ការវិភាគតាមកត្តាមូលដ្ឋាន

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: TRY Taihy

Link:

បានបង្ហោះនៅថ្ងៃទី 27-Mar-2018

ការវិនិយោគជាទូទៅគឺមានហានិភ័យ ដូចនេះយើងត្រូវមានការវិភាគជាមូលដ្ឋានជាមុនសិន មុននឹងសម្រេចចិត្តវិនិយោគ ដើម្បីទទួលបានអត្រាចំណេញច្រើន ជាមួយនឹងកម្រឹតហានិភ័យសមស្រប។ កាវិភាគទៅលើភាគហ៊ុនវិញ គឺយើងមានការវិភាគ២៖  ១).ការវិភាគតាមកត្តាមូលដ្ឋាន (Fundamental Analysis), ២). ការវិភាគតាមកត្តាបច្ចេកទេស (Technical Analysis)។

          អត្ថបទនេះនឹងនិយាយអំពីការវិភាគតាមកត្តាមូលដ្ឋាន ហើយអត្ថបទសប្តាហ៍ក្រោយនឹងនិយាយអំពីការវិភាគតាមកត្តាបច្ចេកទេស។ ការវិភាគតាមកត្តាមូលដ្ឋាន គឺយើងចង់ដឹងថាថ្លៃភាគហ៊ុនបច្ចុប្បន្ន មានថ្លៃខ្ពស់ឬទាប បើយើងធៀបនឹងស្ថានភាពហិរញ្ញវត្ថុ និងអាជីវកម្មរបស់ក្រុមហ៊ុនជាក់ស្តែង នាពេលបច្ចប្បន្ន និងពេលអនាគត។ បានន័យថា បើយើងរំពឹងថាចំណូលនាពេលអនាគតរបស់ក្រុមហ៊ុននឹងកើនឡើងច្រើន នោះថ្លៃភាគហ៊ុននឹងអាចកើនឡើង ឬបើយើងរំពឹងថាចំណូលនាពេលអនាគតរបស់ក្រុមហ៊ុននឹងធ្លាក់ចុះ នោះថ្លៃភាគហ៊ុននឹងអាចធ្លាក់ចុះដែរ។ ប៉ុន្តែយើងក៏ត្រូវពិនិត្យមើលផងដែរថា ថ្លៃបច្ចុប្បន្នគឺកំពុងតែថ្លៃហើយ ឬអត់ទេ? បើយើងគិតថាអាជីវកម្មរបស់ក្រុមហ៊ុនល្អ ចំណូល នឹងកើនឡើង ប៉ុន្តែថ្លៃបច្ចុប្បន្នមានកំរិតខ្ពស់ខ្លាំងហើយ នោះភាគហ៊ុនប្រភេទនេះក៏៏ប្រហែលជាមិនមែនជាជម្រើសល្អក្នុងការវិនិយោគដែរ។ តើមានកត្តាណាខ្លះដើម្បីព្យាករណ៍ថាចំណូលរបស់ក្រុមហ៊ុននឹងកើនឡើង ឬថយចុះ? ហើយបើប្រៀបធៀបនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន តើថ្លៃភាគហ៊ុនប៉ុន្មាន ទើបយើងអាចកំណត់ថា ជាថ្លៃមួយដែលខ្ពស់?

          ជាក់ស្តែង គឺមានកត្តាមួយចំនួន ដែលជះឥទ្ធិពលទៅលើបម្រែបម្រួលនៃថ្លៃភាគហ៊ុន និងជាកត្តាសម្រាប់យើងវិភាគ មុននឹងសម្រេចចិត្តវិនិយោគលើភាគហ៊ុនណាមួយ៖

១. កត្តាសេដ្ឋកិច្ច និងនយោបាយ៖ នៅពេលដែលសេដ្ឋកិច្ចនឹងល្អប្រសើរ នយោបាយល្អប្រសើរ  នោះGDPកើនឡើង ហើយយើងក៏នឹងរំពឹងថាអាជីវកម្មរបស់ក្រុមហ៊ុននឹងរីកចម្រើនផងដែរ ពេលនោះថ្លៃភាគហ៊ុនជារួមរបស់ទីផ្សារទាំងមូលនឹងកើនឡើង។ ការកែប្រែគោលនយោបាយសេដ្ឋកិច្ច ឬគោលនយោបាយហិរញ្ញវត្ថុនានា ក៏នឹងអាចជិះឥទ្ធិពលលើផ្សារភាគហ៊ុនផងដែរ។

២. កត្តាអាជីវកម្មរបស់ក្រុមហ៊ុន៖  យើងអាចពិនិត្យលើការគ្រប់គ្រងក្រុមហ៊ុន ផលិតផល សេវាកម្ម ការប្រកួតប្រជែងជាមួយដៃគូ ទំហំទីផ្សាររបស់ក្រុមហ៊ុន ទំនោរនៃការរីកចម្រើនរបស់ក្រុមហ៊ុនជាដើម ដើម្បីព្យាករណ៍ចំណូលរបស់ក្រុមហ៊ុននាពេលអនាគត។

៣. កត្តាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖ យើងត្រូវវិភាគទៅលើចំណូលរបស់ក្រុមហ៊ុន, ចំណូលធៀបនឹងមូលធន (Return on Asset), ចំណូលធៀបនឹងទ្រព្យសកម្ម (Return on Equity), ផលធៀបរវាងបំណុល និងមូលធន, និងលំហូរសាច់ប្រាក់ជាដើម​ ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយ ដើម្បីពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការចែកភាគលាភ។

៤. អនុបាត៖ ដើម្បីដឹងថា ថ្លៃបច្ចុប្បន្នខ្ពស់ហើយ ឬទាបហើយ បើធៀបនឹងភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតក្នុងវិស័យស្រដៀងគ្នា នោះយើងត្រូវពិនិត្យ៖

