ផ្សារមូលបត្រកម្ពុជានាពេល៥ឆ្នាំខាងមុខ អាចជាជម្រើសវិនិយោគល្អ ឬទេ?

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: TRY Taihy

Link: https://facebook.com/taihy.try

បានបង្ហោះនៅថ្ងៃទី 03-Mar-2018

បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជី៥ និងមានចំនួនវិនិយោគិនសកម្ម នៅតិចនៅឡើយ។ កត្តាដែលបណ្តាលឱ្យមានទីផ្សារភាគហ៊ុនកម្ពុជាមិនសូវមានសកម្មភាពបែបនេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖

១. ក្រុមហ៊ុនចុះបញ្ជី រង់ចាំទីផ្សារឱ្យមានវិនិយោគិនច្រើនសិន ទើបសម្រេចចិត្តចូលទីផ្សារ ព្រោះពេលវិនិយោគិនច្រើន ទើបក្រុមហ៊ុនអាចប្រមូលមូលធនច្រើន ក្នុងតម្លៃខ្ពស់ក្នុងមួយភាគហ៊ុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនភាគច្រើនក៏ពុំទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការចូលផ្សារភាគហ៊ុនផងដែរ។ ដើម្បីចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនបាន ក្រុមហ៊ុនត្រូវមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម និងរៀបចំតាមស្តង់ដា CIFRS។

២. ចំនួនវិនិយោគិនតិច ព្រោះសាធារណជនទូទៅនៅខ្វះចំណេះដឹង និងមិនទាន់មានភាពជឿជាក់ពីផលចំណេញរបស់ទីផ្សារភាគហ៊ុន។ ចំនួនភាគហ៊ុនក៏នៅមានចំនួនតិច ដែលបណ្តាលឱ្យវិនិយោគិនពិបាកក្នុងការជ្រើសរើសជួញដូរ​ ឬវិនិយោគ។

ចុះប្រាំឆ្នាំខាងមុខ ទីផ្សារភាគហ៊ុនកម្ពុជាប្រហែលនឹងរីកចម្រើនដែរ ឬទេ?

នៅប្រាំឆ្នាំខាងមុខ សហគ្រាសខ្នាតមធ្យម និងខ្នាតធំ នឹងត្រូវរៀបចំខ្លួនចូលទីផ្សារភាគហ៊ុន ដើម្បីចូលក្នុងទីផ្សារភាគហ៊ុន ដើម្បីទទួលបាននូវភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ខ្លួនជាមួយមូលធន ដែលមិនមែនជាបំណុល និងការចែករំលែកហានិភ័យ។ ផ្សារមូលបត្រកម្ពុជា ក៏នឹងអាចមានការចុះបញ្ជីនូវក្រុមហ៊ុនល្អៗ ពីបរទេស តាមរយៈការចុះបញ្ជីឆ្លងដែន ឬវិនិយោគិនអាចឆ្លងកាត់តាមផ្សារមូលបត្រកម្ពុជា ដើម្បីជួញដូរភាគហ៊ុននៅបរទេសដោយផ្ទាល់។ ការជួញដូរនៅផ្សារមូលបត្រកម្ពុជា ក៏នឹងមានភាពងាយស្រួលជាងមុន ដោយអាចជួញដូរតាមទូរសព្ទដោយខ្លួនឯង និងអាចជួញដូរពេលរសៀលបាន។ នៅប្រាំឆ្នាំខាងមុខ វិនិយោគិននឹងអាចមានចំណេះដឹងគ្រប់គ្រាន់ ហើយការវិនិយោគទៅលើអចលនទ្រព្យអាចនឹងមិនមានភាពអំណោយផល ដូចបច្ចុប្បន្ន ដូចកាលពីប៉ុន្នានឆ្នាំមុន ហើយអត្រាការប្រាក់នៅធនាគារក៏នឹងប្រហែលជាអាចធ្លាក់ដល់ ៣ឬ៤%ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ ដូចនេះ ការវិនិយោគទៅលើភាគហ៊ុននឹងកាន់តែទទួលប្រជាប្រិយភាព។

វិនិយោគិនស្ថាប័ន និងវិនិយោគិនបរទេសធំៗ ក៏នឹងក្លាយជាកត្តាជំរុញភាពរីកចម្រើននៃទីផ្សារភាគហ៊ុនផងដែរ​ ដោយការវិនិយោគិនក្នុងទឹកប្រាក់ចំនួនធំមកលើទីផ្សារ ព្រោះពេលនោះហេដ្ឋារចនាសម្ព័ន្ធទីផ្សារមានគ្រប់គ្រាន់។

ការវិនិយោគទៅលើមូលនិធិ (Fund) ក៏នឹងអាចក្លាយជាជម្រើសដ៏ល្អសម្រាប់វិនិយោគិន និងជួយឱ្យទីផ្សារមានការអភិវឌ្ឍន៏ឱ្យមានការរីកចម្រើនប្រកបដោយស្ថេភាព។

ទីផ្សារមូលបត្រកម្ពុជានឹងមានការរីកចម្រើនៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែសាធារណជនត្រូវចាប់អារម្មណ៍មកលើទីផ្សារ និងចាប់ផ្តើមវិនិយោគ (ក្នុងទឹកប្រាក់តិច) ពីពេលនេះ ដើម្បីទទួលបានបទពិសោធន៍ និងយុទ្ធសាស្ត្រក្នុងការវិនិយោគ។ ការចាប់ផ្តើមរៀនសូត្រ និងវិនិយោគនៅពេលដែលទីផ្សារមានការរីកចម្រើន អាចនឹងធ្វើឱ្យយើងជួបនឹងហានិភ័យខ្ពស់។

 

សូមចែករំលែក ឬផ្តល់យោបល់បន្ថែម ដើម្បីភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា។