ការវិនិយោគគឺជាផ្នែកមួយនៃការរៀបចំគម្រោងទៅលើអនាគតរបស់អ្នក ដែលតម្រូវឱ្យអ្នកមានការគិតគូរឱ្យបានវែងឆ្ងាយ។ យ៉ាងណាមិញ វិនិយោគិនគ្រប់រូប មិនថាជាអ្នកមានបទពិសោធន៍យូរឆ្នាំ ឬ អ្នកជំនាញខាងផ្នែកវិនិយោគក៏ដោយ គឺតែងតែចាប់ផ្ដើមពីចំណុចសូន្យដូចៗគ្នា។ ដូច្នេះហើយ ប្រសិនបើលោកអ្នកចង់ក្លាយជាវិនិយោគិនមួយរូប អ្នកគួរធ្វើការត្រៀមលក្ខណៈជាមុនសិន មុនពេលធ្វើការវិនិយោគ។ ប្រសិនបើអ្នកចង់ចាប់ផ្ដើមធ្វើការវិនិយោគ អ្នកគួរ៖
ការវិនិយោគទាមទារឱ្យវិនិយោគិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីតាមឱ្យទាន់ទៅនឹងនិន្នាការរបស់ទីផ្សារ។ ហេតុដូច្នេះហើយ ក្រៅពីចំណេះដឹងមូលដ្ឋាន អ្នកគួរតែបង្កើនការយល់ដឹងបន្ថែមទៀត ទាក់ទងទៅនឹងវិស័យវិនិយោគ តាមរយៈការអានសៀវភៅ ការស្រាវជ្រាវតាមរយៈអ៊ីនធើណែត ការចូលរួមវេទិកា ឬ សិក្ខាសាលាផ្សេងៗ ក៏ដូចជាតាមដានពត៌មានដែលកើតមានឡើងនៅក្នុងទីផ្សារនេះជាដើម។ ដូច្នេះហើយ នៅពេលដែលអ្នកមានភាពស្ទាត់ជំនាញ និងមានការយល់ដឹងផ្នែកនេះកាន់តែច្រើន ការវិនិយោគរបស់អ្នកនឹងមានភាពកាន់តែល្អប្រសើរ។
គោលបំណងធំនៃការវិនិយោគ គឺការប្រើសាច់ប្រាក់ថ្ងៃនេះ ដើម្បីទទួលបានប្រាក់ចំណេញនាពេលអនាគត។ ដូច្នេះហើយ មុននឹងធ្វើការវិនិយោគ អ្នកគួរធ្វើការកំណត់បរិមាណទឹកប្រាក់សម្រាប់ការវិនិយោគ និងត្រូវប្រាកដថាខ្លួនមានថវិកាគ្រប់គ្រាន់សម្រាប់ការវិនិយោគ ចៀសជាងការប្រើប្រាស់ប្រាក់ដែលខ្លួនមានទុកសម្រាប់ចាយវាយទៅវិនិយោគ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកនាពេលបច្ចុប្បន្នបាន ក្នុងករណីការវិនិយោគមានការខាតបង់។
ការវិនិយោគទាមទារពេលវេលាច្រើន ដើម្បីឱ្យវិនិយោគិនទទួលបានអត្រាចំណេញច្រើន។ ហេតុដូចនេះហើយ អ្នកគួរតែមានផែនការច្បាស់លាស់ក្នុងការវិនិយោគ ដោយត្រូវដឹងពីគោលបំណងរបស់ខ្លួនថាតើអ្នកវិនិយោគដើម្បីអ្វី ហើយអ្នករំពឹងថាបានអ្វីខ្លះពីការវិនិយោគនេះ។ ប្រសិនបើអ្នកកំណត់គោលដៅច្បាស់លាស់ អ្នកអាចដឹងថាអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីវិនិយោគ ហើយដឹងថាខ្លួនឯងគួរវិនិយោគយូរប៉ុណ្ណា ដើម្បីសម្រេចគោលដៅនោះ។
ប្រសិនបើអ្នកជាវិនិយោគិនក្មេងខ្ចីនៅក្នុងទីផ្សារភាគហ៊ុន អ្នកគួរតែចាប់ផ្ដើមវិនិយោគដោយការជួញដូរទំហំតិចតួចជាមុនសិន ជាជាងចាប់ផ្ដើមក្នុងទំហំធំ ដែលប្រថុយប្រថាននឹងហានិភ័យខ្ពស់ ហើយអាចនាំឱ្យមានការខាតបង់ច្រើន។ យ៉ាងណាមិញ អ្នកនៅមានពេលវេលាជាច្រើនបន្តទៅមុខទៀត ដូចនេះ អ្នកគួរធ្វើការវិនិយោគ សន្សឹមៗ កុំបំបោល ដើម្បីទទួលបានជាបទពិសោធន៍ពីការវិនិយោគនេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការវិនិយោគនាថ្ងៃមុខ។
លោកអ្នកគួរដឹងថា ការវិនិយោគទាមទារអោយអ្នកមានភាពអត់ធ្មត់ខ្ពស់ ព្រោះថាការវិនិយោគមិនមែនតែផ្ដល់ប្រាក់ចំណេញមួយមុខទេ អ្នកក៏អាចប្រឈមមុខទៅនឹងហានិភ័យក្នុងការបាត់បង់ប្រាក់របស់អ្នកផងដែរ។ វិនិយោគិនមួយចំនួន ចូលចិត្តប្រមូលសាច់ប្រាក់ដែលគាត់មានទាំងប៉ុន្មានទៅវិនិយោគ ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ យ៉ាងណាមិញ ពួកគាត់ក៏នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ ក្នុងការបាត់បង់ប្រាក់របស់គាត់ផងដែរ។ ប្រសិនបើអ្នកដឹងនិងស្គាល់ច្បាស់ពីកម្រិតនៃការអត់ធន់ទៅនឹងហានិភ័យរបស់ខ្លួនបាន អ្នកនឹងអាចដឹងថា តើអ្នកនឹងព្រមខាតបង់ទឹកប្រាក់ផ្ទាល់ខ្លួនចំនួនប៉ុន្មាន ទៅក្នុងការវិនិយោគ៕