ការជួញដូរភាគហ៊ុន និងល្បែងស៊ីសង

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: CSX

Link:

បានបង្ហោះនៅថ្ងៃទី 14-Jul-2020

ផ្សារហ៊ុនត្រូវបានគេបង្កើតឡើងរាប់រយឆ្នាំមកហើយ គឺដើម្បីបង្កភាពងាយស្រួលក្នុងការរកឃើញគ្នារវាងម្ចាស់ក្រុមហ៊ុននានាដែលត្រូវការទុនវិនិយោគបន្ថែមតាមរយៈការបញ្ចូលភាគហ៊ុនិកថ្មីៗបន្ថែម និងអ្នកដែលមានទុនចង់ចូលហ៊ុនវិនិយោគជាមួយក្រុមហ៊ុនផ្សេងៗ។ ការរកឃើញគ្នានេះ អនុញ្ញាត ឱ្យក្រុមហ៊ុនទាំងនោះទទួលបានទុន យកទៅពង្រីកការវិនិយោគរបស់ខ្លួន ដែលជាប្រយោជន៍សម្រាប់ក្រុមហ៊ុននិងភាគហ៊ុនិកផ្ទាល់ផង និងសេដ្ឋកិច្ចទាំងមូលផង។


ដូច្នេះ ជាមូលដ្ឋានគ្រឹះ ការជួញដូរភាគហ៊ុនគឺជាការជួញដូរភាពជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនមួយ។ ការទិញភាគហ៊ុននៃក្រុមហ៊ុនមួយដែលចុះបញ្ជីនៅផ្សារហ៊ុន គឺជាការចូលហ៊ុនរកស៊ីនៅក្នុងក្រុមហ៊ុននោះ។ នេះគឺជាទម្រង់មួយនៃការវិនិយោគ ដូចការធ្វើអាជីវកម្មដទៃទៀតដែរ។ ជាជាងយើងបើកអាជីវកម្មផ្ទាល់ខ្លួន ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយមិត្តភក្តិ/បងប្អូន យើងចូលហ៊ុនធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលចុះបញ្ជីនៅផ្សារហ៊ុន។ ដូច្នេះ លទ្ធភាពចំណេញ ឬហានិភ័យនៃការខាតបង់ គឺដូចគ្នានឹងហានិភ័យនៃអាជីវកម្មមួយដែរ។ បានន័យថា យើងអាចនឹងរកស៊ីចំណេញបានច្រើនឬខាតច្រើន ប៉ុន្តែក្នុងពេលវេលាមួយយូរ មិនមែនតែមួយប៉ព្រិចភ្នែកដូចការលេងល្បែងស៊ីសងឡើយ។ ហើយបើខាត ក៏មិនមែនខាតម្តងទាំងអស់ដូចការលេងល្បែងស៊ីសងដែរ លើកលែងតែក្រុមហ៊ុននោះក្ស័យធនតែម្តង។


នៅមួយជ្រុងទៀត បើយើងពិនិត្យមើលលក្ខណៈរបស់ល្បែង គឺវាជាការភ្នាល់លុយទៅលើអ្វីមួយ ដោយផ្សងនិងសង្ឃឹមច្រើនលើសំណាងថានឹងឈ្នះ ដោយមិនមានការសិក្សានិងវិភាគជាលក្ខណៈវិទ្យាសាស្ត្រឱ្យបានល្អិតល្អន់ជាមុនឡើយ។ ដូច្នេះ ឱកាសនៃការចាញ់ឬខាតបង់អាចមានច្រើនជាងឆ្ងាយ។ ផ្ទុយមកវិញ ចំពោះការវិនិយោគលើអាជីវកម្មមួយ គេមានក្បួននិងវិធីសាស្រ្តច្បាស់លាស់ជាច្រើន ដូចជាការសិក្សានិងវិភាគលើតម្រូវការទំនិញលើទីផ្សារ គូប្រជែងលើទីផ្សារនិងគួប្រកួតប្រជែងសក្តានុពល ការគ្រប់គ្រងបុគ្គលិក ប្រសិទ្ធិភាពគ្រប់គ្រងក្រុមហ៊ុន និងយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជា ដើម។ ការសិក្សានិងវិភាគទាំងអស់នេះនឹងជួយកាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពទទួលបានជោគជ័យនៅក្នុងការវិនិយោគ។
ទោះជាយ៉ាងនេះក៏ដោយ ការប្រដូចផ្សារហ៊ុនទៅនឹងកន្លែងល្បែងស៊ីសង មិនមែនខុសទាំងស្រុងនោះទេ។ ការជួញដូរនេះអាចទៅជាល្បែងស៊ីសង ប្រសិនបើអ្នកជួញដូរភាគហ៊ុនចង់ឱ្យវាទៅជាល្បែងស៊ីសង។


