ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី គឺជាម្ចាស់ភាគហ៊ុនធំទី២របស់អេស៊ីលីដា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០មក ដែលគ្រប់គ្រងភាគហ៊ុនរបស់អេស៊ីលីដាចំនួន២៥ភាគរយ ព្រមទាំងមានភាគហ៊ុនិកប្រហែលមួយម៉ឺននាក់ ដែលភាគច្រើនជាបុគ្គលិករបស់អេស៊ីលីដាផ្ទាល់។
កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនអេ អេស អេ ភីអិលស៊ី បានចេញជាសេចក្ដីជូនដំណឹងថា ក្រុមហ៊ុនកំពុងរៀបចំដំណើរការចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា និងរំពឹងថាដំណើរការនេះអាចនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០១៨។ ហេតុដូចនេះហើយ ក្រុមហ៊ុនអេ អេស អេ ភីអិលស៊ី នឹងក្លាយជាក្រុមហ៊ុនហិរញ្ញវត្ថុដំបូងបង្អស់ និងជាក្រុមហ៊ុនចុះបញ្ជីទី៦នៅលើផ្សារហ៊ុនកម្ពុជា។ ភាគហ៊ុនរបស់អេស៊ីលីដា ចំនួន២៥ភាគរយ នឹងត្រូវបានដាក់ឱ្យជួញដូរជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។
ធនាគារអេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលមានបម្រើសេវាធនាគារជាច្រើនប្រភេទ រួមមានដូចជា សេវាធនាគារអេឡិចត្រូនិក សេវាឥណទាន សេវាបញ្ញើនិងសន្សំ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាចាត់ចែងសាច់ប្រាក់ សេវាប្តូរប្រាក់ជាដើម។ យោងទៅតាមរបាយការណ៏ហិរញ្ញវត្ថុប្រចាំឆ្នាំ ទ្រព្យសកម្មសរុប មានចំនួន៥.២៤៤ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០១៧ ដែលបានកើនឡើង ១២.៤៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។
ការវិនិយោគទៅក្នុងក្រុមហ៊ុនអេ អេស អេ ភីអិលស៊ី គឺដូចនឹងការវិនិយោគទៅក្នុងធនាគារអេស៊ីលីដាដែរ ដែលវានឹងផ្ដល់អត្ថប្រយោជន៍ឱ្យសាធារណជន ដូចជាឱកាសក្នុងការធ្វើជាម្ចាស់ភាគហ៊ុនរបស់ធនាគារដ៏ធំមួយរបស់ប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
តារាងខាងក្រោមនេះ ត្រូវបានដកស្រង់ពីរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧ ដែលបង្ហាញអំពីទិន្នន័យប្រាក់ចំណេញក្នុងមួយភាគហ៊ុន និងភាគលាភ ដែលក្រុមហ៊ុនបានប្រគល់ទៅឱ្យវិនិយោគិនរបស់ខ្លួនចាប់ពីឆ្នាំ២០១៣ ដល់ ២០១៧។