ផ្សារហ៊ុនជួញដូរនូវបរិមាណច្រើនបំផុតមិនធ្លាប់មានពីមុនមកជាមួយការជួញដូរតាមការចរចា

ប្រភពព័ត៌មាន:

អ្នកសសេរអត្ថបទ: ផ.ម.ក.

Link:

បានបង្ហោះនៅថ្ងៃទី 25-Dec-2018

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ផ្សារមូលបត្រកម្ពុជាមានការជួញដូរភាគហ៊ុនសរុបចំនួន ២.១៥០.៥៣៥ ភាគហ៊ុន  ដែលជាតួលេខខ្ពស់បំផុត​គិតចាប់ពីពេលដាក់ឲ្យ​ដំណើរការទីផ្សារកាលពីឆ្នាំ២០១២។ កំណត់ត្រាជួញដូរច្រើនបំផុតកន្លងមកគឺមាន​ចំនួន ៩៣៩.៤៩៨ ភាគហ៊ុន កាលពីថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៧។

កាលពីព្រឹកថ្ងៃដដែលនេះផងដែរ ភាគហ៊ុនទាំងប្រាំសុទ្ធតែមានការ​ជូញដូរ  ប៉ុន្តែ​៩៩%នៃទំហំ ជួញដូរសរុប គឺជារបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ  ការជួញដូរនូវបរិមាណដ៏ច្រើននេះ ស្ទើរតែទាំងអស់ គឺជា​ការជួញដូរតាមការចរចា លើភាគហ៊ុន​ PAS ដែលមាន​ចំនួន ២.១៤៤.៣០០ ភាគហ៊ុន ដោយមាន​ក្រុមហ៊ុន​មូលបត្រ​ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ជា​ឈ្ញួញជើងសារ ខណៈដែលបរិមាណដែលនៅសល់​គឺជា ការ​ជួញដូរតាមវិធីសាស្ត្រដេញថ្លៃ។ នេះគឺជាលើកទីពីរ​ហើយដែលវិធីសាស្ត្រជួញដូរតាមការចរចាត្រូវបានប្រើប្រាស់ ចាប់តាំងពីពេលដាក់អោយដំណើរការជាផ្លូវការនាដើមឆ្នាំនេះ ដោយលើកទី១ត្រូវបានប្រើប្រាស់ក្នុងការជួញដូរលើភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែល​មានបរិមាណសរុប​ ៧៣.០៩៨ ភាគហ៊ុន កាលពីខែមេសា ឆ្នាំ២០១៨ ។

សូមរំលឹកឡើងវិញផងដែរថា វិធីសាស្ត្រជួញដូរតាមការចរចា គឺជាវិធីសាស្ត្រថ្មីមួយដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងផ្សារមូលបត្រ​កម្ពុជា​កាលពីខែមករា ឆ្នាំ២០១៨ បន្ថែមទៅលើវិធីសាស្ត្រជួញដូរតាមការដេញថ្លៃ​ដែលមាន​ស្រាប់​។ វិធីសាស្ត្រជួញដូរតាមការចរចា អនុញ្ញាតឲ្យវិនិយោគិនអាចទិញ ឬលក់ភាគហ៊ុន ឬសញ្ញាបណ្ណក្នុងទំហំធំជាមួយដៃគូរបស់​ខ្លួននៅថ្លៃដែលបានចរចាគ្នារួចជាស្រេច ​ដោយគ្រាន់តែធ្វើការដាក់​បញ្ជានិង​ផ្គូផ្គងជាមួយគ្នា​នៅ​ក្នុង​ប្រព័ន្ធជួញដូរ​របស់​ទីផ្សារ​។ រីឯវិធីសាស្ត្រជួញដូរតាមការដេញថ្លៃ គឺជាវិធីសាស្ត្រជួញដូរដែលវិនិយោគិនត្រូវ​ ដាក់បញ្ជាទិញ និងលក់មូលបត្ររបស់ពួកគេទៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ដើម្បីផ្គូផ្គងដោយផ្អែកតាម​វិធានជួញដូររបស់ទីផ្សារ​និង​គោលការ​អាទិភាពនៃការ​ដេញថ្លៃគឺ​ថ្លៃនិង​ពេលវេលា។