វេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “សក្ដានុពលនៃកំណើនប្រកបដោយចីរភាព”

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 12-Sep-2018

          នាថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីជាលើកទីមួយក្រោមប្រធានបទ សក្ដានុពលនៃ​កំណើនប្រកបដោយចីរភាព នៅអគារ ផ.ម.ក. ដោយមានការចូលរួមពីប្រធានក្រុមហ៊ុន វិនិយោគិន ​និងសាធារណជនទូទៅប្រមាណ ១០០នាក់។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនចំនួនបីរូប ដែលរួមមានលោក រស់ គឹមលាង    អគ្គនាយករង​ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោក សេង ចាន់ធឿន នាយកគ្រប់គ្រង នៃក្រុមហ៊ុនមូលបត្រអេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ព្រមទាំងមានការផ្តល់កិត្តិយសសម្របសម្រួលក្នុងវេទិកាពិភាក្សាពីសំណាក់ឯកឧត្តម ហុង​ សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

          ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហុង​ សុហួរ បានមានប្រសាសន៍ថា វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តរបស់សាធារណជន ក៏ដូចជាវិនិយោគិនដែលមានស្រាប់ អំពីក្រុមហ៊ុនដែលបានចុះបញ្ជីរួច តាមរយៈការជួបផ្ទាល់ជាមួយក្រុមហ៊ុន និងការទទួលបាននូវព័ត៌មានថ្មីៗ ក៏ដូចជាការវិភាគដែលពាក់ព័ន្ធ។ ដូចនេះវេទិកានាថ្ងៃនេះ នឹងជួយបង្កើនការចាប់អារម្មណ៍មកលើភាគហ៊ុន និងធ្វើឱ្យថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីអាចឆ្លុះបញ្ចាំងអំពីស្ថានភាពពិតរបស់ អាជីវកម្ម និងការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍នានាពាក់ព័ន្ធនឹងអាជីវកម្ម។

       លោកស្រី ជ័យ សុគន្ធា ដែលតំណាង​ឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍកន្លងមក និងគម្រោងអភិវឌ្ឍរយៈពេលវែង រហូតដល់ឆ្នាំ ២០២៣ ព្រមទាំងការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់កំពង់ផែ ​រួមមានទីតាំងផ្ទុកទូរ (Container) និងទីតាំងចុះចតរបស់នាវាជាដើម។ នៅក្នុងបទបង្ហាញនេះ លោកស្រីក៏បានលើកឡើងពីចំណែក     ទីផ្សារនៃការនាំចេញ នាំចូលតាមរយៈកំពង់ផែអន្តរជាតិ ចំណូល ចំណាយ និងប្រាក់ចំណេញនៃកំពង់ផែស្វយ័តក្រុង     ព្រះសីហនុទាំងមូល ជាពិសេសលោកស្រីបានបង្ហាញពីសក្តានុពលនៃការរីកចំរើនសំខាន់ៗនាថ្ងៃអនាគតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ តាមរយៈកំណើនសេដ្ឋកិច្ច និងកត្តាអំណោយផលនៃភូមិសាស្ត្រ។ លោកស្រីបានបន្ថែមថាកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបែងចែកភាគលាភប្រមាណ៨% នៃថ្លៃបោះផ្សាយ ហើយយើងរំពឹងថា នឹងអាចបែងចែកភាគលាភបានច្រើនជាងនេះទៀតនៅឆ្នាំក្រោយ។ ចំណែកលោក រស់ គឹមលាង ដែលអញ្ជើញមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួន និងបានលម្អិតទៅលើស្ថានភាពហិរញ្ញវត្ថុ ព្រមទាំងសមិទ្ធផល និងពានរង្វាន់កន្លងមកជាច្រើនផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការយ៉ាងសកម្មក្នុងការផលិតទឹកស្អាតជូនប្រជាពលរដ្ឋ ហើយយើងជាស្ថាប័នស្វយ័តមួយ ដែលមានសមត្ថភាពខ្ពស់ក្នុងការស្វែងរកចំណូល ប្រកបដោយនិរន្តភាព នៅគ្រប់ស្ថានភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការបែងចែកភាគលាភវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចែងចែកប្រមាណ៤% សម្រាប់ឆ្នាំ២០១៧ ហើយយើងសង្ឃឹមថា យើងនឹងបែងចែកភាគលាភបានកាន់តែច្រើននៅឆ្នាំក្រោយៗ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិន ដែលអញ្ជើញមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សេង ចាន់ធឿន ក៏មានធ្វើការវិភាគពីស្ថានភាពអាជីវកម្មរបស់សហគ្រាសទាំងពីរ និងមានប្រសាសន៍ថា បើយើងវិភាគពីប្រាក់ចំណេញរបស់សហគ្រាសទាំងពីរ នោះថ្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រហែលជាទាប​ (Undervalued) ហើយថ្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រហែលជាខ្ពស់ (Overvalued) បើយើងប្រៀបធៀបជាមួយនឹងអាជីវកម្មប្រភេទនេះនៅប្រទេសជិតខាងក្នុងតំបន់។ តាមការវិភាគតាមកត្តាមូលដ្ឋាន តម្លៃពិត (fair value) របស់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រហែលជា ៥៩០០រៀលក្នុងមួយហ៊ុន (ថ្លៃបច្ចប្បន្ន ៣២៥០រៀលក្នុងមួយហ៊ុន) ហើយតម្លៃពិតរបស់ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រហែលជា ៥០០០ រៀលក្នុងមួយហ៊ុន (ថ្លៃបច្ចប្បន្ន ៥៥៤០រៀលក្នុងមួយហ៊ុន)។ ថ្លៃបច្ចុប្បន្នមិនបានឆ្លុះបញ្ចាំងពីតម្លៃពិតរបស់ភាគហ៊ុន ដោយសារទីផ្សារមិនមានសន្ទនីយភាពគ្រប់គ្រាន់។  យ៉ាងណាម៉ិញ ការវិនិយោគលើភាគហ៊ុន យើងត្រូវពិនិត្យមើលទាំងទៅលើលទ្ធភាពនៃកំណើនមូលធន (Capital Gain) ក៏ដូចជា​ភាគលាភ (Dividend)។ បើពិនិត្យមើលពីការបែងចែកភាគលាភរបស់ សហគ្រាសសាធារណៈទាំងពីរនេះវិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងប្រហែលជាជម្រើសប្រសើរជាងក្នុង   ការវិនិយោគ ពីព្រោះកំពង់ផែ នៅមានលទ្ធភាពច្រើនក្នុងការបង្កើនភាគលាភនៅឆ្នាំក្រោយៗ។

          ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញរបស់វាគ្មិនទាំងបី អ្នកចូលរួមបានលើកជាសំនួរសំខាន់ៗទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរ ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់។     សូមបញ្ជាក់ផងដែរថា វេទិកានេះនឹងត្រូវរៀបចំចំនួន៥ដងក្នុងមួយឆ្នាំ ដោយវេទិកាប្រចាំត្រីមាសនឹងត្រូវរៀបចំឡើងនៅអគារផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសត្រូវបានផ្សព្វផ្សាយជាសាធារណៈ។  ក្នុងការរៀបចំវេទិកាប្រចាំត្រីមាស នឹងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនចុះបញ្ជីចំនួនពីរ ឬបី ហើយវេទិកាប្រចាំឆ្នាំវិញ នឹងមានការចូលរួមពីក្រុមហ៊ុនចុះបញ្ជីទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យមូលបត្រផងដែរ៕