នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីជាលើកទី២ ក្រោមប្រធានបទ “យុទ្ធសាស្ត្រគ្រប់គ្រងអាជីវកម្មប្រកបដោយចីរភាព” នៅអគារផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និង ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងនៃក្រុមហ៊ុនចុះបញ្ជីជាច្រើនរូបផងដែរ។ វេទិកានេះត្រូវបានរៀបចំក្នុងគោលបំណងបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើក្រុមហ៊ុនចុះបញ្ជី តាមរយៈការជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុ ក៏ដូចជាទិសដៅអភិវឌ្ឍក្រុមហ៊ុនរយៈពេលខ្លី និងមធ្យមផងដែរ។
សិក្ខាសាលានេះត្រូវបានរៀបចំរយៈពេលមួយព្រឹកពេញ ដោយមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សាដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ពីតំណាងរបស់តួអង្គពាក់ព័ន្ធនៅក្នុងទីផ្សារមូលបត្រជាច្រើនរូប រួមមានគណៈកម្មការមូលបត្រកម្ពុជា, ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី, ក្រុមហ៊ុន ហ្គេ្រនធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ព្រមទាំងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី។ តាមរយៈវេទិកានេះ វាគ្មិនដែលអញ្ជើញចូលរួម បានធ្វើបទបង្ហាញអំពីដំណើរការគ្រប់គ្រងអាជីវកម្ម ព័ត៌មានសំខាន់ៗទាក់ទងនឹងអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ សក្តានុពលនៃការរីកចម្រើនទាំងក្រុមហ៊ុន និងវិស័យ ព្រមទាំងកត្តាអាទិភាពផ្សេងៗ ក្នុងការអភិវឌ្ឍក្រុមហ៊ុនរបស់ខ្លួនប្រកបទៅដោយចីរភាព ព្រមទាំងមានវេទិកាពិភាក្សាដែលទទួលបានការផ្តល់កិត្តិយសក្នុងការសម្របសម្រួលពីឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាផងដែរ។
វេទិកាក្រុមហ៊ុនចុះបញ្ជីនេះបានបញ្ចប់ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនដែលជាសមាជិករបស់ផ្សារមូលបត្រកម្ពុជា ក៏ដូចជាវិនិយោគិនសក្ដានុពលទាំងបុគ្គលនិងស្ថាប័ន ដែលអញ្ជើញមកពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗប្រមាណ៨០រូប។ គួរបញ្ជាក់ផងដែរថា វេទិកានេះនឹងត្រូវរៀបចំចំនួន៥ដងក្នុងមួយឆ្នាំ ដោយវេទិកាប្រចាំត្រីមាសនឹងត្រូវរៀបចំឡើងនៅអគារផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ក្នុងការរៀបចំវេទិកាប្រចាំត្រីមាស នឹងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនចុះបញ្ជីចំនួនពីរ ឬបី ហើយវេទិកាប្រចាំឆ្នាំវិញ នឹងមានការចូលរួមពីក្រុមហ៊ុនចុះបញ្ជីទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យមូលបត្រផងដែរ៕