដែលមានវិជ្ជាជីវៈខ្ពស់ ដើម្បីជាអ្នកប្រឹក្សាយោបល់ និងផ្តល់សេវាកម្មផ្សេងៗ។ កម្រៃជើងសារក៏ជាលក្ខខណ្ឌក្នុងការសម្រេចចិត្តជ្រើសរើស Broker ផងដែរ។
លោក​​អ្នក​​អាច​ស្វែង​រក​បញ្ជី​​ឈ្មោះ​​​ Broker នៅ https://phsarhun.com/brokers# ។

៦.ការជ្រើសរើសរើសប្រភព​ព័ត៌មាន​ដែលប្រកប​ដោយតម្លាភាព​​ និង​​ភាព​​ត្រឹម​ត្រូវ

វិនិយោគិន​អាចប្រមូលព័ត៌មានបានតាម​រយៈ​​​​​​៖

  • គេហទំព័ររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា http://www.csx.com.kh/។​ វិនិយោគិននឹងទទួលបានព័ត៌​មាន​ស្តីពី​ក្រុម​ហ៊ុន​ចុះ​បញ្ជី  ទិន្នន័យជួញដូរ និងព័ត៌មានផ្សេងៗទៀត។ វិនិយោគិន​ក៏​អាច​ចូល​មើល​គេហទំព័រ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ គេហទំព័រ​របស់​ក្រុមហ៊ុន​មូលបត្រ​​​ ឬ​តាម​រយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ដោយ​ផ្ទាល់​។
  • កាសែត ទូរទស្សន៍ វិទ្យុ និងគេហទំព័រ​ដទៃ​ទៀត ដែល​មាន​ប្រភព​ច្បាស់​លាស់៕