គន្លឹះនៃការកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើមូលបត្រ

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Ms. Pul Sonyta

Link:

បានបង្ហោះនៅថ្ងៃទី 01-Nov-2018

ការគ្រប់គ្រងហិរញ្ញវត្ថុជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាចម្បងដទៃទៀត ដែលយើងត្រូវជួបប្រទះ ត្រូវដោះស្រាយ និងសម្រេចចិត្តជារៀងរាល់ថ្ងៃ។ រាល់ពេលដែលយើងជួបបញ្ហាហិរញ្ញវត្ថុ ឬមានការខាតបង់ប្រាក់កាក់ដោយប្រការណាមួយ វានឹងធ្វើអោយយើងមានការស្មុគស្មាញ និងប៉ះពាល់ដល់ផែនការអនាគត។ អត្ថបទនេះនឹងបកស្រាយអំពី គន្លឹះនៃការកាត់បន្ថយហានិភ័យ ដោយលើកយកវិធីសាស្រ្តមួយ ស្ដីអំពីការបែងចែកការវិនិយោគ ឬការបែងចែកធនធាន។ ​ការបែងចែកសាច់ប្រាក់របស់យើងទៅលើការវិនិយោគផ្សេងៗគ្នា នឹងជួយឱ្យធនធានរបស់យើងមានកំណើនជានិច្ច ប្រកបដោយចីរភាព ដោយគ្រាន់តែយើងចេះស្វែងយល់ពីវិធីសាស្ត្រក្នុងការបែងចែក ទៅតាមប្រភេទនៃការវិនិយោគផ្សេងៗ ឬការដាក់ប្រាក់ក្នុងធនាគារ។

មនុស្សភាគច្រើនគិតថាការវិនិយោគមានហានិភ័យខ្ពស់ ប៉ុន្តែជាក់ស្ដែង​ តើមាន​មនុស្សប៉ុន្មាននាក់ដឹងថាហានិភ័យជារឿងមួយ ដែលយើងអាចកាត់បន្ថយបាន? នៅពេលដែលយើងវិនិយោគទៅលើភាគហ៊ុនណាមួយ យើងរមែងតែងសង្ឃឹមថានឹងទទួលបានប្រាក់ចំណេញត្រលប់មកវិញ។ តើយើងគួរត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានប្រាក់ចំណេញ ហើយមានហានិភ័យទាប? មានសុភាសិតមួយឡើកឡើងថា ​កុំដាក់ពងមាន់ទាំងអស់ចូលទៅក្នុងកញ្ច្រែងតែមួយ “Do​ not pull all eggs in one basket”​ ដែលបានន័យថា វិនិយោគិនគប្បីធ្វើពិពិធកម្មទៅលើការវិនិយោគរបស់ខ្លួន។​​

ចំពោះការវិនិយោគភាគហ៊ុនវិញ ដើម្បីកាត់បន្ថយហានិភ័យ អ្នកវិនិយោគមិនគួរវិនិយោគទៅលើតែភាគហ៊ុនមួយនោះទេ ពោលគឺត្រូវចេះវិនិយោគលើភាគហ៊ុន​ផ្សេងៗគ្នា។ វិនិយោគិនក៏មិនគួរវិនិយោគលើភាគហ៊ុនច្រើនពេកដែរ ព្រោះវានឹងធ្វើឱ្យចំណាយពេលច្រើនទៅលើការវិភាគក្រុមហ៊ុននីមួយៗ។ ការធ្វើបែបនេះ គឺដើម្បីជួយទប់ទល់ការខាតបង់ពីការវិនិយោគ ដែលនៅពេលថ្លៃភាគហ៊ុនមួយធ្លាក់ចុះ ថ្លៃភាគហ៊ុនផ្សេងទៀតប្រហែលជាកើនឡើង ដូច្នេះវិនិយោគិននៅតែអាចទទួលបានប្រាក់ចំណេញ ឬក៏មិនមានការបាត់បង់ច្រើននោះទេ។

វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនអំពីការបែងចែកការវិនិយោគនេះ នៅពេលដែលភាគហ៊ុន ដែលគេវិនិយោគនោះមិនស្ថិតនៅក្នុងវិស័យតែមួយ ឬស្រដៀងគ្នា ឬថ្លៃភាគហ៊ុនប្រែប្រួលជាទូទៅមិនស្របតាមទិសដៅជាមួយគ្នា។ នៅពេលដែលភាគហ៊ុនពីរមានទំនាក់ទំនងវិជ្ជមានជាមួយគ្នា ភាគហ៊ុនក្រុមហ៊ុនទាំងពីរនឹងឡើងថ្លៃ ឬធ្លាក់ចុះនៅក្នុងពេលតែមួយ។ ឧទាហរណ៍ជាក់ស្ដែងដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង កំពង់ផែស្វយ័តភ្នំពេញមាន​ស្ថិតនៅក្នុងវិស័យសេវាផែរជាមួយគ្នា ដែលធ្វើឱ្យថ្លៃភាគហ៊ុននៃក្រុមហ៊ុនទាំងពីរជាទូទៅប្រែប្រួលក្នុងទិសដៅស្របគ្នា។ ផ្ទុយទៅវិញ ក្រុមហ៊ុនហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល(ខេមបូឌា) និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្ថិតនៅក្នុងវិស័យផ្សេងគ្នា និងមិនមានទំនាក់ទំនងគ្នាទេ ដោយសារតែការឡើងចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអន្តរជាតិហ្គ្រេនធ្វីន មិនបានប៉ះពាល់ដល់តម្លៃភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឡើយ។ ក្នុងករណីនេះ វិនិយោគិនអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីការបែងចែកទុនក្នុងការវិនិយោគ។