យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានបង្ហាញថា បរិមាណបញ្ជាទិញភាគហ៊ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ ពីចំនួន ៣២២.៥៨៣ ភាគហ៊ុននៅខែមីនា កើនដល់ចំនួន ៩៨៦.៩៩៤ ភាគហ៊ុននៅខែមិថុនា កើនឡើងប្រមាណ ២១៤,០១% ហើយទំនោរនេះបានបន្តកើនឡើងរហូតដល់ ៣.០៦០.៧៥៤ ភាគហ៊ុនដោយគិតត្រឹមរយៈពេល ១៧ ថ្ងៃនៃការជួញដូរក្នុងខែកក្កដាប៉ុណ្ណោះ។
ចំណែកឯទិន្នន័យប្រៀបធៀបបរិមាណបញ្ជាទិញសរុបរបស់ភាគហ៊ុននីមួយៗសម្រាប់រយៈពេល២ខែចុងក្រោយនេះ បង្ហាញថាភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានបរិមាណបញ្ជាទិញច្រើនជាងគេក្នុងខែកក្កដានេះ ដែលមានប្រមាណជា ១.០៧៧.៥១០ ភាគហ៊ុនគិតត្រឹមថ្ងៃទី២៤ កក្កដានេះ ខណៈដែលខែមិថុនាមានចំនួន ១២៤.៨៨៤ ភាគហ៊ុនប៉ុណ្ណោះ។ នេះជាតួលេខដែលបង្ហាញពីការកើនឡើងនៃតម្រូវការចំពោះភាគហ៊ុនរបស់កំពង់ផែព្រះសីហនុ (PAS) គួរឲ្យកត់សម្គាល់ (ប្រមាណជា ៧៦២,៨១%) ខណៈដែលថ្លៃបិទរបស់ភាគហ៊ុននេះក៏មានការកើនឡើងចំនួន ២,៣៦% (ពី ៥.០៨០ រៀលនៅដើមខែមិថុនា ដល់ ៥.២០០ រៀលត្រឹមថ្ងៃទី២៤ កក្កដា)។ ស្រដៀងគ្នានេះដែរ បរិមាណបញ្ជាទិញ នៃភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានកើនឡើងពី ៤២៤.០៣៧ ភាគហ៊ុន ទៅ ១.០១៥.៨៣៩ ភាគហ៊ុន តែថ្លៃបិទបានធ្លាក់ចុះ ចំនួន ៣,៥៧% (ពី ៥.៦០០ រៀល ទៅ ៥.៤០០ រៀល)។ រីឯភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) វិញ អត្រាកំណើននៃបរិមាណបញ្ជាទិញសរុបមានចំនួន ១៣៩,៥៩% កើនពី ៣៤៧.៦៣២ ភាគហ៊ុន ទៅ ៨៣២.៨៩១ ភាគហ៊ុន ស្របពេលដែលថ្លៃបិទនៃភាគហ៊ុនមាន ទំនោរធ្លាក់ចុះមកត្រឹម ៣.២៦០ រៀលក្នុងមួយភាគហ៊ុននៅចុងគ្រា ពីថ្លៃ ៣.៦៥០ រៀល។
ផ្ទុយពីទំនោរកើនឡើងនៃបញ្ជាទិញរបស់ភាគហ៊ុន PAS ភាគហ៊ុនដែលមានទំហំជួញដូរច្រើនជាងគេគឺភាគហ៊ុន PWSA ទៅវិញ ដែលការជួញដូរសរុបក្នុងខែមិថុនា និងកក្កដាមានរហូតដល់ ចំនួន ២៤៩.១៧៥ ភាគហ៊ុន។