អត្ថប្រយោជន៍នៃការចុះបញ្ចីក្រុមហ៊ុនជាសាធារណៈចំពោះភាគហ៊ុនិកដើម

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: លោក ទ្រី តៃហ៊ី

Link:

បានបង្ហោះនៅថ្ងៃទី 22-May-2018

បច្ចុប្បន្ន នៅពេលយើងនិយាយពីទ្រព្យសម្បត្តិរបស់អ្នកណាម្នាក់ យើងមិនមើលទៅលើសំភារៈជាប់ខ្លួននោះទេ ប៉ុន្តែយើងមើលទៅលើតម្លៃខ្លួនរបស់បុគ្គលនោះ (Net Worth) ។ ពាក្យថា Net Worth គឺសំដៅទៅលើទ្រព្យសុទ្ធ ដែលយើងមាន ដោយមិនជំពាក់គេ។ ឧទាហរណ៏ ខ្ញុំមានរថយន្តមួយគ្រឿង តម្លៃ៣ម៉ឺនដុល្លារ និងផ្ទះមួយល្វែងមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែខ្ញុំជំពាក់គេ៨ម៉ឺនដុល្លារ ដូចនេះ Net Worthរបស់ខ្ញុំគឺ ៥ម៉ឺនដុល្លារ (៣+១០-៨=៥)។ ភាគហ៊ុនបានក្លាយជាទ្រព្យសម្បត្តិមួយប្រភេទ ដែលមានតម្លៃជាងគេ សម្រាប់អ្នកមានលំដាប់ពិភពលោក ក្នុងការគណនាNet Worth  ដូចជាលោកJack Ma ដែលមានទ្រព្យសម្បត្តិប្រហែល $42 Billion​ (as of 14/05/2018) ដោយសារកាន់កាប់ភាគហ៊ុនAlibaba។

ការចុះបញ្ចីលក់ភាគហ៊ុនជាសាធារណៈប្រហែលជាវិធីសាស្ត្រកៀរគរមូលធនថ្មីមួយនៅកម្ពុជា ដែលម្ចាស់ក្រុមហ៊ុនភាគច្រើននៅមិនទាន់មានការស្វែងយល់បានច្បាស់។ ក្រៅពីបានធ្វើឱ្យសេដ្ឋកិច្ច និងក្រុមហ៊ុនមានការរីកចម្រើន ការចុះបញ្ចីជាសាធារណៈក៏បានជួយឱ្យម្ចាស់ភាគហ៊ុនិកដើម ទទួលបាននូវការកើនឡើងនូវតម្លៃខ្លួន  (Net Worth) យ៉ាងច្រើន និងការចែករំលែកនូវហានិភ័យក្នុងអាជីវកម្មផងដែរ។ មុនពេលដែលស្ថាបនិក Alibaba Group លោក Jack Ma ចុះបញ្ចីភាគហ៊ុនរបស់គាត់នៅលើផ្សារភាគហ៊ុនក្រុងញ៉ូយក យើងទាំងអស់គ្នាមិនបានស្គាល់គាត់នោះទេ ហើយគាត់ក៏មិនមែនជាមហាសេដ្ឋីលំដាប់កំពូលនៅប្រទេស​ចិន​ដែរ។ ហេតុអ្វីបានជាការចុះបញ្ចីក្រុមហ៊ុនបោះផ្សាយភាគហ៊ុនជាសាធារណៈធ្វើឱ្យគាត់កើនឡើងតម្លៃខ្លួនយ៉ាងនេះ? ខាងក្រោមជាការបកស្រាយពីអត្ថប្រយោជន៍នៃការចុះបញ្ចីក្រុមហ៊ុនជាសាធារណៈចំពោះម្ចាស់ភាគហ៊ុនដើម៖

១.​ការកើនឡើងតម្លៃខ្លួន៖ ឆ្លងកាត់តាមទីផ្សារមូលធន​ (Capital Market) តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគឺបានឆ្លុះបញ្ចាំងពីការព្យាករណ៍នៃអាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុន។ ឧទាហរណ៍ ក្រុមហ៊ុនបច្ចុប្បន្នមានទ្រព្យសកម្ម (Equity)ក្នុងមួយភាគហ៊ុន​តែ ៥.០០០រៀល ប៉ុន្តែដោយសារការរំពឹងថាក្រុមហ៊ុននឹងមានចំណូលច្រើននាប៉ុន្នានឆ្នាំបន្ទាប់ នោះវិនិយោគិនប្រហែលជាអាចឱ្យតម្លៃភាគហ៊ុននោះក្នុងមួយភាគហ៊ុន​១៥.០០០រៀល។ ដូចគ្នានេះដែរ ទ្រព្យរបស់ម្ចាស់ភាគហ៊ុនដើមនឹងអាចកើនឡើងបីដង ក្នុងឧទាហរណ៍ខាងលើ បន្ទាប់ពីភាគហ៊ុនរបស់គាត់ត្រូវបានជួញដូរជាសាធារណៈ។ ការកើនឡើងតម្លៃភាគហ៊ុនប៉ុន្នានដងបន្ទាប់ពីបោះផ្សាយលក់​ គឺអាស្រ័យទៅលើប្រភេទនៃអាជីវកម្ម និងទំនោរនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន។

២. ការចែករំលែកហានិភ័យ និងយុទ្ធសាស្ត្រចាកចេញ៖ បន្ទាប់ពីបានបោះផ្សាយលក់ភាគហ៊ុនបន្ថែម ភាគរយកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនដើមនឹងថយចុះ ដូចនេះហានិភ័យនៃការអនុវត្តផែនការអាជីវកម្មថ្មី ដែលមានភាពប្រថុយប្រថាន នឹងត្រូវបានចែករំលែកគ្នារវាងភាគហ៊ុនិកទាំងអស់។ ម្ចាស់ភាគហ៊ុនដើម ក៏អាចលក់ភាគហ៊ុន ឬទិញភាគហ៊ុនបន្ថែមបាននៅគ្រប់ពេល ដែលអាចធ្វើឱ្យមានការចំណេញពីការឡើងចុះនៃថ្លៃភាគហ៊ុនរបស់គាត់ ទៅតាមស្ថានភាពអាជីវកម្មជាក់ស្តែង។

៣. អាជីវកម្មរបស់ក្រុមហ៊ុនកាន់តែល្អ៖ ដើម្បីអាចចុះបញ្ចីលក់ភាគហ៊ុនជាសាធារណៈបាន ក្រុមហ៊ុនត្រូវរៀបចំខ្លួន និងមានការគ្រប់គ្រងជាលក្ខណៈស្តង់ដា។ បន្ទាប់ពីបានចុះបញ្ជីរួចរាល់ ភាគហ៊ុនិកថ្មីៗទាំងអស់នឹងអាចចូលរួមបោះឆ្នោតសម្រេចលើទិសដៅអភិវឌ្ឍន៍ក្រុមហ៊ុន តាមសមាមាត្រនៃចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។ កត្តានេះបានធ្វើឱ្យការគ្រប់គ្រងក្រុមហ៊ុនកាន់តែមានប្រសិទ្ធិភាព។

​លោកអ្នកអាចទំនាក់ទំនងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)​ តាមរយៈ Tel: 023​ 958 888 ឬ​ Email: listing@csx.com.kh សម្រាប់ការពិគ្រោះយោបល់បន្ថែមពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ។