ចំណូលសកម្ម និងចំណូលអកម្ម

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Mr. Try Taihy

Link:

បានបង្ហោះនៅថ្ងៃទី 07-Jun-2018

ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសេចក្តីសុខក្នុងជីវិត ក៏ដូចជាសេរីភាព ឬសុវត្ថិភាពផ្នែកហិរញ្ញ​វត្ថុ​។ ការស្វែងយល់ពីវិធីសាស្ត្រត្រឹមត្រូវក្នុងការបង្កើនចំណូលមានសារៈសំខាន់ជាងការខិតខំធ្វើការ ដោយមិនមានទិសដៅច្បាស់លាស់។ ប្រសិនបើលោកអ្នកចង់ទទួលបាននូវជីវិតមួយ ដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ លោកអ្នកគប្បីសិក្សា និងស្វែងយល់ពីការទទួលបាននូវចំណូលពីមនុស្ស៤ក្រុមខាងក្រោម៖

១. និយោជិក (E)៖ ប្រសិនបើអ្នកជាអ្នកធ្វើការនៅ Office, អ្នកនឹងកំពុងតែមានអារម្មណ៍មួយថា ធ្វើការយូរហើយ ដូចជាមិនមាននៅសល់អ្វីសោះ។ មូលហេតុ គឺដោយសារតែប្រាក់ខែរបស់យើងឡើងមិនទាន់តម្លៃទំនិញ។ ការងារអាចផ្តល់ប្រាក់ខែច្រើន ប្រសិនបើយើងធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យយើងគ្មានពេលសម្រាកគ្រប់គ្រាន់ ឬធ្វើឱ្យប៉ះពាល់ដល់សុខភាព។ នៅពេលដែលលោកអ្នកមានជំងឺឈឺថ្កាត់ ឬមា​នបញ្ហាណាមួយ ដែលមិនអាចធ្វើការបាន នោះចំណូលរបស់លោកអ្នកនឹងត្រូវថយទៅតាមនោះផងដែរ

២. អ្នកធ្វើការឱ្យខ្លួនឯង ឬអ្នកជំនាញ (S)៖ ប្រសិនបើការងាររបស់លោកអ្នកស្ថិតនៅក្នុងប្រភេទបែបនេះ នោះលោកអ្នកអាចស្វែងរកចំណូលបានច្រើនបង្គួរ ទៅតាមការខិតខំប្រឹងប្រែងរបស់អ្នក។ ការប្រកបមុខរបរ​ផ្ទាល់ខ្លួន ដូចជាការលក់ដូរតិចតួចនៅផ្ទះ ឬនៅតាមទីផ្សារ​ ឬនៅតាមអនឡាញជាដើម គឺតម្រូវឱ្យលោកអ្នកចំណាយពេលវេលាច្រើន សម្រាប់គ្រប់គ្រងការងារនេះដោយខ្លួនឯង ដែលអាចនាំឱ្យលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាកលំហែ​​កម្សាន្ត។​ ​

៣. ម្ចាស់អាជីវកម្ម (B)៖ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម នោះបានន័យថាក្រុមហ៊ុនរបស់លោកអ្នកបានដំណើរការជាប្រព័ន្ធ ដែលក្រុមហ៊ុនអាចដំណើរការបានដោយពុំចាំបាច់មានការត្រួតពិនិត្យគ្រប់ពេលដោយលោកអ្នក។ បុគ្គលិកនឹងធ្វើការតាមការរៀបចំរបស់លោកអ្នក ហើយលោកអ្នកនឹងទទួលបាននូវផលចំណេញដែលពួកគេបង្កើត ដែលច្រើនជាងប្រាក់ខែដែលអ្នកផ្តល់ឱ្យពួកគេ។

៤. វិនិយោគិន (I)៖ វិនិយោគិនមានលក្ខណៈពិសេសជាងប្រភេទការងារទាំងបីខាងលើ នៅត្រង់ចំណូលដែលគេទទួលបានមានលក្ខណៈជាស្វ័យគុណ ដែលមិនមែនជាផលគុណដូចម្ចាស់អាជីវកម្ម(B)ឡើយ។ លោកអ្នកត្រូវការចំណេះដឹងមួយចំនួនក្នុងការសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ ដូចជាអចលនទ្រព្យ ឬ ភាគ​ហ៊ុន​​ជាដើម ដែលអាចកើនឡើងនូវតម្លៃ។ លោកអ្នកអាចមានពេលសម្រាកគ្រប់គ្រាន់ដោយមិនត្រូវការគ្រប់គ្រងទៅលើការ​វិនិយោគជារៀងរាល់ថ្ងៃនោះទេ ដែលក្នុងន័យនេះ លុយអាចធ្វើការជូនលោកអ្នកបាន។

ប្រភេទការងារជានិយោជិក(E) និងអ្នកធ្វើការឱ្យខ្លួនឯង ឬអ្នកជំនាញ(S) ទទួលបានចំណូលជាលក្ខណៈសកម្ម (Active Income) ដែលតម្រូវឱ្យលោកអ្នកត្រូវចំណាយពេលធ្វើការដោយខ្លួនឯង ដើម្បីទទួលបានចំណូល។ ចំណែកឯប្រភេទការងារជាម្ចាស់អាជីវកម្ម(B) និងវិនិយោគិន(I)វិញ ទទួលបានចំណូលជា​លក្ខណៈ​អកម្ម​ (Passive Income) ដែលមិនតម្រូវឱ្យលោកអ្នកត្រូវចំណាយពេលធ្វើការដោយខ្លួនឯងនោះឡើយ ក្នុងការទទួលបានចំណូល។

ដូចនេះ ដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុ លោកអ្នកគួរគប្បីរៀនធ្វើការវិនិយោគចាប់ពីថ្ងៃនេះតទៅ។ យ៉ាងណាមិញ ខ្ញុំសូមលើកយកឧទាហរណ៍នៃការវិនិយោគមួយ ដែលមិនទាមទារឱ្យមានចំណេះដឹង និងដើមទុនច្រើននោះ គឺការ​វិ​និ​យោគ​លើភាគហ៊ុន។ វិនិយោគលើភាគហ៊ុន បានន័យថាលោកអ្នកបានក្លាយជាម្ចាស់កម្មសិទ្ធិម្នាក់ របស់ក្រុមហ៊ុននោះ ហើយបុគ្គលិកយ៉ាងច្រើនបានកំពុងតែធ្វើការជូនលោកអ្នក។ លោកអ្នកអាចទទួលបានចំណូលជាភាគលាភ​ជាទូទៅមួយឆ្នាំម្តង និងអាចចំណេញពីការលក់ភាគហ៊ុន នៅពេលដែលថ្លៃភាគហ៊ុនកើនឡើង។ លោកអ្នកអាចចាប់ផ្តើមវិនិយោគត្រឹមតែមួយហ៊ុនឡើងទៅ ឬទឹកប្រាក់ប្រហែល​​​​បួនពាន់រៀល។