ការស្វែងយល់ថា ថ្លៃភាគហ៊ុនកំពុងតែទាប ឬខ្ពស់គឺជាកត្តាសំខាន់សម្រាប់វិនិយោគិន ក្នុងការសម្រេចចិត្តវិនិយោគលើភាគហ៊ុនណាមួយ។ ទន្ទឹមនឹងនេះ វិនិយោគិនត្រូវយល់ពីស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ ដើម្បីអាចឈានដល់ការស្វែងយល់ពីថ្លៃភាគហ៊ុន។ យើងមានអនុបាតហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ត្រូវបានប្រើប្រាស់ជាញឹកញាប់សម្រាប់វិភាគ និងវាយតម្លៃភាគហ៊ុន។
១. អនុបាតថ្លៃ/ចំណេញ Price-to-Earnings Ratio (P/E ratio) ជាសូចនាករដែលជួយវិនិយោគិនក្នុងការគណនាតម្លៃទីផ្សារនៃភាគហ៊ុនដែលធៀបនឹងប្រាក់ចំណេញរបស់ក្រុមហ៊ុន។
អនុបាត P/E ខ្ពស់ មានន័យថាថ្លៃភាគហ៊ុនមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងចំណូល ដូចគ្នាដែរ បើអនុបាត P/E ទាប នោះមានន័យថាថ្លៃភាគហ៊ុនមានតម្លៃទាប បើប្រៀបធៀបទៅនឹងចំណូល។
វិនិយោគិនគប្បីរៀនស្វែងយល់ពីតម្លៃសមរម្យ ឬតម្លៃមធ្យមនៃអនុបាត P/E របស់ភាគហ៊ុនក្នុងវិស័យនោះ ព្រោះថា បើអនុបាត P/E បច្ចុប្បន្នរបស់ភាគហ៊ុនមានតម្លៃទាប នោះប្រហែលអាចជាពេលល្អក្នុងការវិនិយោគ។
ឧទាហរណ៍៖ អនុបាត P/E របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្នមានតម្លៃ ៥ ហើយតម្លៃ P/E ជាមធ្យមរបស់វិស័យផលិត និងចែកចាយទឹក នៅក្នុងតំបន់គឺ ១០ ដូចនេះ ថ្លៃបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅមានកម្រិតទាបនៅឡើយ ហើយថ្លៃភាគហ៊ុនត្រូវឡើង១០០%ទៀត (បើមិនគិតកត្តាផ្សេងទៀត) ទើបធ្វើឱ្យតម្លៃអនុបាត P/E ស្មើនឹងតម្លៃមធ្យមនៅក្នុងតំបន់។ ដូចនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចជាភាគហ៊ុនល្អមួយក្នុងការវិនិយោគ បើមិនទាន់គិតកត្តាផ្សេងទៀត។
២. អនុបាតថ្លៃ/តម្លៃក្នុងបញ្ជី Price-to-Book Ratio (P/B ratio) ត្រូវបានប្រើសម្រាប់វាស់ពីសក្តានុពលនៃការវិនិយោគដោយបង្ហាញពីការប្រៀបធៀបថ្លៃទីផ្សារ (Market Price)ទៅនឹងតម្លៃក្នុងបញ្ជីក្នុង (Book Value)។
ក៏ដូចគ្នានឹងអនុបាត P/E ដែរ បើអនុបាត P/B ទាបបង្ហាញថាភាគហ៊ុនមានតម្លៃទាប តែបើអនុបាត P/B ratio ខ្ពស់ បង្ហាញថាថ្លៃភាគហ៊ុនមានតម្លៃថ្លៃ បើធៀបនឹងតម្លៃក្នុងបញ្ជី ឬទ្រព្យ ដែលយើងនឹងទទួលបានប្រសិនបើក្រុមហ៊ុនត្រូវរំលាយ។
យើងអាចព្យាយាមស្វែងយល់ថា ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងវិស័យមួយជាទូទៅស្មើនឹងប៉ុន្មានដងនៃតម្លៃក្នុងបញ្ជី។ ឧទាហរណ៍៖ នៅក្នុងវិស័យផលិត និងចែកចាយទឹក P/B ratio ជាទូទៅគឺ ១,៥ ដូចនេះ ប្រសិនបើ តម្លៃ P/B ratio របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធំជាង ១,៥ នោះយើងអាចសន្និដ្ឋានថា ថ្លៃរបស់ភាគហ៊ុននេះ ទំនងជារៀងខ្ពស់បន្តិច បើធៀបនឹងថ្លៃហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀត ក្នុងវិស័យជាមួយគ្នា។
បើទោះជាយ៉ាងនេះមែន ការវិនិយោគភាគហ៊ុន គប្បីចាប់អារម្មណ៍លើ P/E ratio ជាង P/B ratio ព្រោះ P/E ratio បង្ហាញពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុន។
៣. អនុបាតចំណេញធៀបនឹងមូលធន Return on Equity (ROE) ជួយវិនិយោគិនគណនាពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ទ្រព្យមូលធនរបស់ខ្លួនដើម្បីបង្កើតប្រាក់ចំណេញ។ លើសពីនេះទៀតវិនិយោគិនអាចប៉ាន់ប្រមាណអត្រាកំណើន (Growth Rate) នៅក្នុងក្រុមហ៊ុនដោយប្រើអនុបាត ROE ។
វិនិយោគិនចង់បានលទ្ធផលអនុបាត ROE ខ្ពស់ ព្រោះបង្ហាញថាក្រុមហ៊ុនគ្រប់គ្រងមូលនិធិវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
៤. អនុបាតបំណុលធៀបនឹងទ្រព្យសកម្ម Debt-to-Asset Ratio (D/A ratio) បង្ហាញវិនិយោគិនពីកំរិតបំណុល (Debt) របស់ក្រុមហ៊ុនធៀបទៅទ្រព្យសកម្មសរុប (Asset) ដែលឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការទូទាត់បំណុលសង ក្នុងករណីក្រុមហ៊ុនមានវិបត្តិ។
អនុបាត D/A កាន់តែខ្ពស់ ឆ្លុះបញ្ជាំងថាក្រុមហ៊ុនប្រឈមនូវហានិភ័យខ្ពស់ព្រោះថា ក្រុមហ៊ុនមានបំណុលច្រើន ដែលអាចនឹងធ្វើឱ្យក្រុមហ៊ុនក្ស័យធន ប្រសិនបើបំណុលនៅតែបន្តកើនឡើង ហើយក្រុមហ៊ុនគ្មានដំណោះស្រាយ។ អនុបាត D/A ទាប បញ្ជាក់ថាអាជីវកម្មមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ ប៉ុន្តែក៏ប្រហែលជាបង្ហាញថាក្រុមហ៊ុនខ្វះសមត្ថភាពក្នុងការពង្រីកអាជីវកម្មផងដែរ។
ក្រៅពីការវិភាគអនុបាតហិរញ្ញវត្ថុសំខាន់ៗខាងលើនេះ ការសម្រេចចិត្តវិនិយោគ ក៏អាស្រ័យទៅនឹងស្ថានភាពជាក់ស្តែងនៃការជួញដូរនៅលើទីផ្សារ និងកត្តាជះឥទ្ធិពលផ្សេងៗទៀតផងដែរ៕