ការស្វែងយល់ពីប្រភេទនៃការបញ្ជាទិញ និងលក់នៅ ផ.ម.ក

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: CSX

Link:

បានបង្ហោះនៅថ្ងៃទី 09-Jul-2020

បន្ទាប់ពីវិនិយោគិនបើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្ររួចរាល់ហើយ​ វិនិយោគិនអាចធ្វើការបញ្ជាទិញឬលក់ភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា តាមរយៈប្រព័ន្ធជួញដូរចល័តបាន។ អាស្រ័យហេតុនេះ​ វិនិយោគិនគប្បីធ្វើការស្វែងយល់ពី​ប្រភេទនៃការបញ្ជាទិញ​ឬលក់ដែលស័ក្តសមនឹងកំរិត ហានិភ័យទាប និងចំណេញពេលវេលា។​​

១. បញ្ជាដែនកំណត់​ ជាការបញ្ជា​​ទិញឬលក់ មូលបត្រនៅថ្លៃកំណត់ណាមួយដែល ​ថ្លៃបញ្ជាទិញ​ គឺជាថ្លៃដែលហ៊ានទិញខ្ពស់បំផុត​​ និងថ្លៃបញ្ជាលក់​​​​​ គឺជាថ្លៃដែលហ៊ានលក់ទាបបំផុត។ ​ប្រភេទបញ្ជាដែនកំណត់ត្រូវបានអនុញ្ញាតឱ្យនិវិយោគិនធ្វើការកែតម្រូវបញ្ជា និងការលុបបញ្ជានៃការទិញឬលក់​​​មូល​បត្របាន។​ ប្រភេទបញ្ជាដែនកំណត់ក៏តម្រូវឱ្យវិនិយោគិនមានការបង្កកសាច់ប្រាក់ស្មើនឹងថ្លៃគុណនឹងបរិមាណបញ្ជា​ បូកបន្ថែមថ្លៃសេវាឈ្មួញជើងសារមូលបត្រ។ ប្រភេទបញ្ជានេះផ្តល់គុណប្រយោជន៍ដល់វិនិយោគិនក្នុងការគ្រប់គ្រងលើការជួញដូរ​របស់ភាគហ៊ុនណាដែលមានចំនួនជួញដូរតិចតួច​​ និងមានកំលាតថ្លៃទិញ​ -ថ្លៃលក់​ខ្ពស់​ (bid-ask spread)។

ឧទាហរណ៏៖​ បញ្ជាដែនកំណត់ទិញដែលមានថ្លៃ​ ៤.៥០០រៀល​​​​ វិនិយោគិនអាចជួញដូរបាននៅថ្លៃ​ ​៤.៥០០រៀល​​​​​ ឬទាបជាងនេះ​​​​ ចំណែកបញ្ជាដែនកំណត់លក់ដែលមានថ្លៃ៤.៥០០រៀល​​​ អាចជួញដូរបាននៅថ្លៃ៤.៥០០រៀល​ ឬខ្ពស់ជាងនេះ។

២. បញ្ជាទីផ្សារ​​ ជាការបញ្ជា​​ទិញឬលក់ មូលបត្រកម្មសិទ្ធិភ្លាមៗនៅថ្លៃដែលល្អបំផុតដែលមានក្នុងទីផ្សារ។ បញ្ជាទីផ្សារត្រូវបានបន្ថែមនូវជម្រើសលក្ខខណ្ឌ​​​​ ចំនួន២​បន្ថែមទៀតសម្រាប់វិនិយោគិន បន្ថែមលើបញ្ជាធម្មតា (ផ្គូផ្គងសល់ ទុកលើទីផ្សារបន្ត FAS)​​​ គឺ៖

  • ​​​លក្ខខណ្ឌជួញដូរទាំងស្រុង​​ ឬលុបចោល (FOK)​៖ បរិមាណបញ្ជានឹងត្រូវបានលុបចោល ប្រសិន​បើ​​មិន​ត្រូវបានផ្គូផ្គងទាំងអស់ភ្លាមៗ។

ឧទាហរណ៏៖​ វិនិយោគិនធ្វើការបញ្ជាទិញភាគហ៊ុន  នៃបញ្ជាទីផ្សារតាមលក្ខខណ្ឌជួញដូរទាំង​ស្រុង​​ ​​ឬលុបចោល (FOK)​ ដែលមានបរិមាណចំនួន៣០០ អាចផ្គូផ្គងបានលុះត្រាតែបរិមាណនៃបញ្ជាលក់ម្ខាងទៀតមានចំនួនច្រើនជាង ឬស្មើ៣០០។

  • លក្ខខណ្ឌជួញដូរទាំងស្រុង​​​​ ហើយលុបចោល (FAK)​៖​ បញ្ជានឹងត្រូវលុបចោលភ្លាមៗ ប្រសិនបើបរិមាណនៃបញ្ជានោះមិនត្រូវបានផ្គូផ្គងទាំងស្រុង​ ឬមួយផ្នែកភ្លាមៗ។ ក្នុងករណីដែលបរិមាណនៃបញ្ជានោះត្រូវបានផ្គូផ្គងមួយផ្នែក បញ្ជាដែលមានបរិមាណនៅសល់នោះ នឹងត្រូវ​​​​​លុប​ចោលភ្លាម ។

ឧទាហរណ៏៖​ វិនិយោគិនបញ្ជាទិញភាគហ៊ុន នៃបញ្ជាទីផ្សារតាមលក្ខខណ្ឌជួញដូរ ហើយលុបចោល (FAK)​ ដែលមានបរិមាណចំនួន១៥០ ត្រូវបានផ្គូផ្គងជាមួយបញ្ជាលក់ដែលមានបរិមាណមូលបត្រចំនួន៥០ ​​​​​ដូច​​​នេះ បរិមាណភាគហ៊ុនដែលនៅសល់បន្ទាប់ពីការផ្គូផ្គងចំនួន ១០០ នឹងត្រូវលុបចោលភ្លាមដោយស្វ័យប្រវត្តិ។

លក្ខខណ្ឌ​​​​ខាងលើត្រូវបានអនុវត្តតាមវិធីសាស្ត្រដេញថ្លៃដោយយកថ្លៃច្រើន​​​ និងនៅពេលដែលមានបញ្ជាផ្ទុយគ្នានៅម្ខាងទៀត។​ សម្រាប់ប្រភេទបញ្ជាទី​​​ផ្សារ​​ មិនត្រូវបានអនុញ្ញាតឱ្យ​វិនិយោគិន​ធ្វើការកែប្រែប​ញ្ជានោះទេ​ ប៉ុន្តែវិនិយោគិនត្រូវបានអនុញ្ញាតឱ្យធ្វើការលុបប​ញ្ជានៃការទិញឬលក់។​​ ​​    ​ វិនិយោ​គិន​​​​​​តម្រូវឱ្យធ្វើការបង្កកសាច់ប្រាក់ស្មើនឹងថ្លៃដែនកំណត់គុណនឹងបរិមាណបញ្ជា​ បូកបន្ថែមថ្លៃសេវាឈ្មួញជើងសារមូលបត្រសម្រាប់ធ្វើការបញ្ជាទីផ្សារ។ វិនិយោគិនប្រើប្រាស់ប្រភេទបញ្ជាទីផ្សារនេះ​ ព្រោះពួកគេអាចទិញឬលក់ភាគហ៊ុនភ្លាមៗ ដោយមិនចាំបាច់ពន្យារពេល​។