          -អនុបាត P/E (P/E Ratio)៖ Pគឺថ្លៃភាគហ៊ុនបច្ចុប្បន្ន ហើយ Eគឺ Earning per Share (ប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន)។  ឧទាហរណ៍ ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន A និង ក្រុមហ៊ុន B ក្នុងមួយភាគហ៊ុន ៤០០០រៀលដូចគ្នា ប៉ុន្តែក្រុមហ៊ុន A មានប្រាក់ចំណេញក្នុងមួយភាគហ៊ុន ២០០រៀល ហើយក្រុមហ៊ុន B មានប្រាក់ចំណេញក្នុងមួយភាគហ៊ុនដល់ទៅ ៥០០រៀល។ តើយើងនឹងសម្រេចចិត្តទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយណា? ប្រាកដជាក្រុមហ៊ុន B ព្រោះក្រុមហ៊ុន Bចំណេញច្រើនជាង។ បើយើងប្រៀបធៀបថ្លៃភាគហ៊ុនបច្ចុប្បន្ន នឹងប្រាក់ចំណេញក្នុងមួយភាគហ៊ុនវិញ យើងឃើញថា ក្រុមហ៊ុន A ៤០០០រៀល/២០០រៀល ឃើញ២០ ចំណែកក្រុមហ៊ុន Bវិញ ៤០០០រៀល/៥០០រៀល ឃើញ៨។ ៨ តូចជា ២០ ដូចនេះ អនុបាត P/E នេះ កាន់តែតូច កាន់តែល្អ។ យើងអាចរកអនុបាតP/Eនេះបាន តាមរយៈគេហទំព័រ phsarhun.com ឬ i.csx.com.kh។

          -អនុបាត P/B (P/B Ratio)៖ P គឺថ្លៃបច្ចុប្បន្ន ហើយ Bគឺ​ Book value​ per share (តម្លៃក្នុងបញ្ជីក្នុងមួយភាគហ៊ុន)។ Book value​ per share និយាយឱ្យស្រួលស្តាប់ បើក្រុមហ៊ុនឈប់ធ្វើអាជីវកម្ម តើយើងកាន់មួយភាគហ៊ុន នឹងទទួលបានប៉ុន្មាន។  ឧទាហរណ៍ ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុន A និង ក្រុមហ៊ុន B ក្នុងមួយភាគហ៊ុន ៤០០០រៀលដូចគ្នា ប៉ុន្តែក្រុមហ៊ុន A មានBook valueក្នុងមួយភាគហ៊ុន ៤០០០រៀល ហើយក្រុមហ៊ុន B មានBook valueក្នុងមួយភាគហ៊ុនតែ ២០០០រៀល។ ដូចនេះរវាងក្រុមហ៊ុនA and ក្រុមហ៊ុនB យើងនឹងជ្រើសរើសយកក្រុមហ៊ុនA ព្រោះ បើយើងទិញមួយភាគហ៊ុនដូចគ្នា នោះទ្រព្យសកម្មរបស់យើងនៅក្រុមហ៊ុនA មានចំនួនច្រើនជាង។ ដូចនេះ P/B Ratio របស់ក្រុមហ៊ុនA គឺ៤០០០រៀល /៤០០០រៀល គឺ ១  ហើយ  P/B Ratio របស់ក្រុមហ៊ុនB គឺ៤០០០រៀល /​ 2០០០រៀល គឺ 2។ ដូចនេះគឺយើងជ្រើសរើសយកក្រុមហ៊ុនដែលមាន P/B Ratio តូច។ យើងអាចរកអនុបាតP/Bនេះបាន តាមរយៈគេហទំព័រ phsarhun.com, i.csx.com.kh ឬសៀវភៅ StockInfo។

ដូចនេះ ទាំង P/E Ratio និង P/B Ratio កាន់តែតូច កាន់តែល្អ។

៥. តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ពេលអនាគត៖ ក្រៅពីនេះ យើងគួរតែរៀនសិក្សាស្វែងយល់បន្ថែមទៀត  អំពីថ្លៃភាគហ៊ុនបច្ចុប្បន្ន ថាតើខ្ពស់ហើយ ឬទាបហើយ អាស្រ័យទៅលើភាគលាភដែលក្រុមហ៊ុនប្រហែលជានឹងចែកនាពេលអនាគត  និងថ្លៃភាគហ៊ុនដែលយើងរំពឹងថានឹងលក់បាននាពេលអនាគត់។ យើងអាចរកpresent value (តម្លៃបច្ចុប្បន្ន) របស់ភាគលាភទាំងនេះ និងថ្លៃដែលយើងរំពឹងថានឹងលក់បាននោះ។ ប្រសិនបើធៀបនឹងថ្លៃភាគហ៊ុនចប្ចុប្បន្ន ធំជាង នោះយើងនឹងអាចវិនិយោគលើភាគហ៊ុននោះបាន។

និយាយជាសង្ខេប យើងទិញភាគហ៊ុនរបស់ក្រុមហ៊ុន គឺយើងកំពុងតែទិញអនាគតរបស់ក្រុមហ៊ុន ដូចនេះបើយើងព្យាករណ៍ថា អាជីវកម្មរបស់ក្រុមហ៊ុននឹងល្អប្រសើរនាពេលអនាគត នោះយើងនឹងអាចទិញភាគហ៊ុននោះបាន។

សង្ឃឹមថាអត្ថបទនេះ នឹងអាចជួយលោកអ្នកអោយមានការវិភាគកាន់តែល្អប្រសើរ ក្នុងការសម្រេចចិត្តវិនិយោគទៅលើភាគហ៊ុន។