អត្ថប្រយោជន៍នៃទីផ្សារភាគហ៊ុន
ហេតុអ្វីបានជាស្ទើតែគ្រប់ប្រទេសទាំងអស់សុទ្ធតែមានផ្សារភាគហ៊ុន បើទោះបីជាពេលខ្លះយើងអាចប្រទះឃើញពីវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ដែលកើតចេញពីការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន? តើមានមូលហេតុអ្វីខ្លះ ដែលនាំឱ្យមានការបង្កើត នឹងអភិវឌ្ឍទីផ្សារភាគហ៊ុននេះ?
ជាការពិតណាស់ ដោយសារតែទីផ្សារភាគហ៊ុន ដែលជាផ្នែកដ៏សំខាន់មួយនៃទីផ្សារហិរញ្ញវត្ថុ មានអត្ថប្រយោជន៏ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចនេះក្នុងនាមយើងជាវិនិយោគិន ឬនិស្សិតមួយរូប យើងគួរតែសិក្សាស្វែងយល់បន្ថែមពីទំនាក់ទំនងនៃទីផ្សារភាគហ៊ុនជាមួយនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាអត្ថប្រយោជន៍របស់ទីផ្សារភាគហ៊ុនចំពោះវិនិយោគិន៖
+ចំពោះសេដ្ឋកិច្ចជាតិ៖
-ទីផ្សារភាគហ៊ុនធ្វើឱ្យមានលំហូរសាច់ប្រាក់ពីក្រុមហ៊ុនដែលត្រូវការដើមទុន ទទួលបានមូលធនដោយផ្ទាល់ពីវិនិយោគិន។
-ទីផ្សារភាគហ៊ុន ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពពង្រីកអាជីកម្មរបស់ខ្លួន ដូចនេះផលិតកម្មក៏កើនឡើង ហើយប្រាក់ចំនូលក៏កាន់តែច្រើន មានន័យថាផលិតផលក្នុងស្រុកមានកំណើន ដែលចូលរួមចំនែកដល់កំណើនសេដ្ឋកិច្ចជាតិ។
-វិស័យនានាក៏មានការរីកចម្រើន ដោយភាគហ៊ុនិកដើម អាចលក់ភាគហ៊ុនរបស់ខ្លួនក្នុងថ្លៃខ្ពស់ នឹងយកទៅវិនិយោគក្នុងវិស័យថ្មី។
-ចំណូលជាតិមានការកើនឡើង ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើន នោះក្រុមហ៊ុននឹងត្រូវបង់ពន្ធកាន់តែច្រើន។
-ទីផ្សារភាគហ៊ុន គឺជាសូចនាករមួយដែលអាចអោយយើងព្យាករណ៏ពីស្ថានភាពសេដ្ឋកិច្ចជាតិពេលអនាគត តាមរយៈ ការប្រែប្រួលសន្ទស្សន៍ផ្សារបច្ចុប្បន្ន។
-ជំរុញឱ្យមានការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន និងបង្កើនការងារក្នុងស្រុក។
-និងទាក់ទាញអោយមានការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment)។
+ ចំពោះវិនិយោគិន៖
-ទទួលបាននូវប្រាក់ចំណេញ នៅពេលថ្លៃភាគហ៊ុនកើនឡើង។
-ជាប្រភពចំនូលបន្ថែម បន្ទាប់ពីការងារប្រចាំថ្ងៃ ដោយវិនិយោគិននឹងអាចទទួលបានភាគលាភ ទៅតាមស្ថានភាពសារជីវកម្មរបស់ក្រុមហ៊ុន។
-ក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុន ដោយមិនចាំបាច់មានដើមទន់ច្រើន។ ការជួញដូរភាគហ៊ុននៅកម្ពុជា អនុញ្ញាត្តិចាប់ពីមួយហ៊ុនឡើងទៅ។
-មានការលើកទឹកចិត្តពន្ធទៅលើភាគលាភ ដែលទទួលបាន និងពន្ធនានា។
-ទទួលបាននូវការវិនិយោគថ្មីមួយទៀត បន្ថែមពីវិនិយោគផ្សេងៗ និងអាចជ្រើសរើសភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងវិស័យខុសៗគ្នា ឬអាចនិយាយថាជាឱកាសវិនិយោគមួយបន្ថែមទៀតលើការបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនធ្វើអាជីវកម្មជាមួយបងប្អូនឬមិត្តភ័ក្រ។
-បង្កើតទំលាប់សន្សំ និងវិនិយោគ។
ដូចនេះ យើងទាំងអស់គ្នាគួរចាប់ផ្តើមវិនិយោគនៅថ្ងៃនេះ ដើម្បីសំរេចផែនការអនាគតនានា ព្រោះទីផ្សារភាគហ៊ុនកម្ពុជាបច្ចប្បន្នជាឱកាសល្អ សម្រាប់អ្នកក្នុងការរៀនសូត្រ ក៏ដូចជាទទួលបានបទពិសោធន៍ ដើម្បីក្លាយជាវិនិយោគិនជោគជ័យនៅថ្ងៃខាងមុខ៕