ជាទូទៅ ថ្លៃភាគហ៊ុនប្រែប្រួលជារៀងរាល់ថ្ងៃ។ ការប្រែប្រួលនេះអាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងនៃផ្គត់ផ្គង់និងតម្រូវការនៅលើទីផ្សារ។ បានសេចក្តីថា ប្រសិនបើមានការផ្គត់ផ្គង់(ការលក់) ច្រើនជាងតម្រូវការ(ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ។ ហើយផ្ទុយមកវិញ ប្រសិនបើមានអ្នកត្រូវការ(អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់(អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។ ប៉ុន្តែ សំណួរសួរថា តើមានកត្តាអ្វីដែលនៅពីក្រោយនេះ ដែលធ្វើឱ្យវិនិយោគិនសម្រេចចិត្តទិញ ឬក៏លក់ភាគហ៊ុន ដែលធ្វើឱ្យតម្រូវការនិងផ្គត់ផ្គង់ប្រែប្រួល និងជាលទ្ធផលធ្វើឱ្យថ្លៃភាគហ៊ុននិងទំហំជួញដូរភាគហ៊ុនប្រែប្រួល?
តាមរយៈសំណួរខាងលើ យើងឃើញយ៉ាងច្បាស់ថា ចម្លើយគឺស្ថិតនៅលើមនុស្សជាវិនិយោគិន ដែលជាកត្តាអត្តនោម័តិ(subjective)។ បានសេចក្តីថា ថ្លៃភាគហ៊ុនអាចប្រែប្រួលគ្រប់ពេល ទៅតាមការយល់ឃើញឬការវិនិច្ឆ័យរបស់វិនិយោគិន។ ជាទូទៅ បើទោះជាព័ត៌មានដែលបានផ្សព្វផ្សាយឬដែលមាននៅលើទីផ្សារដូចគ្នាតែមួយក៏ដោយ ក៏ការវិភាគរបស់វិនិយោគិនមិនប្រាកដថាដូចគ្នាដែរ។ អ្នកខ្លះចង់លក់ អ្នកខ្លះចង់ទិញ។
អ្នកលក់និងអ្នកទិញមានការយល់ឃើញផ្ទុយគ្នា។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹមនិងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។ ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់ក្រុមហ៊ុនចុះបញ្ជី។
ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”។
កត្តាវិទ្យាសាស្ត្រ
កត្តាវិទ្យាសាស្ត្រគឺសំដៅទៅលើការសម្រេចចិត្តទិញឬលក់ភាគហ៊ុន តាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រ ទៅលើលទ្ធភាពចំណេញនិងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន(educated guess)អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។ ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។
ដូច្នេះ យើងអាចនិយាយបានថា រាល់ថ្លៃដែលវិនិយោគិនដាក់ទិញឬលក់ គឺបានឆ្លងកាត់ការពិចារណាលើព័ត៌មានដែលមាន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននោះរួចហើយ (គ្រាន់តែការពិចារណាឃើញខុសៗគ្នា)។ នៅពេលមានព័ត៌មានថ្មីផ្សព្វផ្សាយ ហើយអាចប៉ះពាល់ដល់ស្ថានភាពនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន នោះវិនិយោគិននឹងគិតបញ្ចូលព័ត៌មាននោះទៅក្នុងការពិចារណារបស់គាត់បន្ថែមទៀត ហើយអាចសម្រេចចិត្តប្តូរថ្លៃទិញ/លក់របស់គាត់។ ប៉ុន្តែជាញឹកញាប់ បើទោះជានៅលើទីផ្សារមិនមានព័ត៌មានថ្មីក៏ដោយ ក៏ថ្លៃភាគហ៊ុននៅតែប្រែប្រួល នោះគឺដោយសារតែភាពមិនច្បាស់លាស់នៃអនាគត ទាក់ទងនឹងសកម្មភាពអាជីវកម្មនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយនិងការប្រែប្រួលនៃការយល់ឃើញរបស់វិនិយោគិនទៅតាមពេលវេលា។
កត្តាចិត្តសាស្រ្ត
កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ/លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនិងភាពលោភលន់(Greed)។
ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។
ជាទូទៅ កត្តាទាំងពីរនេះ(កត្តាវិទ្យាសាស្ត្រនិងកត្តាចិត្តសាស្រ្ត)ចែកមិនដាច់ពីគ្នាទេ។ វិនិយោគិនតែងគិតពិចារណាទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ច្រួលច្របល់ក្នុងអារម្មណ៍ នៅពេលមានព្រឹត្តិការណ៍សំខាន់ៗ(ល្អឬមិនល្អ)កើតឡើង។
ទន្ទឹមគ្នានេះដែរ ក៏មានផងដែរចលនា“ទស្សទាយ”ថ្លៃហ៊ុននៅលើទីផ្សារ ដោយផ្អែកលើការប៉ាន់ស្មានអំពីទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។ ការប៉ាន់ស្មាននេះត្រូវបានឡើងដោយផ្អែកលើទិន្នន័យជួញដូរភាគហ៊ុននាពេលកន្លងទៅ និងដោយមានក្រាហ្វិចកុំព្យូទ័រជាជំនួយ។ វិធីសាស្ត្រនេះគឺ Technical Analysis ដែលមានការវិវត្តនិងពេញនិយមយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ(នៅពេលដែលប្រព័ន្ធកុំព្យូទ័រកាន់តែរីកចម្រើន) ទាំងក្នុងមជ្ឈដ្ឋានអ្នកវិនិយោគ អ្នកវិភាគ និងអ្នកសិក្សា៕