ល្បែងស៊ីសងនៅលើផ្សារហ៊ុន មានន័យថាជាការស្មានថ្លៃហ៊ុនទុកមុន រួចភ្នាល់ទៅលើថ្លៃហ៊ុននោះ។ បើមនុស្សម្នាក់ភ្នាល់ថាថ្លៃភាគហ៊ុនមួយនឹងឡើង នោះគាត់នឹងទិញភាគហ៊ុននោះពីពេលឥឡូវ រួចទុករងចាំភាគហ៊ុននោះឡើងថ្លៃដូចការរំពឹងទុក ហើយគាត់នឹងលក់វាចេញវិញដើម្បីយកប្រាក់ចំណេញ។ ហើយផ្ទុយមកវិញ បើមនុស្សម្នាក់ភ្នាល់ថាថ្លៃភាគហ៊ុនមួយនឹងធ្លាក់ចុះ នោះគាត់នឹងលក់វាចេញពីពេលឥឡូវឱ្យហើយ។ ការស្មានទុកមុននិងភ្នាល់នេះ មានហានិភ័យខ្ពស់ ដោយសារថ្លៃភាគហ៊ុនដែលឡើងចុះនៅលើទីផ្សារ គឺវាអាស្រ័យទៅលើការយល់ឃើញនិងអារម្មណ៍របស់វិនិយោគិនទាំង ឡាយផ្សេងទៀតនៅលើទីផ្សារ។ ជាធម្មតា ការយល់ឃើញនិងអារម្មណ៍របស់មនុស្សពិបាកនឹងស្មានយល់ ហើយអាចប្រែប្រួលគ្រប់ពេលវេលា។ ដូច្នេះហើយបានជាការស្មានទុកជាមុននិងភា្នល់នេះច្រើនធ្វើឡើងលើរយៈពេលខ្លី ជាទូទៅពីរយៈពេលប៉ុន្មាននាទី ទៅប៉ុន្មានថ្ងៃ។ ហើយការណ៍ដែលអាចចំណេញ ឬខាតច្រើន ក្នុងរយៈពេលខ្លីបែបនេះហើយ ដែលធ្វើឱ្យការជួញដូរហ៊ុនកាន់តែមានលក្ខណៈដូចល្បែងស៊ីសង។


ការជួញដូរភាគហ៊ុនរបៀបលេងល្បែងនេះ ជាទូទៅកើតឡើងនៅពេលដែលថ្លៃភាគហ៊ុនមានការឡើងចុះខ្លាំងនិងញឹកញាប់ (volatility) ដែលធ្វើឱ្យអ្នកចូលចិត្តកេងចំណេញពីបម្រែបម្រួលថ្លៃនៅលើទីផ្សារ (speculators) មានឱកាសច្រើនក្នុងការទិញលក់ៗ កេងចំណេញពីគម្លាតថ្លៃឡើងចុះ។ ប្រសិនបើថ្លៃភាគហ៊ុនមិនសូវប្រែប្រួលទេ ការជួញដូរកេងចំណេញលើថ្លៃភាគហ៊ុនរបៀបជាល្បែងនេះ ក៏មិនសូវមានដែរ។


សរុបសេចក្តីមក ការជួញដូរភាគហ៊ុនក្នុងលក្ខណៈជាការវិនិយោគ ឬជាការលេងល្បែងស៊ីសង គឺវាអាស្រ័យលើបុគ្គលិកលក្ខណៈរបស់វិនិយោគិនផ្ទាល់នីមួយៗ៖ ថាតើបុគ្គលិកលក្ខណៈរបស់គាត់ជាអ្នកចូលចិត្តភ្នាល់ចង់បានប្រាក់ចំណេញច្រើនក្នុងពេលតែមួយថ្ងៃឬប៉ុន្មានថ្ងៃ ឬជាអ្នកវិនិយោគដែលមានគោលដៅរកប្រាក់ចំណេញពីអាជីវកម្មដូចអាជីវកម្មទូទៅធម្មតា? ប្រសិនបើគាត់ជាអ្នកវិនិយោគដែលមានគោលដៅទទួលបានប្រាក់ចំណេញ ឬភាគលាភពីក្រុមហ៊ុន នោះគាត់មិនចាំបាច់ខ្វល់ពីថ្លៃភាគហ៊ុននៅលើទីផ្សារដែលប្រែប្រួលរាល់ថ្ងៃនោះទេ។ ការវិនិយោគបែបនេះគឺត្រូវប្រើពេលវេលាយូរ ដូចការវិនិយោគលើអាជីវកម្មធម្មតាទូទៅដែរ។ ដូច្នេះ លុយដែលយកមកវិនិយោគលើភាគហ៊ុនក្នុងគោលដៅនេះ គួរតែជាលុយសន្សំដែលអាចកប់ទុកក្នុងការវិនិយោគរយៈពេលវែងបាន។ ការយកលុយដែលអាចប្រើបានតែក្នុងរយៈពេលខ្លី មកជួញដូរភាគហ៊ុន គឺធ្វើឱ្យការជួញដូរនេះមានលក្ខណៈកាន់តែដូចល្បែងស៊ីសង។ ហើយការជួញដូរហ៊ុនរបៀបជាល្បែងនេះ ត្រូវបានគេហៅថាជាការ “លេងហ៊ុន” ទៅវិញ មិនមែនជាការវិនិយោគលើភាគហ៊ុនឡើយ៕