ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកផ្សារហ៊ុននៅកម្ពុជាបានអះអាងថា ការទិញភាគហ៊ុននៅក្រុមហ៊ុនណាមួយ ប្រៀបដូចជាការទិញដីទុកលក់យកប្រាក់ចំណេញផងដែរ។
លោក ហុង សុហួរ អគ្គនាយកផ្សារភាគហ៊ុនកម្ពុជា (CSX) មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការទិញភាគហ៊ុនប្រៀបដូចជាការទិញដីទុក លក់រកប្រាក់ចំណេញទៅថ្ងៃអនាគត ព្រោះថាបច្ចុប្បន្នតម្លៃភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជានៅមានតម្លៃទាបជាងតម្លៃភាគហ៊ុននៅក្រៅប្រទេស។
លោកបន្តថា ជាធម្មតាអ្នកវិនិយោគអលចនទ្រព្យចង់បានប្រាក់ចំណេញ គឺត្រូវរកដីណាដែលមានតម្លៃទាប ពិសេសដីនៅតំបន់ជាយក្រុង នៅពេលមានគម្រោងអភិវឌ្ឍន៍ទៅដល់ ដីនោះវានឹងថ្លៃមិនខាន មិនថាគម្រោងសំណង់លំនៅឋាន ឬគម្រោងរោងចក្រឧស្សាហកម្មនោះឡើយ ហើយការលេងភាគហ៊ុនក៍ដូចគ្នាដែរ បច្ចុប្បន្នបើយើងបើកគណនីទិញភាគហ៊ុនទុក ភាគហ៊ុននៅមានតម្លៃទាបនៅឡើយ ហើយទៅថ្ងៃអនាគតវាប្រាកដជាឡើងថ្លៃដែរពេលនោះ យើងនឹងទទួលបានប្រាក់ចំណេញមិនខាន។លោកបន្តថា “ដោយមើលឃើញឱកាស អាចរកប្រាក់ចំណេញបានទៅថ្ងៃអនាគត អ្នកវិនិយោគបរទេស បានចូលមកទិញភាគហ៊ុននៅកម្ពុជា កើនឡើងគួរកត់សម្គាល់ ក្នុងនោះជនជាតិជប៉ុនឈរលំដាប់លេខ1 ក្នុងចំណោមវិនិយោគិនបរទេសដែលទិញភាគហ៊ុននៅCSX”។
ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ2018 ការជួញដូរភាគហ៊ុនរបស់វិនិយោគិនបរទេសនៅក្នុងផ្សារមូលបត្រកម្ពុជា(CSX) មានប្រមាណ5,16ប៊ីលានរៀល ឬត្រូវជា63,18 ភាគរយនៃទំហំជួញដូរសរុប ទោះបីជាចំនួនគណនីជួញដូររបស់វិនិយោគិនបរទេស មានតិចជាងចំនួនគណនីជួញដូររបស់វិនិយោគិនខ្មែរក៏ដោយ។
ក្នុងចំណោមវិនិយោគិនបរទេស ដែលបានជួញដូរច្រើនជាងគេបំផុត គឺវិនិយោគិនជប៉ុនមានទំហំជួញដូររហូតដល់30,90ភាគរយ នៃទំហំជួញដូរសរុបនៅក្នុងផ្សារភាគហ៊ុន សម្រាប់រយៈពេល6ខែដំបូងឆ្នាំ2018។
បន្ទាប់ពីជប៉ុន យើងសង្កេតឃើញវិនិយោគិនចិន និងវិនិយោគិនតៃវ៉ាន់មានទំហំជួញដូរធំបន្ទាប់ គឺ13.82ភាគរយ និង 7.23ភាគរយរៀងគ្នា។ ហើយបើពិនិត្យមើលទៅលើចំនួនគណនីជួញដូរវិញ ចំនួនគណនីដែលកាន់កាប់ដោយវិនិយោគិនបរទេសមានសរុប 2,869 គណនី ស្មើនឹង31ភាគរយនៃគណនីទាំងអស់។ ក្នុងនោះវិនិយោគិនចិន មានគណនីជួញដូរច្រើនជាងគេគឺ 919 គណនី ស្មើនឹង 32.03ភាគរយ បន្ទាប់មកគឺវិនិយោគិនជប៉ុន ដែលមានគណនីជួញដូរចំនួន 859 គណនី ស្មើនឹង 29.94ភាគរយ និងវិនិយោគិនតៃវ៉ាន់ដែលមានគណនីជួញដូរចំនួន510 គណនីស្មើនឹង17,78ភាគរយ៕
ចូលទៅទំព័រដើម propertyarea.asia