តើធ្វើដូចម្តេចទើបទទួលបានភាគលាភ?

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Ms. Chuon Monymakthukrath

Link:

បានបង្ហោះនៅថ្ងៃទី 29-Jun-2020

ភាគលាភ គឺជាការបែងចែកចំណែកនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន​ ដែលបានកំណត់ និងសម្រេចតាមការប្រជុំមហាសន្និបាតភាគហ៊ុនិក ឬក្រុមប្រឹក្សា​​ភិបាលរបស់ក្រុមហ៊ុន។​​ ក្រុមហ៊ុនអាចបែងចែកភាគលាភជាពីរប្រភេទគឺ៖ ភាគលាភជាសាច់ប្រាក់​​ និងភាគលាភជាភាគហ៊ុន។ ដើម្បីទទួល​​បាន​ភាគលាភ វិនិយោគិនត្រូវមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកនៅថ្ងៃប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលភាគលាភ  (Record Date)។ ប៉ុន្តែការទិញភាគហ៊ុនមិនអាចធ្វើឱ្យវិនិយោគិនក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុននោះភ្លាមៗបានទេ ព្រោះទីផ្សាររបស់យើងត្រូវការរយៈពេលពីរថ្ងៃ ដើម្បី​​ធ្វើការទូទាត់។ ដូចនេះ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកនៅថ្ងៃ  Record Date យើងត្រូវទិញភាគហ៊ុនឱ្យបានមុនយ៉ាងតិចពីរថ្ងៃ​ជួញ​​ដូរ។

ឧទាហរណ៍៖ Record Date សម្រាប់ការបែងចែងភាគលាភរបស់​ PAS គឺថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។ ដូចនេះប្រសិនបើវិនិយោគិនចង់ទទួលបាន​ភាគលាភ វិនិយោគិនត្រូវទិញភាគហ៊ុនឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០។ ដូចគ្នាដែរ អ្នកដែលលក់ហ៊ុនក្នុងថ្ងៃនេះ នឹងមិនទទួលបានភាគលាភទេ។ យ៉ាងណាមិញ ថ្លៃភាគហ៊ុននៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ គួរតែធ្លាក់ថ្លៃបន្តិច ព្រោះអ្នកទិញភាគហ៊ុននឹងមិនទទួលបាន​ភាគលាភទេ ចំណែកអ្នកលក់ភាគហ៊ុនវិញ នៅតែទទួលបានភាគលាភដដែល។

តើ​​ភាគលាភ​ត្រូវបានបែងចែក​នៅពេលណា?

កាលកំណត់ការបែងចែក​​ភាគលាភអាស្រ័យ​ទៅ​នឹងសេចក្តី​សំរេ​ច​របស់អង្គប្រជុំ ដែលជាទូទៅនៅចន្លោះ ខែមេសា ដល់ខែកក្កដានៃឆ្នាំនីមួយៗ​។ ជាទូទៅ ភាគលាភនៅផ្សារមូលបត្រកម្ពុជាយើង ត្រូវបានបែងបែងមួយឆ្នាំម្តង។

តើ​​វិនិយោគិនទៅទទួលភាគលាភនៅទីណា?

ភាគលាភ នឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីជួញដូររបស់វិនិយោគិន យ៉ាងយូរមួយសប្តាហ៍ បន្ទាប់ពីកាលបរិច្ឆេទទូទាត់ភាគលាភ ដែលបានប្រកាស។ វិនិយោគិនអាចប្រើប្រាស់លុយនោះ ដើម្បីវិនិយោគបន្ត ឬស្នើរទៅ​ Broker​​​​ របស់ខ្លួន ដើម្បីដកយកទៅប្រើប្រាស់បាន។

​តើ​​វិនិយោគិនស្វែងរកព័ត៌មាននៃការបែងចែកភាគលាភ​តាមរយៈណា?

វិនិយោគិនអាចស្វែងរកព័ត៌មាននៃការបែងចែកភាគលាភដោយការចូលទៅកាន់គេហទំព័ររបស់ទីផ្សារមូលបត្រកម្ពុជា​​​​​  csx.com.kh ដែលបង្ហាញ វិនិយោគិនពី​សេចក្តីប្រកាសព័ត៌មាននានារបស់ក្រុមហ៊ុន​ចុះបញ្ជី​ របាយការណ៏ត្រីមាស  ការសម្រេចបែងចែកភាគលាភ និងព័ត៌មានដ៏ទៃទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ ​ឬ​​​ ចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយលក់មូលបត្រដោយផ្ទាល់។ វិនិយោគិន ឬសាធារណជនក៏អាច​ subscribe email​ ព័ត៌មានទាំងនេះពីគេហទំព័ររបស់ទីផ្សារមូលបត្រកម្ពុជាផងដែរ។