ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹងនិងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់សាច់ប្រាក់និងរបៀបគ្រប់គ្រងសាច់ប្រាក់។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួននិងយល់ពីសារៈសំខាន់អំពីការសន្សំប្រាក់និងការវិនិយោគដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុនិងជីវភាពធូរធារនាពេលអនាគត។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺចាំបាច់ចំពោះមនុស្សគ្រប់វ័យ ពីព្រោះមនុស្សគ្រប់រូបត្រូវប្រើប្រាស់ប្រាក់ជារៀងរាល់ថ្ងៃ។
ប្រសិនបើអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ៖
នៅពេលដែលអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ អ្នកអាចយល់អំពីរបៀបគ្រប់គ្រងចំណូលនិងចំណាយរបស់អ្នកក៏ដូចជាធ្វើយ៉ាងណាដើម្បីចៀសវាងការចំណាយហួសកម្រិតដែលអាចនាំឱ្យអ្នកជាប់ផុងក្នុងបំណុល។ លោកអ្នកអាចស្វែងរកវិធីសាស្រ្តដើម្បីបង្កើនចំណូលរបស់អ្នក ដូចជាការវិនិយោគលើទីផ្សារភាគហ៊ុននិងការយកប្រាក់ទៅសន្សំយកការប្រាក់បន្ថែមនៅធនាគារជាដើម។ ម្យ៉ាងវិញទៀត មុនពេលអ្នកធ្វើការចំណាយប្រាក់ទិញអ្វីមួយ អ្នកនឹងធ្វើការពិចារណាយ៉ាងម៉ត់ចត់ថាតើវាចាំបាច់ឬសំខាន់ដែរឬទេ និងថ្លឹងថ្លែងថាតើវាសមនឹងតម្លៃដែរឬទេ ប្រសិនបើទិញទំនិញនោះ? ម្យ៉ាងវិញទៀតអ្នកអាចស្វែងរកវិធីសាស្រ្តដើម្បីបង្កើនចំណូលរបស់អ្នក ដូចជាការយកប្រាក់ទៅសន្សំយកការប្រាក់បន្ថែមនៅធនាគារ ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងការយកទៅវិនិយោគលើទីផ្សារភាគហ៊ុនជាដើម។
តម្រូវការ សំដៅទៅលើវត្ថុឬទំនិញទាំងឡាយណាដែលចាំបាច់ចំពោះការរស់នៅប្រចាំថ្ងៃ ដូចជា អាហារ សម្លៀកបំពាក់ ជម្រក និងការថែទាំសុខភាពជាដើម។ ចំណែកឯចំណង់សំដៅទៅដល់វត្ថុ ឬ ទំនិញទាំងឡាយណាដែលមនុស្សចង់បានដើម្បីបំពេញចិត្តរបស់ខ្លួនឯង រួមមានសម្ភារៈនិងយានជំនិះទំនើបៗជាដើម។ ដោយយល់ដឹងអំពីភាពផ្ទុយគ្នារវាងអ្វីដែលអ្នកត្រូវការនិងអ្នកដែលអ្នកចង់បាន លោកអ្នកអាចធ្វើការគ្រប់គ្រងថវិការបស់អ្នកដោយធ្វើការចំណាយទៅតាមភាពចាំបាច់និងចេះចាត់ចែងប្រាក់សម្រាប់សន្សំនិងវិនិយោគ។
