សេចក្ដីជូនដំណឹងអំពីកម្មវិធីទូរស័ព្ទ PhsarHun សម្រាប់ទីផ្សារមូលបត្រនៅកម្ពុជា

ប្រភពព័ត៌មាន: ផ.ម.ក.

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 03-Oct-2018

កម្មវិធី PhsarHun គឺជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថលអំពីការវិនិយោគនៅលើទីផ្សារមូលបត្រ។ PhsarHun ប្រមូលផ្ដុំទៅដោយព័ត៌មានអំពីទិន្នន័យទីផ្សារ ក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនមូលបត្រ និងចំណេះដឹងនៃការវិនិយោគជាដើម។ បន្ថែមពីលើការដាក់ឱ្យដំណើរការកន្លងមកនៅលើតែប្រព័ន្ធប្រតិបត្តិការAndroid ឥឡូវនេះវិនិយោគិនអាចធ្វើការទាញយកកម្មវិធីនេះបាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និងធ្វើការអាប់ដេត Versionថ្មី សម្រាប់ប្រព័ន្ធប្រតិបត្តិការAndroid។ លើសពីនេះទៅទៀត PhsarHun ក៏ជាប្រព័ន្ធផ្ដល់ព័ត៌មានលើការវិនិយោគ ដែលជាជំនួយក្នុងការជួញដូរមូលបត្រ និងជាដៃគូដ៏សំខាន់នៃប្រព័ន្ធជួញដូរចល័ត (MTS) របស់ផ្សារមូលបត្រកម្ពុជាផងដែរ។

តើវិនិយោគិនអាចស្វែងរកព័ត៌មានអ្វីខ្លះនៅលើកម្មវិធី PhsarHun?

១. មគ្គុទេ្ទសក៏វិនិយោគិន (Investor Guide): ប្រមូលផ្ដុំទៅដោយអត្ថបទនិងវីដេអូអប់រំ ដែលផ្ដល់ជាចំណេះដឹងមូលដ្ឋានទាក់ទងនឹងការវិនិយោគលើទីផ្សារមូលបត្រ ទៅដល់លោកអ្នកដែលចាប់អារម្មណ៍ចង់ចាប់ផ្ដើមធ្វើការវិនិយោគ។

២. ទិន្នន័យទីផ្សារ (Market Data): មានបង្ហាញអំពីនិន្នាការនៃសន្ទស្សន៍ ផ.ម.ក. និងក្រុមហ៊ុនចុះបញ្ជីនីមួយៗ ក៏ដូចជាបង្ហាញពីព័ត៌មានភាគហ៊ុនប្រចាំថ្ងៃ ព័ត៌មានការជួញដូរ និងព័ត៌មានបន្ថែមរបស់ក្រុមហ៊ុនចុះបញ្ជីផងដែរ។ ដោយសារផ្នែកនេះផ្ដល់នូវបច្ចុប្បន្នភាពទៅលើទិន្នន័យទីផ្សារ វិនិយោគិនអាចស្វែងរកទិន្នន័យទាំងនេះ សម្រាប់ធ្វើការជួញដូរនៅលើទីផ្សារបានយ៉ាងងាយស្រួល។

៣. ក្រុមហ៊ុនចុះបញ្ជី (Listed Companies): មានបង្ហាញអំពីព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដូចជាព័ត៌មានអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ គោលនយោបាយភាគលាភ និងការផ្ដល់ព័ត៌មានពីក្រុមហ៊ុនចុះបញ្ជី ព្រមទាំងទិន្នន័យនៃ ការវិភាគទៅលើការរីកចម្រើនប្រចាំឆ្នាំរបស់ក្រុមហ៊ុនផងដែរ។ ក្នុងផ្នែកនេះ វិនិយោគិនអាចធ្វើការស្វែងយល់អំពីស្ថានភាពក្រុមហ៊ុនចុះបញ្ជីនីមួយៗ មុននឹងឈានទៅដល់ការសម្រេចចិត្តវិនិយោគទៅក្នុងក្រុមហ៊ុនណាមួយ ។

៤. ក្រុមហ៊ុនមូលបត្រ (Securities Firms): ណែនាំអំពីក្រុមហ៊ុនមូលបត្រទាំង១០ដែលជាសមាជិករបស់ ផ.ម.ក. ដោយ វិនិយោគិនអាចស្វែងយល់អំពីព័ត៌មាននៃក្រុមហ៊ុនមូលបត្រនីមួយៗ ក៏ដូចជាស្វែងរកពីកម្រៃជើងសាររបស់ក្រុមហ៊ុនទាំងនោះ មុននឹងសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនណាមួយដែលខ្លួនពេញចិត្តមកធ្វើជា Broker សម្រាប់សម្រួលដល់ ការវិនិយោគរបស់ខ្លួននៅលើទីផ្សារមូលបត្រ។

