នៅព្រឹកថ្ងៃពុធ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំសន្និសិទសារព័ត៌មានមួយ ស្តីពី យុទ្ធសាស្រ្តជួញដូរភាគហ៊ុន ដើម្បីក្លាយជាជ័យលាភីកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនដើម្បីអនុញ្ញាតិឱ្យជ័យលាភីកំពូលទាំង ៣រូប នៃកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុនលើកទី ៣ បានចែករំលែកយុទ្ធសាស្រ្តជួញដូរ ដើម្បីទទួលបានអត្រាចំណេញខ្ពស់។ កម្មវិធីនេះ ត្រូវបានចូលរួមដោយអ្នកសារព័ត៌មាន និងសាធារណជនយ៉ាងច្រើនកុះករ ព្រមទាំងមានការពិភាក្សាពីយុទ្ធសាស្ត្រជួញដូរប្រកបដោយភាពផ្លែផ្កា និងភាពរីករាយ។
លោក ហា ចុងវ័ន (HA Jong Weon) អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានថ្លែងថា៖ ការវិនិយោគទៅលើភាគហ៊ុនជាជម្រើសដ៏ប្រសើរបំផុត ដោយទីផ្សារភាគហ៊ុនមានការគ្រប់គ្រងត្រឹមត្រូវ និងមានភាពអំណោយផលច្រើនដល់វិនិយោគិន ដូចជាការវិភាគមិនមានភាពស្មុគស្មាញ និងអាចវិនិយោគតាមលទ្ធភាព ដែលខ្លួនមាន។ លោកបានបន្តថា ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន វិនិយោគិនគប្បីយល់ដឹងជាមុនទៅលើស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន និងការគ្រប់គ្រងរបស់ក្រុមហ៊ុន។ វិនិយោគិន ត្រូវរៀនវិភាគថា ថ្លៃភាគហ៊ុនបច្ចុប្បន្ន មានសភាពខ្ពស់ ឬទាប បើធៀបទៅនឹងប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន ក៏ដូចជាភាគលាភ ដែលក្រុមហ៊ុននឹងបែងចែក។ លោកបានបន្តថា ការ វិនិយោគក្នុងរយៈពេលមធ្យមទៅ វែង នឹងជួយឱ្យអត្រាជោគជ័យក្នុងទីផ្សារភាគហ៊ុនកាន់តែខ្ពស់ ព្រោះថ្លៃភាគហ៊ុននឹងប្រែប្រួលទៅរកតម្លៃពិត (Fair Value) នៅរយៈពេលវែង។
ថ្លែងក្នុងពិធីនេះ លោក ទៀង ឆ្នើម ជ័យលាភីជើងឯក ដែលទទួលបានអត្រាចំណេញរហូតដល់ ២៤៧,៥១%បានចែករំលែកពីយុទ្ធសាស្រ្តរបស់លោកយ៉ាងដូចនេះថា៖ ដើម្បីជួញដូរបានអត្រាចំណេញខ្ពស់ យើងត្រូវសង្កេតមើលទីផ្សារជាប្រចាំ ហើយត្រូវវិភាគអំពីទំនោររបស់អ្នកទិញ និងអ្នកលក់ផ្សេងទៀត ដើម្បីដឹងថា ថ្លៃភាគហ៊ុននឹងអាចកើនឡើង ឬធ្លាក់ចុះ។ ទន្ទឹមនឹងនេះ យើងត្រូវតាមដានព័ត៌មានជាប្រចាំ ព្រោះថ្លៃភាគហ៊ុនមានទំនាក់ទំនងជាមួយនឹងព័ត៌មាន អាជីវកម្មរបស់ក្រុមហ៊ុន។ លោកស្រី សោម នី ជ័យលាភីចំណាត់ថ្នាក់លេខ ២ ដែលទទួលបានអត្រាចំណេញ ៩៤,៨២% បានមានប្រសាសន៍ថា៖ ចំពោះលោកស្រីផ្ទាល់ ការវិនិយោគលើភាគហ៊ុន យើងត្រូវដឹងច្បាស់ពីស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ជាក់ស្តែង លោកស្រីទទួលបានអត្រាចំណេញខ្ពស់ដោយលោកស្រីបានវិនិយោគទៅលើភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា លោកស្រីបានមើលឃើញពីសក្តានុពលអាជីវកម្មរបស់កំពង់ផែអន្តរជាតិមួយនេះ និងសមត្ថភាពរបស់គណៈគ្រប់គ្រង ដែលលោកស្រីជឿជាក់ថាប្រាក់ចំណេញរបស់កំពង់ផែនឹងកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះលោក ឡាក់ ហុង ដែលជាជ័យលាភីចំណាត់ថ្នាក់លេខ ៣ ទទួលបានអត្រាចំណេញ ៩១,៩២% បានរៀបរាប់ថា៖ ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារភាគហ៊ុន លោកបានពិនិត្យ និងវិភាគលើ៣ចំនុចធំៗ រួមមាន ១.សក្តានុពលរបស់ក្រុមហ៊ុន ២.របាយការណ៏ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ៣.ផែនការអភិវឌ្ឍន៍ទៅថ្ងែអនាគតរបស់ក្រុមហ៊ុន។ លោកបានពន្យល់បន្ថែមថា៖ សក្តានុពលរបស់ក្រុមហ៊ុន គឺសំដៅទៅលើស្ថានភាពអាជីវកម្មបច្ចុប្បន្នរបស់ក្រុមហ៊ុន រួមផ្សំជាមួយនឹងស្ថានភាព សេដ្ឋកិច្ច ដែលនឹងកំណត់ពីភាពល្អប្រសើរ ឬធ្លាក់ចុះនៃអាជីវកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ មុននឹងសម្រេចចិត្តវិនិយោគ វិនិយោគិនគប្បីមានការសិក្សាជាមុនអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ ដោយត្រូវពិនិត្យលើ ទ្រព្យសកម្មសរុប បំណុលសរុប មូលធនសរុប ចំណូល និងចំណាយ ដើម្បីឱ្យដឹងពីទ្រព្យសម្បត្តិ និងសមត្ថភាពពិតរបស់ក្រុមហ៊ុន។ ផែនការ អភិវឌ្ឍន៍ទៅថ្ងៃអនាគតរបស់ក្រុមហ៊ុន គឺជាកត្តាសំខាន់ទី ៣ ដែលធ្វើឱ្យថ្លៃភាគហ៊ុនមានការកើនឡើងខ្លាំងនាពេលអនាគត ប្រសិនបើក្រុមហ៊ុនមានការអភិវឌ្ឍជាលំដាប់។
សន្និសិទសារព័ត៌មានត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ ប្រកបដោយភាពស្និតស្នាល ដែលអ្នកចូលរួមបានបង្ហាញពីភាពជឿជាក់មកលើការវិនិយោគភាគហ៊ុន៕