បន្ទាប់ពីបានស្វែងយល់ពីការវិភាគតាមកត្តាមូលដ្ឋានរួចមក អត្ថបទនេះនឹងបង្ហាញអំពីការវិភាគតាមកត្តាបច្ចេកទេសវិញម្តង។ ការវិភាគតាមកត្តាបច្ចេកទេសគឺជាវិធីសាស្រ្តមួយដែលគេប្រើ ដើម្បីធ្វើការព្យាករណ៍ពីទំនោរនៃបម្រែបម្រួលថ្លៃរបស់ភាគហ៊ុនមួយនៅពេលអនាគត តាមរយៈការវិភាគទៅលើប្រវត្តិនៃបម្រែបម្រួលថ្លៃរបស់ភាគហ៊ុន និងទំហំនៃការជួញដូរ។ ការវិភាគតាមកត្តាបច្ចេកទេស ឬគេនិយមហៅថាការវិភាគតាមក្រាប (Chart Analysis) គឺមានគោលការណ៍ជាចំបងចំនួនពីរ។ គោលការណ៍ទី១គឺទំនោរក្រាបនៃថ្លៃភាគហ៊ុនដែលមាននៅអតីតកាល នឹងកើតឡើងវិញសារជាថ្មីនៅពេលអនាគត។ គោលការណ៍ទី២វិញគឺគេសន្មត់ថាកត្តាទាំងអស់ដែលបានប៉ះពាល់ដល់ក្រុមហ៊ុនបានបង្ហាញតាមរយៈថ្លៃរបស់ភាគហ៊ុន និងបរិមាណនៃការជួញដូរ ក៏មានន័យថាអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបង្ហាញតាមរយៈត្រូវការ និងការផ្គត់ផ្គង់ (Demand and Supply) រួចទៅហើយ។ ដូចនេះការវិភាគតាមកត្តាបច្ចេកទេសគឺអាចអោយយើងដឹងថាពេលណាយើងគួរទិញ ពេលណាគួរលក់ បានរហ័សជាងការវិភាគតាមកត្តាមូលដ្ឋាន។
យើងវិភាគតាមកត្តាបច្ចេកទេស គឺយើងចង់ដឹងថា តាមរយៈទំនោរនៃបរិមាណជួញដូរបច្ចុប្បន្ន និងបម្រែបម្រួលក្រាប តើថ្លៃនឹងប្រែប្រួលយ៉ាងណានៅថ្ងៃបន្ទាប់។ យ៉ាងណាម៉ិញ ការវិភាគតាមកត្តាបច្ចេកទេសអាចប្រើប្រាស់បានល្អ តែនៅក្នុងទីផ្សារដែលមានការជូញដូរច្រើន និងមានសន្ទនីយភាពប៉ុណ្ណោះ។