៥. ចំណេះដឹង (Knowledge): ជាប្រភពអត្ថបទអប់រំសំខាន់មួយសម្រាប់វិនិយោគិនទាំងអស់ ក្នុងការធ្វើការស្វែងយល់ និងសិក្សាស្រាវជ្រាវអំពីការវិនិយោគនៅលើទីផ្សារមូលបត្រ ដោយផ្នែកនេះប្រមូលផ្ដុំទៅដោយឯកសារសំខាន់ៗ រួមមាន   ឯកសារស្ដីអំពីច្បាប់ និងបទបញ្ញត្តិនានា ឯកសារនៃវគ្គបណ្ដុះបណ្ដាលប្រចាំខែ ឯកសារដែលបានបោះពុម្ពផ្សាយជា    សាធារណៈ និងឯកសារអេឡិចត្រូនិចជាដើម ដែលបានផ្សព្វផ្សាយដោយ ផ.ម.ក.។

៦. ព័ត៌មាន (News): មានការផ្សព្វផ្សាយនូវដំណឹង និងព័ត៌មានផ្សេងៗ ស្ដីអំពីទីផ្សារមូលបត្រនៅក្នុងប្រទេសកម្ពុជា។

៧. ប្រធានបទប្រចាំសប្ដាហ៍ (Weekly Topics): ប្រមូលផ្ដុំទៅដោយអត្ថបទអប់រំល្អៗ ដែលទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុ ដោយមានការចេញផ្សាយជារៀងរាល់សប្ដាហ៍។

៨. ព្រឹត្តិការណ៍ (Events): មានផ្សព្វផ្សាយអំពីកម្មវិធី សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំឡើងដោយ ផ.ម.ក. និងសមាជិករបស់ ផ.ម.ក.។

តើមានអ្វីថ្មីនៅលើកម្មវិធី PhsarHun?

សម្រាប់កម្មវិធី PhsarHun នៅលើប្រព័ន្ធប្រតិបត្តិការiOS និងVersionថ្មីលើប្រព័ន្ធប្រតិបត្តិការAndroid ផ្សារមូលបត្រកម្ពុជាបានបន្ថែមនូវមុខងារសំខាន់់​ៗ​​មួយចំនួន ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតទៅដល់អ្នកប្រើប្រាស់ ក្នុងការទទួលព័ត៌មាននិងស្វែងយល់អំពីផ្សារមូលបត្រ ដែលមុខងារទាំងនោះរួមមាន ៖

  1. ភាសាខ្មែរ ផ្ដល់ភាពងាយស្រួលដល់វិនិយោគិន និង​អ្នកប្រើប្រាស់ទូទៅក្នុងការប្រើប្រាស់
  2. ការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនចុះបញ្ជី (Disclosure)
  3. មុខងារជូនដំណឹង (Notification) សម្រាប់ការផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនចុះបញ្ជី (Disclosure) ព័ត៌មានថ្មីៗទាក់ទងទៅនឹងផ្សារមូលបត្រ (News) ប្រធានបទប្រចាំសប្តាហ៍ (Weekly Topic) និងព្រឹត្តិការណ៍ផ្សេងៗរបស់ ផ្សារមូលបត្រកម្ពុជា (Events) ​ ដោយវានឹងជូនដំណឹងភ្លាមៗដល់អ្នកប្រើប្រាស់
  4. សន្ទានុក្រម ជាភាសាខ្មែរ និងអង់គ្លេស។

ការទាញយកកម្មវិធី PhsarHun

សម្រាប់លោកអ្នកដែលមានបំណងចង់ប្រើប្រាស់កម្មវិធី PhsarHun ដើម្បីភាពងាយស្រួល ក្នុងការទទួលបាននូវព័ត៌មាននិងស្វែងរកឯកសារផ្សេងៗ ដែលទាក់ទងទៅនឹងផ្សារមូលបត្រកម្ពុជា លោកអ្នកអាចទាញយកកម្មវិធីនេះបាននៅក្នុង Play StoreApp Store បានដោយឥតគិតថ្លៃ។ ចំណែកឯលោកអ្នកដែលកំពុងប្រើប្រាស់ កម្មវិធី PhsarHun នៅលើប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើបច្ចុប្បន្នភាព (Update) បាននៅលើ Play Store របស់លោកអ្នក។

ផ្សារមូលបត្រកម្ពុជា សង្ឃឹមថា កម្មវិធី PhsarHun នឹងផ្ដល់ជាអត្ថប្រយោជន៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ អ្នកប្រើប្រាស់ទាំងអស់ក្នុងការស្វែងរកទិន្នន័យ និងព័ត៌មានផ្សេងៗទាក់ទងទៅនឹងទីផ្សារមូលបត្រ ព្រមទាំងការស្រាវជ្រាវបន្ថែមពីការវិនិយោគផងដែរ៕