សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាត្រូវបានចុះបញ្ជីលក់ជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ:

Link:

បានបង្ហោះនៅថ្ងៃទី 05-Dec-2018

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងផ្តល់សេវាកម្មដល់​អតិថិជននៅ ២៥ ខេត្តរាជធានី ក្នុង​ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមការជួញដូរសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែល​មាន​ឈ្មោះថា “សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នៅផ្សារមូលបត្រកម្ពុជា។ សញ្ញាបណ្ណនេះ នឹងត្រូវបានជួញដូរក្រោមនិមិត្តសញ្ញាផ្សារមូលបត្រកម្ពុជា  “HKL21A” ។

បន្ទាប់ពីការចុះបញ្ជីលក់ជាផ្លូវការនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ វិនិយោគិនរូបវន្តបុគ្គល​ អាចដាក់សំណើទិញ ឬលក់ សញ្ញាបណ្ណនេះតាមរយៈឈ្មួញជើងសាមូលបត្ររបស់ខ្លួន ដែលដំណើរការ​នៃ​ការ​ជួញដូរនេះប្រហាក់ប្រហែលនឹងដំណើរការនៃការជួញដូរមូលបត្រកម្មសិទ្ធិ ។ តម្លៃចារឹកក្នុងមួយសញ្ញាបណ្ណ គឺ ១០០.០០០ រៀល ជាមួយនឹងអត្រា     គូប៉ុង (អត្រាការប្រាក់) ៨,៥០% ក្នុងមួយឆ្នាំ ។ តម្លៃនៃសញ្ញាបណ្ណ អាចនឹងប្រែប្រួលផ្អែកលើតម្រូវការទីផ្សារ (ទិញ និងលក់) និងអត្រាការប្រាក់នៃផលិតផលដូចជាប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំ ។ ការវិនិយោគ​លើសញ្ញា​បណ្ណ អាចទទួល​បាន​ប្រាក់ចំនេញ ឬខាតមូលធន ដោយ​ផ្អែក​លើ​តម្លៃសញ្ញាបណ្ណ បន្ថែមលើការទទួលបានអត្រាគូប៉ុង ៨,៥០% ក្នុងមួយឆ្នាំ (ទូទាត់រៀងរាល់ឆមាស) រហូតដល់ឥណប្រតិទាននៅឆ្នាំ ២០២១ (សញ្ញាបណ្ណនេះមានរយៈពេល ៣​ ឆ្នាំ គិតចាប់ពី ថ្ងៃទី ១៤ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១)។

ហត្ថាកសិករ បានបង្កើតនូវប្រវត្តិសាស្រ្ត ដោយបោះផ្សាយសញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា នៅថ្ងៃទី ១៤  ខែ វិច្ឆិកា ឆ្នាំ ២០១៨។ ទំហំសរុបនៃការបោះផ្សាយគឺ ១២០ ពាន់លានរៀល (ប្រហែល ៣០ លានដុល្លារអាមេរិក) ដោយ​មាន​ការ​ចូលរួមធ្វើបរិវិសកម្មពីសំណាក់វិនិយោគិនស្ថាប័នក្នុងស្រុក និងក្រៅស្រុក។ ការដាក់ឲ្យដំណើរការផ្សារមូលបត្របំណុលនេះ នឹងផ្តល់នូវប្រភពមូលនិធិថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងជាជម្រើសវិនិយោគថ្មីមួយទៀតសម្រាប់វិនិយោគិន។

ហត្ថាកសិករ រំពឹងថាសាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណ នឹងត្រូវប្រើប្រាស់ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន រួមទាំងជាទុនបង្វិល និងសម្រាប់ចំណាយមូលធនរបស់ក្រុមហ៊ុន។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាបណ្ណនេះ នឹងជួយគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅតាមជនបទ ដែលរួមមានសហគ្រិនជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុទទួលបាន​អាជ្ញាបណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើសន្សំពីសាធារណៈជន ដែល​ស្ថិត​ក្រោម​ច្បាប់​ និងបទបញ្ញត្តិគ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុនៃ​ព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹម​ឆ្នាំ ២០១៧ ប្រាក់ចំណេញសុទ្ធរបស់ហត្ថាកសិករ មាន​ចំនួន ១៥,៣៦ លាន​ដុល្លារអាមេរិក និងទ្រព្យសកម្មសរុបចំនួន៦៩១,០១ លានដុល្លារអាមេរិក។