យោងតាមទិន្នន័យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នាថ្ងៃទី ១៨ ខែកញ្ញា ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើងដល់ដែនកំណត់ថ្លៃខ្ពស់បំផុតប្រចាំថ្ងៃ (upper price limit) គឺ ៦.៦៨០រៀលក្នុងមួយភាគហ៊ុន ដែលនេះជាថ្លៃខ្ពស់បំផុតគិតចាប់ពីពេលដែលក្រុមហ៊ុននេះបានចុះបញ្ជីជួញដូរនៅ ផ.ម.ក. កាលពីឆ្នាំ២០១៧។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) និង ភាគហ៊ុនហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) ក៏កើនឡើងថ្លៃដែរពោលគឺបិទនៅថ្លៃ ៦.៤០០រៀល និង ៣.១០០រៀលក្នុងមួយភាគហ៊ុន រៀងគ្នា។ ចំពោះភាគហ៊ុនពីរទៀតគឺ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ជួញដូរចុងក្រោយនៅថ្លៃដដែល ដូចថ្លៃបិទកាលពីម្សិលមិញ គឺ ៣.២៥០រៀល និង ២.៨០០រៀលក្នុងមួយភាគហ៊ុន រៀងគ្នា។ ចំណែកឯសន្ទស្សន៍ ផ.ម.ក. កើនឡើងប្រមាណជា ៤,៨០% ដល់ ៣៥៦,៧០ ពិន្ទុ ឯណោះ។
ជាទូទៅ ការវិនិយោគលើភាគហ៊ុនមានផលចំណេញធំៗពីរ គឺ ចំណេញមូលធន - ប្រាក់ចំណេញបានមកពីការកើនឡើងនៃថ្លៃភាគហ៊ុនបន្ទាប់ពីការកាន់កាប់ភាគហ៊ុននោះបានមួយរយៈពេល និង ភាគលាភជាសាច់ប្រាក់ ឬជាភាគហ៊ុន - សាច់ប្រាក់ ឬភាគហ៊ុនដែលក្រុមហ៊ុនចែកទៅឲ្យភាគហ៊ុនិក និងជាធម្មតាសាច់ប្រាក់ ឬភាគហ៊ុននេះបានមកពីប្រាក់ចំណេញ ឬប្រាក់ចំណេញបង្គរទុករបស់ក្រុមហ៊ុន។
ឧទាហរណ៍ជាក់ស្តែង ក្នុងករណីភាគហ៊ុន PAS ថ្លៃបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងរបស់ភាគហ៊ុននេះ ឬហៅថាថ្លៃ IPO (ថ្លៃដែលវិនិយោគិនទិញភាគហ៊ុនផ្ទាល់ពីក្រុមហ៊ុននៅពេលដែលក្រុមហ៊ុននោះបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូងដើម្បីកៀងគរមូលធន) គឺ ៥.០៤០រៀលក្នុងមួយភាគហ៊ុន។ ប្រសិនបើវិនិយោគិនមួយបានទិញភាគហ៊ុននេះតាំងពីថ្ងៃ IPO មកទល់ពេលនេះ គាត់ទទួលបានចំំណេញមូលធនដល់ទៅ ៣២,៥៤%ឯណោះ។ នៅឆ្នាំ២០១៧ គាត់ក៏បានទទួល ភាគលាភចំនួន ៤០៣ រៀលក្នុងមួយភាគហ៊ុន ឬ ៨%ធៀបនឹងថ្លៃ IPO។ ដូច្នេះតាមការគណនាដ៏សាមញ្ញមួយ វិនិយោគិននេះទទួលបានផលចំណេញរហូតដល់ ៤០,៥៤% ពីការវិនិយោគលើភាគហ៊ុន PAS។