តើត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាវិនិយោគិនក្នុងទីផ្សារមូលបត្រកម្ពុជា?

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Ms. Chuon Monymakthukrath

Link:

បានបង្ហោះនៅថ្ងៃទី 27-Jul-2020

ការវិនិយោគ ដែលត្រឹមត្រូវ និងចំគោលដៅត្រូវបានគេជឿជាក់ថាជាការទទួលបានប្រាក់ចំណេញច្រើនជាងការធ្វើការ និងធ្វើអាជីវកម្ម។ ការវិនិយោគលើទីផ្សារភាគហ៊ុនគឺជា ការវិនិយោគដ៏ពេញនិយមមួយ នៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលទំនោនេះក៏កំពុងតែកើតមាននៅកម្ពុជាផងដែរ។ ដើម្បីកាន់តែទទួលបានជោគជ័យក្នុងការវិនិយោគលើភាគហ៊ុន វិនិយោគិនគប្បីព្យាយាមស្វែងយល់ពីទីផ្សារ និងមានបទពិសោធន៍ច្រើន។ ការបើកគណនីឱ្យបានឆាប់ គឺជាការត្រៀមខ្លួនទទួលយកចាប់យកឱកាសទីផ្សារ និងរៀនសូត្រពីទីផ្សារបានលឿនជាងវិនិយោគិនផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ និងកាត់បន្ថយហានិភ័យ។ ដើម្បីក្លាយជាវិនិយោគិនក្នុងទីផ្សារមូលបត្រកម្ពុជា វិនិយោគិន​ត្រូវមានគណនីជួញដូរមួយសិន ដោយត្រូវមាន៖

  • លេខអត្តសញ្ញណវិនិយោគិន (Investor ID)
  • គណនីជួញដូរ

​នៅក្នុងទីផ្សារមូលបត្រ និយោគិនម្នាក់ត្រូវមានលេខអត្តសញ្ញណវិនិយោគិនមួយដែលចេញដោយគណៈកម្មការមូលបត្រកម្ពុជា (គ.​ម.ក.)។

  • បច្ចុប្បន្ននេះ​ វិនិយោគិនអាចធ្វើការស្នើសុំលេខអត្តសញ្ញណវិនិយោគិនតាមអនឡាញដោយខ្លួនឯងផ្ទាល់​ដោយ​ចូលទៅកាន់គេហទំព័រ​  https://id.secc.gov.kh/kh។ បន្ទាប់ពី គ.​ម.ក. ពិនិត្យពាក្យស្នើសុំរួច លេខអត្តសញ្ញណវិនិយោគិន នឹងត្រូវផ្តល់ជូនក្នុងរយៈពេល៣ថ្ងៃ នៅ​ពេលឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។ បន្ទាប់ពីទទួលបានលេខអត្តសញ្ញណវិនិយោគិន វិនិយោគិនត្រូវទៅរកក្រុមហ៊ុនមូលបត្រ ដើម្បីបើកគណនីជួញដូរ​ (https://phsarhun.com/brokers)។ ចំពោះករណីនេះ គណនីជួញដូរ នឹងអាចបើកបានភ្លាមៗ ហើយវិនិយោ​គិន​ក៏អាចជួញដូរបានភ្លាមៗផងដែរ។
  • វិនិយោគិនក៏អាចទៅកាន់ក្រុមហ៊ុនមូលបត្រ ដើម្បីឱ្យក្រុមហ៊ុនមូលបត្រជួយស្នើសុំលេខអត្តសញ្ញណវិនិយោគិនជំនួស ហើយបើកគណនីជួញដូរបន្ទាប់ពីទទួលបានលេខអត្តសញ្ញណវិនិយោគិនពីគ.​ម.ក.។ ក្នុងករណីនេះ វិនិយោគប្រហែលជាត្រូវការរយៈពេលមួយសប្តាហ៍ ទើបបានលេខអត្តសញ្ញណវិនិយោគិន និងគណនីជួញដូរ។ 

ឯកសារតម្រូវរួមមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ, រូបថត​ (៤  x ៦) ចំនួនមួយសន្លឹក និងលេខគណនីធនាគារមួយ។ ​​

​​​ការដាក់សាច់ប្រាក់ចូលគណនីជួញដូរ

បន្ទាប់ពីទទួលបាននៅអត្តសញ្ញណវិនិយោគិន​ និងគណនីជួញដូរ វិនិយោគិនត្រូវដាក់សាច់ប្រាក់ជាមុន ប្រសិនបើមានតម្រូវការជួញដូរ (គណនីជួញដូរ មិនតម្រូវឱ្យមានប្រាក់តម្កល់ទេ)។ វិនិយោគិនត្រូវសួរទៅកាន់ក្រុមហ៊ុនមូលបត្រ (Broker) របស់ខ្លួនពីវិធីសាស្ត្រក្នុងការដាក់ប្រាក់ និងធនាគារ ដែលត្រូវដាក់ប្រាក់ចូល។  ធនាគារ ដែលអាចដាក់ប្រាក់ចូលបាន ជាធនាគារ ដែលទទួលបានការទទួលស្គាល់ត្រឹមត្រូវ និងមានការសហការជាមួយ Broker របស់យើង ដែលអាចជាធនាគារមួយ ក្នុងចំណោមធនាគារចំនួន ៤នេះ៖​​ ធនាគារ អេស៊ីលីដា, ធនាគារ BIDC,​ ធនាគារកាណាឌីយ៉ា, និងធនាគារកម្ពុជាសាធារណៈ​ ។

ការដាក់បញ្ជាទិញ​​ ឬលក់មូលបត្រកម្មសិទ្ធិ​

វិនិយោគិនអាចដាក់បញ្ជាជួញដូរទៅកាន់ Broker​​ របស់យើង ឬក៏អាចធ្វើការបញ្ជាទិញ​​​លក់ភាគហ៊ុនដោយខ្លួនឯងផ្ទាល់តាមប្រព័ន្ធជួញដូរចល័ត​​​(MTS៖ mts.csx.com.kh)។​​​ ​ក្នុង MTS, វិនិយោគិនអាចពិនិត្យថ្លៃភាគហ៊ុន, ដាក់បញ្ជា, មើលសមតុល្យសាច់ប្រាក់ និងមូលបត្រ, ពិនិត្យប្រវត្តិបញ្ជា និងទូទាត់ជាដើម។