ការវិនិយោគសំដៅដល់ការប្រើប្រាស់សាច់ប្រាក់ ដើម្បីទិញអ្វីមួយ ដោយសង្ឃឹមថានឹងកើនតម្លៃ ឬទទួលបានចំណូលបន្ថែម។ ការវិនិយោគជាទូទៅគឺមានហានិភ័យ ដែលអាចតិច ឬច្រើនអាស្រ័យទៅលើជម្រើសនៃការវិនិយោគ និងចំណេះដឹងរបស់វិនិយោគិនផ្ទាល់។ ការវិនិយោគមួយ ដែលមានការពេញនិយម ក្នុងចំណោមជម្រើសវិនិយោគជាច្រើន គឺទីផ្សារភាគហ៊ុន ដែលមិនតម្រូវឱ្យលោកអ្នកមានដើមទុនច្រើននោះឡើយ។ អ្នកអាចវិនិយោគតិច ឬ ច្រើន ទៅតាមលទ្ធភាពរបស់អ្នក ដោយលោកអ្នកអាចធ្វើការទិញនិងលក់មូលបត្រជារៀងរាល់ថ្ងៃ ក៏ដូចជាធ្វើការរក្សាទុក ដើម្បីទទួលបាននូវប្រាក់ចំណេញនាពេលខាងមុខ។
យ៉ាងណាមិញ តម្លៃរបស់ភាគហ៊ុនមានការឡើងចុះជាប្រចាំ ដូច្នេះហើយ ការវិនិយោគរបស់អ្នកអាចមានទាំងឱកាសចំណេញ និងខាតផងដែរ។ ប្រាក់ចំណេញពីការវិនិយោគរបស់លោកអ្នកអាចនឹងមានការកើនឡើងក្នុងរយៈពេលវែង ហេតុដូចនេះហើយ ប្រសិនបើលោកអ្នកធ្វើការវិនិយោគពីពេលនេះទៅ មិនថាតិចឬច្រើន ទោះជាមានការខាតបង់ក៏ដោយ អ្នកនៅតែមានពេលវេលាច្រើនឆ្នាំទៅមុខទៀត ក្នុងការប្រមូលប្រាក់ទាំងនោះមកវិញ ដើម្បីធ្វើការវិនិយោគឡើងវិញបន្ថែមទៀត។ ម៉្យាងវិញទៀត អ្នកនឹងមានពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវពីទីផ្សារមូលបត្រនេះ ក៏ដូចជាស្វះស្វែងរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តយ៉ាងណា ដើម្បីវិនិយោគឱ្យកាន់តែចំណេញ។
មួយវិញទៀត តម្លៃរបស់លុយគឺមានការប្រែប្រួលជានិច្ចទៅតាមអត្រាអតិផរណា។ អតិផរណាសំដៅដល់ ការកើនឡើងនៃថ្លៃទំនិញនៅក្នុងទីផ្សារ។ ជាឧទាហរណ៍ អង្ករ១គីឡូក្រាមធ្លាប់តែមានតម្លៃក្រោម ២ពាន់រៀល កាលពីប្រមាណជាង៥ឆ្នាំមុន រីឯសព្វថ្ងៃនេះវិញ តម្លៃអង្ករឡើងដល់៣ពាន់រៀលជាង ហើយតម្លៃរបស់វាអាចនឹងមានការកើនឡើងបន្ដទៅទៀតនាថ្ងៃមុខ។ ហេតុដូច្នេះហើយ ចំណូលក្នុងកម្រិតថេររបស់អ្នកតែមួយមុខ នឹងមិនអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់អ្នកបានឡើយ ក្នុងករណីអត្រាអតិផរណាកើនឡើងខ្ពស់។ អ្នកត្រូវធ្វើការស្វែងរកចំណូលបន្ថែម ដើម្បីទប់ទល់នឹងការកើនឡើងថ្លៃទំនិញទាំងនោះ។ ការវិនិយោគ គឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពមួយ ក្នុងការបង្កើនតម្លៃទ្រព្យសកម្មរបស់លោកអ្នក ក៏ដូចជាបង្កើតជាចំណូលទី២ដល់អ្នកផងដែរ ដើម្បីតាមឱ្យទាន់ទៅនឹងអត្រាអតិផរណានាថ្ងៃអនាគត។
សរុបមក ប្រសិនបើលោកអ្នកចាប់ផ្ដើមធ្វើការវិនិយោគពីពេលនេះតទៅ លោកអ្នកនឹងមានពេលវេលាច្រើន ក្នុងការទទួលបានប្រាក់ចំណេញ ដែលបានពីការវិនិយោគរយៈពេលវែង ក៏ដូចជាពេលវេលាក្នុងការសិក្សាឱ្យស៊ីជម្រៅអំពីដំណើរការក្នុងទីផ្សារនេះ និងធ្វើការរិះរកវិធីសាស្ត្រវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញបន្ថែមទៀតផងដែរ ព្រមទាំងជួយបង្កើតជាប្រភពចំណូលទី២ដល់អ្នក ដើម្បីទប់ទល់នឹងការឡើងថ្លៃនៃទំនិញក្នុងទីផ្សារផងដែរ៕