តើគួរវិនិយោគលើភាគហ៊ុន ឬ សញ្ញាប័ណ្ណ?

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: Ms. Pul Sonyta

Link:

បានបង្ហោះនៅថ្ងៃទី 19-Nov-2018

 

នៅពេលក្រុមហ៊ុនមួយចង់ពង្រីកមុខជំនួញរបស់ខ្លួន គេអាចធ្វើការបង្កើនដើមទុន តាមរយៈការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល នៅលើទីផ្សារមូលបត្រ។

ភាគហ៊ុន បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធរបស់ក្រុមហ៊ុនមួយ។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនមួយ មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនអោយកាន់តែធំ ក្រុមហ៊ុននឹងលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ ដើម្បីទទួលបានសាច់ប្រាក់យកមកវិនិយោគបន្ថែមលើអាជីវកម្មរបស់ខ្លួន។ ចំពោះអ្នកដែលទិញភាគហ៊ុន គឺមានន័យថាគាត់នឹងក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននោះ។ ការវិនិយោគលើភាគហ៊ុន វិនិយោគិននឹងទទួលបានប្រាក់ចំនេញបន្ថែម ​ដែលជាភាគលាភពីក្រុមហ៊ុន។ ជាទូទៅ ក្រុមហ៊ុនចែកភាគលាភ ឬ ប្រាក់ចំនេញ ទៅវិនិយោគិនរបស់ខ្លួន អាស្រ័យទៅតាមគោលការណ៍បែងចែកប្រាក់ចំនេញ របស់ក្រុមហ៊ុននីមួយៗ។ មិនត្រឹមតែប៉ុណ្ណោះ វិនិយោគិនគឺនឹងទទួលបានប្រាក់ចំនេញពីការលក់ភាគហ៊ុនរបស់ខ្លួននៅពេលដែលថ្លៃរបស់ភាគហ៊ុនកើនឡើង។

អត្ថបទអានបន្ថែម:  អត្ថប្រយោជន៍នៃទីផ្សារភាគហ៊ុន

សញ្ញាប័ណ្ណ ក៏ជាវិធីមួយដ៏ល្អមួយ ដែលក្រុមហ៊ុនអាចប្រើសម្រាប់ប្រមូលមូលធនផងដែរ។ និយាយអោយខ្លី សញ្ញាប័ណ្ណ គឺប្រៀបដូចជាបំណុល។ នៅពេលដែលក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណ ប្រៀបដូចទៅនឹងក្រុមហ៊ុនធ្វើការខ្ចីបំណុលពីវិនិយោគិន ហើយសន្យាថានឹងសងត្រលប់ទៅវិញក្នុងរយៈពេលជាក់លាក់មួយជាមួយនឹងការ​ប្រាក់ផងដែរ។

ឧទាហរណ៍ ប្រសិនបើមូលបត្របំណុលមួយ មានតម្លៃចារិក១ពាន់ដុល្លារ ដែលមានកាលកំណត់៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់៤ភាគរយក្នុង១ឆ្នាំ ហើយក្រុមហ៊ុនសន្យាថានឹងបង់ការប្រាក់អោយម្ចាស់បំណុលពីរដងក្នុងមួយឆ្នាំ។ ដូចនេះ វិនិយោគិននឹងទទួលបានការប្រាក់ ៤០ដុល្លារយ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំ។ ដល់កាលកំណត់ វិនិយោគិននឹងទទួលបានប្រាក់ដើម (១ពាន់ដុល្លារ) ត្រលប់មកវិញ ហើយការប្រាក់សរុបដែលអ្នកចំណេញពីការវិនិយោគលើសញ្ញាប័ណ្ណនេះ គឺ២០០ដុល្លារ។        

តើការវិនិយោគមួយណាដែលប្រសើរសម្រាប់អ្នក ភាគហ៊ុន ឬក៏សញ្ញាប័ណ្ណ?

ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ។ ​ការវិនិយោគទៅលើប្រភេទមូលបត្រណាមួយក៏ដោយ តម្រូវឱ្យវិនិយោគិនត្រូវមានចំណេះដឹង​ផ្នែកវិនិយោគ ក៏ដូចជាយល់ដឹងអំពីហានិភ័យនៃការវិនិយោគ និងស្វែងរកវិធីក្នុងការបន្ថយហានិភ័យផងដែរ។

  - យល់ដឹងពីហានិភ័យនៃការវិនិយោគ

មុននឹងសម្រេចចិត្តជួញដូរភាគហ៊ុន វិនិយោគិនត្រូវយល់ដឹងពីហានិភ័យក្នុងទីផ្សារភាគហ៊ុនជាមុនសិន ព្រោះឱកាសចំណេញកាន់តែខ្ពស់ ឱកាសខាតក៏កាន់តែខ្ពស់ ដូចនេះហើយ វិនិយោគិនគប្បីស្វែងយល់ជាមុនថា ខ្លួនអាចទទួលយកហានិភ័យបានត្រឹមកម្រិតណា។ ប្រសិនបើគាត់អាចទទួលយកនូវហានិភ័យបានខ្ពស់ គាត់អាចធ្វើការវិនិយោគទៅលើភាគហ៊ុន ព្រោះថ្លៃភាគហ៊ុនខ្លះមានភាពប្រែប្រួលខ្លាំង ដែលគាត់អាចធ្វើការទិញទុកនៅពេលថ្លៃទាប និងលក់ចេញពេលថ្លៃកើនឡើង។ ប្រសិនបើគាត់ចង់វិនិយោគបែបហានិភ័យទាប គាត់អាចជ្រើសរើសវិនិយោគទៅលើសញ្ញាប័ណ្ណ ព្រោះនៅពេលចុងគ្រា គាត់អាចទទួលបាននូវប្រាក់ដើមមកវិញ និងចំណេញទៅលើការប្រាក់ផងដែរ។

  - មានចំណេះដឹងខាងវិនិយោគ

មុនពេលវិនិយោគអ្នកវិនិយោគគួរមានចំណេះដឹងអំពីការវិនិយោគដូចជាការស្រាវជ្រាវអំពីក្រុមហ៊ុនដែលបានចុះបញ្ជីនិងរៀនវិធីសាស្ត្រវិភាគជាដើម។

អត្ថបទអានបន្ថែម: គន្លឹះនៃការវិនិយោគសម្រាប់វិនិយោគិនថ្មី

  - ធ្វើពិពិធកម្មការវិនិយោគរបស់អ្នក

ដើម្បីកាត់បន្ថយហានិភ័យអ្នកអាចធ្វើពិពិធកម្មផលប័ត្រវិនិយោគរបស់អ្នកដោយការវិនិយោគទៅលើមូលបត្រផ្សេងៗក្នុងពេលតែមួយ។

អត្ថបទអានបន្ថែម: គន្លឹះនៃការកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើមូលបត្រ