ប្រសិនបើអ្នករស់នៅជាមួយគ្រួសាររបស់អ្នក លោកអ្នកគួរតែចាត់ទុកផែនការហិរញ្ញវត្ថុជាផែនការរួមរបស់គ្រួសារនិងធ្វើការពិភាក្សាជាមួយដៃគូនិងកូនៗរបស់អ្នក។ វានឹងលើកទឹកចិត្តទៅដល់សមាជិកគ្រួសាររបស់អ្នកឱ្យមានចំណែកចូលរួមក្នុងផែនការរបស់គ្រួសារនិងរៀបចំផែនការសន្សំរួមគ្នា។ លើសពីនេះទៅទៀត វានឹងបង្រៀនតម្លៃនៃការសន្សំទៅដល់កុមារនិងសមាជិកគ្រួសារផ្សេងៗ ដើម្បីជម្រុញឱ្យពួកគេចេះធ្វើការសន្សំប្រាក់ដើម្បីអនាគតរបស់ពួកគេ។
ទ្រព្យសកម្ម (Assets) សំដៅទៅដល់ទ្រព្យទាំងឡាយណាដែលអ្នកមាន ហើយអាចបម្លែងជាសាច់ប្រាក់បាន ឧទាហរណ៍ភាគហ៊ុន ប័ណ្ណបំណុល គេហដ្ឋាន ដី ប្រាក់សន្សំ។ល។ ចំណែកឯ បំណុល (Liabilities) សំដៅទៅលើប្រាក់ដែលអ្នកជំពាក់អ្នកដទៃ រួមមានបំណុលចរន្ត បំណុលរយៈពេលវែង កម្ចីឥណទាន កម្ចីបង់រំលស់ ចំណាយលើការប្រាក់ជាដើម។ មហាសេដ្ឋីជាច្រើនបានផ្ដល់ជាយោបល់ថា ទ្រព្យសកម្មដែលយើងមានគឺគួរតែអាចប្រើប្រាស់បានដើម្បីបង្កើនជាចំណូលបន្ថែមទៀត ប្រសើរជាងការបង្កើនទំហំបំណុលដែលនាំឱ្យអ្នកមានការចំណាយកាន់តែច្រើន។ ឧទាហរណ៍ ប្រសិនបើលោកអ្នកមានប្រាក់សន្សំ អ្នកគួរតែប្រើប្រាស់ដើម្បីធ្វើការវិនិយោគឬបើកអាជីវកម្មដើម្បីបង្កើនជាចំណូលបន្ថែមដល់អ្នក។ ប្រសិនបើអ្នកធ្វើការទិញនូវរថយន្ដ តាមរយៈការបង់រំលស់ ក្រៅពីការចំណាយទៅលើតម្លៃសរុបនៃរថយន្តនោះ លោកអ្នកក៏ត្រូវចំណាយពីលើថ្លៃការប្រាក់ផងដែរ។ យ៉ាងណាមិញ អ្នកត្រូវដឹងថានៅក្រោយពេលដែលអ្នកបានទិញរថយន្តនោះរួច តម្លៃរបស់រថយន្តនោះនឹងធ្លាក់ចុះជាបន្តបន្ទាប់ទៅតាមពេលវេលា។
ការវិនិយោគសំដៅទៅលើការប្រើប្រាស់សាច់ប្រាក់ដើម្បីបង្កើតជាប្រាក់ចំណូលបន្ថែមនាពេលអនាគតឬនិយាយជាសាមញ្ញ គឺការយកលុយដើម្បីបង្កើតលុយ។ បន្ថែមពីលើការដែលមានប្រភពចំណូលតែមួយ អ្នកដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុតែងព្យាយាមសិក្សាស្វែងយល់អំពីវិធីសាស្ត្រ ក៏ដូចជាសម្លឹងមើលឱកាសនិងសក្ដានុពលនៃវិស័យនានាដើម្បីធ្វើការវិនិយោគ ក្នុងការទទួលបានជាប្រភពចំណូលទី២ ឬ ចំណូលអកម្មបន្ថែម។ តាមរយៈការស្គាល់ប្រភេទផ្សេងៗនៃការវិនិយោគ អ្នកនឹងមានសមត្ថភាពស្វែងយល់អំពីភាពចំណេញ និងហានិភ័យនៃការវិនិយោគទាំងនោះ ដែលនាំឱ្យអ្នកនឹងអាចធ្វើការបែងចែកការវិនិយោគរបស់អ្នកឱ្យមានប្រសិទ្ធភាព៕